រាជធានីភ្នំពេញ ៖រថយន្តម៉ាកអ៊ីនធើរណាសូណាល់ដឹកប្រេងឥន្ធនៈមួយគ្រឿងបើកលឿនពេកសង្ស័យអ្នកបើកបរងងុយដេកបានជ្រុលទៅបុកចំកង់ក្រោយរថយន្តម៉ាកហ៊ីណូដឹកស៊ីម៉ង់ត៍មួយគ្រឿងទៀតបណ្តាលឱ្យដាច់កង់មុខខាងឆ្វេង១ និងដាច់រយះមុខខ្លួនឯងអស់១ចំហៀង តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៣ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកប្រេងឥន្ធនៈធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តម៉ាកហ៊ីណូដឹកស៊ីម៉ង់ត៍ធ្វើដំណើរបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកប្រេងរេចង្កូតទៅបុកចំកង់ក្រោយរថយន្តដឹកស៊ីម៉ង់ត៍ពេញទំហឹងបណ្តាលឱ្យរងការខូចខាតដាច់កង់ក្រោយ និងរយះមុខយ៉ាងដំណំតែម្តង។
ក្រោយកើតហេតុតំណាងក្រុមហ៊ុនប្រេងឥន្ធនៈបានយករថយន្តស្ទូចមកស្ទូចរថយន្តដឹកប្រេងទៅធ្វើការជួសជុលដោយខ្លួនឯង និងបានសម្របសម្រួលគ្នាជាមួយតំណាងរថយន្តដឹកស៊ីម៉ង់ត៍ដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ