ខេត្តប៉ៃលិន ៖ ចោរមួយក្រុមមានគ្នាប្រហែល៤ទៅ៥នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមពាក់ម៉ាសមុខជិតបានធ្វើសកម្មភាពភ្ជង់ប្លន់ម្ចាស់ផ្ទះពីរនាក់ប្តី ប្រពន្ធដែលកំពុងដេកនៅលើផ្ទះយកអស់ប្រាក់ចំនួន១១ម៉ឹនបាត ហើយគេចខ្លួនបាត់អស់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២២ កុម្ភៈ ២០១៤ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ម្ចាស់ផ្ទះរងគ្រោះត្រូវគេស្គាល់បុរសជាប្តីឈ្មោះនេត សំអន ហៅចក់ អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះជា ស៊ូណៃ អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិពង្រ ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ប្រាក់ដែលចោរលួចទៅនេះជាប្រាក់ដែលគាត់ទើបនឹងខ្ចីពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមួយកាលពីថ្ងៃទី២១ កុម្ភៈ ២០១៤ ដើម្បីយកទៅជួលត្រាក់ទ័រ និងរកឈ្នួលដាំដំឡូងមីក្នុងចំការបន្តទៀត ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១-២០១២ នៅក្នុងភូមិអូររអិលក៏មានករណីប្លន់ប្រដាប់អាវុធផ្ទះប្រជាពលរដ្ឋម្តងរួចហើយដែរ ដោយយកលុយអស់ជាច្រើន គឺក្រុមចោរមានគ្នាប្រហែល៤ទៅ៥នាក់ដូចគ្នាដែរ ។ ទាក់ទិននឹងករណីប្លន់ម្តងនេះទៀត សមត្ថកិច្ចសង្ស័យថា ជាមុខសញ្ញាចាស់ ព្រោះរដូវប្រមូលផលខណៈសមត្ថកិច្ច និងប្រជាពលរដ្ឋភ្លេចខ្លួន ពួកគេតែងឆ្លៀតឱកាសចូលប្លន់បែបនេះ៕
ចែករំលែកព័តមាននេះ