រាជធានីភ្នំពេញ ៖ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចឆត្រយោង៩១១ បានធ្វើឱ្យ ផាន់ គ្រាន់ មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាញ់ពិន្ទុទាំងមិនអស់ចិត្តឡើយសម្រាប់ការប្រកួតវគ្គជម្រុះវិលជុំឈានទៅដណ្តើមខ្សែក្រវាត់ជើងឯកស្រាបៀរលីអូ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀន CTN កាលពីថ្ងៃសៅរ៍ ទី២២ កុម្ភៈ ខណៈ ខុន ស៊ីចាន់ មកពីក្លិបបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ យកឈ្នះពិន្ទុ នឿន សាវឌី មកពីក្លិបអេភូថងកីឡាទាំងវេទនាបំផុត ។
ជុំវិញការយកឈ្នះរបស់កីឡាករឡៅ ចន្ទ្រា ទៅលើកីឡាករផាន់ គ្រាន់ លើកនេះធ្វើឱ្យលោកផាន់ ផាណាត ដែលជាគ្រូបង្ហាត់របស់ក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនសប្បាយចិត្តឡើយ ថែមទាំងមានគម្រោងចង់ធ្វើពាក្យប្តឹងទៅសហព័ន្ធកីឡាប្រដាល់ ដើម្បីរកយុត្តិធម៌ឱ្យ ផាន់ គ្រាន់ ទៀតផង ។ ប៉ុន្តែក្រោយមកដោយសារមានការសម្របសម្រួលពីលោកគ្រូចាស់ៗ លោកផាន់ ផាណាត បានរំសាយចិត្តឈប់ប្តឹងវិញទៅ ។ ការជួបគ្នារវាងគូនេះអ្នកទស្សនាផ្ទាល់មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានធ្វើការតាមដានការប្រកួតយ៉ាងយកចិត្តទុកដាក់ ព្រោះគូនេះសុទ្ធតែមានបច្ចេកទេស និងល្បិចប្រកួតនៅលើសង្វៀនក្រាស់ឃ្មឹកពេញខ្លួនដូចគ្នា ។ នៅទឹកទី១ និងទី២ ទាំងសងខាងបានបើកការវាយលុកដាក់គ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ។ ឡៅ ចន្ទ្រា បានដើរចូលម៉ាត់ចូលមុខ ផាន់ គ្រាន់ ពេញៗ ឯ ផាន់ គ្រាន់ បានត្រឹមតែទាត់សងវិញភ្លាមៗ មិនអាចបញ្ចេញស្នៀតកែង និងជង្គង់បានដោយសារសម្រុកចូលកៀកមិនកើត ព្រោះរាល់ពេលដើរចូលម្តងៗ ត្រូវ ឡៅ ចន្ទ្រា ធាក់ឱ្យខ្ទាតចេញរហូត ។ ចូលដល់ទឹកទី៣ ផាន់ គ្រាន់ បានស្ទុះចូលកៀកទាត់ និងម៉ាត់ទៅលើ ឡៅ ចន្ទ្រា សាជាថ្មី តែមិនទទួលបានផល គេក៏បានប្តូរមកទាត់ជើងក្រោមវិញ ហើយពេលដែល ឡៅ ចន្ទ្រា ដួល គេបានបុកមួយជង្គង់ត្រូវចំចង្កាបណ្តាលឱ្យ ឡៅ ចន្ទ្រា ចុកចាប់ស្ទើរតែមិនអាចក្រោកប្រកួតតទៅទៀតបាន ។ បុ៉ន្តែក្រោយពីអាជ្ញាកណ្តាលរាប់៨ហើយលោកម៉ា សេរី ដែលជាអ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍ CTN បានព្យាយាមជំរុញឱ្យ ឡៅ ចន្ទ្រា ប្រកួតបន្តទៀត ទើប ឡៅ ចន្ទ្រា ខំប្រឹងក្រោកប្រកួតទាំងត្រដរ ។ លោកម៉ា សេរី ធ្វើបែបបនេះដោយសារលោកមិនចង់ឱ្យ ឡៅ ចន្ទ្រា ឈ្នះដោយការស៊ីឡាកនោះទេ លោកចង់ឱ្យគេប្រកួតរហូតចប់ទឹកទី៥ និងចាញ់ឈ្នះតាមសមត្ថភាពបច្ចេកទេសពិតប្រាកដ ។ អាជ្ញាកណ្តាលលោកអេ ភូថង បានព្រមាន ផាន់ គ្រាន់ ជាលើកទី១ ដោយសារគេមានចេតនាវាយថែមទៅលើ ឡៅ ចន្ទ្រា នាពេលនោះ ។
នៅទឹកទី៤ និងទី៥ ពេលឃើញ ឡៅ ចន្ទ្រា ស្រុតចុះកម្លាំងខ្លាំង ផាន់ គ្រាន់ បានស្ទុះចូលវាយដូចព្យុះ ដោយត្រូវខ្លះ ខុសខ្លះ ធ្វើឱ្យអ្នកមើលមួយចំនួនបូករួមទាំងលោកផាន់ ផាណាត ផងគិតថា ផាន់ គ្រាន់ នឹងក្លាយជាអ្នកឈ្នះនៅក្នុងការប្រកួតលើកនេះមិនខានឡើយ ។ បុ៉ន្តែទីបំផុតអ្វីៗមិនដូចជាការស្មាននោះឡើយ ដោយគណៈកម្មការបានប្រកាសឱ្យ ឡៅ ចន្ទ្រា ឈ្នះពិន្ទុ ធ្វើឱ្យលោកផាន់ ផាណាត មានការមិនសប្បាយចិត្តឡើយ ។ តាមពិត គូនេះបើសិនជាគូប្រកួតមិត្តភាពវិញនោះ គណៈកម្មការរៀបចំការប្រកួតនឹងឱ្យស្មើមិនខាន ។ ផាន់ គ្រាន់ បើមិនមានចេតនាវាយថែមទៅលើ ឡៅ ចន្ទ្រា ទេ នោះ គេប្រាកដជាឈ្នះព្រោះការវាយថែមនោះត្រូវគេដកពិន្ទុ ទើបបណ្តាលឱ្យចាញ់បែបនេះ ។ ពេលនេះ ឡៅ ចន្ទ្រា ជាអ្នកដែលមានពិន្ទុនាំមុខគេជាបណ្តោះអាសន្ន បន្ទាប់ពីគេប្រកួតបាន២លើក ឈ្នះទាំង២លើក មាន៦ពិន្ទុ ចំណែក ផាន់ គ្រាន់ ប្រកួតបាន២លើកដូចគ្នា ឈ្នះ១ ចាញ់១ មាន៤ពិន្ទុ ។
ដោយឡែក ខុន ស៊ីចាន់ ឈ្នះពិន្ទុ នឿន សាវឌី លើកនេះធ្វើឱ្យការប្រកួតទាំង២លើករបស់គេមកនេះចាញ់ម្តង ឈ្នះម្តង មាន៤ពិន្ទុ ចំណែកឯ នឿន សាវឌី ប្រកួតបាន២លើកដូចគ្នា ចាញ់ទាំង២លើក មាន២ពិន្ទុប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ