ប្រភពព័ត៌មានជិតដិតនឹងសន្តិសុខលីបង់រាយការណ៍ថា ទាហានលីបង់២នាក់ និងជនស៊ីវិលម្នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី២២ កុម្ភៈ ក្នុងការវាយប្រហារអត្តឃាតប្រើរថយន្តផ្ទុកគ្រឿងផ្ទុះមួយប្រឆាំងប៉ុស្តិ៍យោធាមួយកន្លែងនៅហ័រមែល ភាគឦសានលីបង់ មិនឆ្ងាយប៉ុន្មានពីព្រំដែនស៊ីរី ។
ក្រុមរណសិរ្សណូស្ត្រានៅលីបង់ ជាក្រុមសកម្មប្រយុទ្ធស៊ុននីតមួយមានទំនាក់ទំនងជាមួយបណ្តាក្រុមដែលប្រយុទ្ធប្រឆាំងប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះ ក្នុងតំបន់របស់ក្រុមហេសប៊ុលឡាហ៍លីបង់ ស្និទ្ធលោកអាសាដ ។
ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ កុម្ភៈ ជាការវាយប្រហារប្រភេទនោះលើកទី៣ហើយ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅតំបន់មានពួកស៊ីអីុតភាគច្រើន ស្ថិតនៅក្បែរព្រំដែនជាមួយសុីរី ។ ការវាយប្រហារលើកនេះ ក្រៅពីអ្នកស្លាប់មនុស្ស១៧នាក់ទៀតត្រូវរបួស ។
ការវាយប្រហារអត្តឃាតមួយកាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមកនេះ នៅក្រុងបៃរូត គឺប្រឆាំងមជ្ឈមណ្ឌលវប្បធម៌អីុរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់៨នាក់ ៕
ចែករំលែកព័តមាននេះ