ខេត្តតាកែវ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៤ បានធ្វើមហាសន្និបាតលើកទី៨ របស់ខ្លួន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ជាតិ ទន្លេបាទី ខេត្តតាកែវ ។ នៅក្នុងមហាសន្និបាតនោះមានការបោះឆ្នោតជ្រើសរើសប្រធាន១រូប អនុប្រធាន១រូប និងគណៈកម្មាធិការប្រតិបត្តិចំនួន២រូប ដើម្បីបន្តដឹកនាំអាណត្តិថ្មី (២០១៤-២០១៨) ក្នុងគោលដៅពង្រីកវិសាលភាពកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែខ្លាំងដូចបណ្តាប្រទេសក្នុងតំបន់ ។ មហាសន្និបាតដែលមានការចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីមកពីសមាគម ក្លិបកីឡាបាល់ទាត់ជាច្រើននាក់ទៀត បានបោះឆ្នោតជ្រើសរើសលោកសៅ សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកខៀវ សាម៉េត ជាអនុប្រធាន និងលោកឌី វិជ្ជា និងលោកតែម ម៉ឺន ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិថ្មី លោកសៅ សុខា បានឱ្យដឹងថា សម្រាប់អាណត្តិថ្មីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែមានភាពរីកចម្រើន ដោយបានបង្កើតឱ្យមានមជ្ឈមណ្ឌលបាល់ទាត់ជាតិ និងកម្មវិធីសាលាបណ្តុះបណ្តាលបាល់ទាត់ ដោយធ្វើការជ្រើសរើសយុវជនដែលមានទេពកោសល្យមកពីបណ្តាខេត្ត ក្រុងចំនួន២០នាក់ឱ្យចូលរួមក្នុងកម្មវិធីសាលាកីឡាបាល់ទាត់ជាតិ ដែលជាគម្រោងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពង្រីកបន្ថែមទៀតនូវវិសាលភាពការប្រកួតបាល់ទាត់មិត្តហ្វូនខេបូឌានលីកឱ្យមានការចូលរួមដល់១២ក្រុម ។ ជាពិសេស សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានដាក់ផែនការរៀបចំការប្រកួតលក្ខណៈជាតិមួយទៀត គឺការប្រកួតពានរង្វាន់ព្រះមហាក្សត្រ (King Cup) ដោយយកក្រុមដែលទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ មកធ្វើការប្រកួត ហើយសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកបាល់ទាត់ស្ត្រីក្តី ក៏ត្រូវលើកកម្ពស់បន្ថែមទៀត ហើយសហព័ន្ធក៏មានគម្រោងចូលរួមការប្រកួតបាល់ទាត់លើឆ្នេរខ្សាច់នៅប្រទេសថៃនាខែវិច្ឆិកាខាងមុខនេះផងដែរ ។
លោកប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានលើកឡើងពីបញ្ហាមួយចំនួនដែលសហព័ន្ធកំពុងជួបប្រទះផងដែរដូចជា ការផ្ទេរកីឡាករពីក្លិបមួយទៅក្លិបមួយ, បញ្ហាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ និងបញ្ហាអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ ។ ដូច្នេះដើម្បីឱ្យកីឡាបាល់ទាត់ដើរទៅមុខបាន យើងត្រូវដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ ព្រោះថាបញ្ហាប្រឈមដែលបានកើតឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃទាមទារនូវការចូលរួមពេញទំហឹងពីសំណាក់សមាជិកសហព័ន្ធកីឡាបាល់ទាត់ទាំងអស់ ។ ទោះបីជាយ៉ាងណា លោកសម្តែងនូវការជឿជាក់ថា ការអនុវត្តខ្ជាប់ខ្ជួននូវផែនការច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ យើងប្រាកដជាអាចជម្នះនូវឧបសគ្គទាំងឡាយនេះបានធ្វើឱ្យវិស័យបាល់ទាត់ឈានឆ្ពោះទៅមុខដណ្តើមមោទនភាពជូនជាតិមាតុភូមិយើងជាក់ជាពុំខាន ៕
ចែករំលែកព័តមាននេះ