សភាអ៊ុយក្រែន កាលពីថ្ងៃទី២២ កុម្ភៈ បានដកតំណែងប្រធានាធិបតីលោក វិកទ័រ អីុយ៉ានូ កូវីត ដែលប៉ុនប៉ងរត់គេចខ្លួនចេញពីប្រទេសទៅរុស្ស៊ី ក្នុងការក្រឡាប់ចាក់ខាងនយោបាយមួយ ដែលអបអរសាទរដោយមេដឹកនាំប្រឆាំងលោកស្រី អីុអ៊ូ លីយ៉ា ទីម៉ូ ឆេនកូ ដែលទទួលបានការដោះលែងចេញពីពន្ធនាគារនាថ្ងៃនោះដែរ ។ លោកស្រីប្រកាសពីការដួលរលំរបបផ្តាច់ការមួយនៅអ៊ុយក្រែន ។
សភាអ៊ុយក្រែន ដែលមានកៅអីសរុប៤៥០បានបោះឆ្នោតដោយ៣២៨សំឡេង ប្រឆាំងអសមត្ថភាពខាងរដ្ឋធម្មនុញ្ញរបស់លោក វិក ទ័រ អីុយ៉ា នូវីត ក្នុងការកាន់តំណែងជាប្រមុខរដ្ឋ ។
កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២១ កុម្ភៈ រវាងប្រធានាធិបតី និងបណ្តាមេខ្លោងប្រឆាំងក្រោមការជួយជ្រោមជ្រែងរបស់រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ព្រមទាំងជាមួយជំនួយរបស់រុស្ស៊ី តែកិច្ចព្រមព្រៀងនេះ មានអាយុកាលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។ ក្នុងសភាពការណ៍មួយដែលមានការវិវត្តន៍លឿនបំផុតនោះ បណ្តាសមាជិកសភា បានអនុម័តនាថ្ងៃទី២២ កុម្ភៈ នូវញត្តិមួយដែលធ្វើការកត់សម្គាល់ថា ប្រធានាធិបតី ខ្វះការទទួលខុសត្រូវ ប្រព្រឹត្តខុសពីរដ្ឋធម្មនុញ្ញ ហើយគ្មានសមត្ថភាពក្នុងការកាន់តំណែង ។
លោក អីុយ៉ានូ កូវីត មុននេះបានចាកចេញពីរដ្ឋធានី ភៀសខ្លួនទៅភាគខាងកើតអ៊ុយក្រែន ដែលមានពួកអ្នកនិយាយភាសារុស្សុីភាគច្រើន ដែលនៅទីនោះលោកអាចពឹងលើការគាំទ្ររបស់បណ្តាមេដឹកនាំតំបន់ ។
អាជ្ញាធរព្រំដែនអ៊ុយក្រែន ប្រកាសកាលពីយប់ថ្ងៃទី២២ កុម្ភៈ ថាបានរារាំងការហោះឡើងរបស់យន្តហោះមួយគ្រឿងដែលលោក អីុយ៉ានូ កូវីត ជិះនៅព្រលានយន្តហោះ DONETSK ខណៈលោកប៉ុនប៉ងចាកចេញពីប្រទេស ។ ពួកជនប្រដាប់អាវុធប៉ុនប៉ងគំរាមពួកគយ ដើម្បីអនុញ្ញាតឱ្យយន្តហោះនោះចេញពីទីក្រុងនៅភាគខាងកើតប្រទេសនោះ ។ ប្រឈមមុខនឹងការបដិសេធរបស់អាជ្ញាធរ លោក អីុយ៉ានូ កូវីត ត្រូវចុះពីយន្តហោះ ហើយចេញដំណើរតាមរថយន្ត១គ្រឿងដែលរង់ចាំស្រេច ។ ពុំមានតម្រុយណាដែលផ្តល់ថា តើលោកទៅកាន់ទីណាឡើយ ។
ចំណែកលោកស្រី ទីម៉ូ ឆេនកូ ដែលទទួលការដោះលែង កាលពីថ្ងៃទី២២ កុម្ភៈ ពីមន្ទីរពេទ្យពន្ធនាគារ ជាកន្លែងឃុំឃាំងលោកស្រី ចាប់តាំងពី៣០ខែមកហើយនៅខាគៀវនោះ អះអាងថា ប្រជាជនអ៊ុយក្រែន បានទម្លាក់ជនផ្តាច់ការម្នាក់ ។
ក្រោយការដោះលែង លោកស្រីថ្លែងថា មាតុភូមិយើងនឹងអាចឃើញពន្លឺព្រះអាទិត្យ និងផ្ទៃមេឃជាថ្មី ហើយនាពេលនេះខណៈរបបផ្តាច់ការដួលរលំ ។ លោកស្រីភ្លាមៗចេញដំណើរទៅកាន់រដ្ឋធានីមានចម្ងាយផ្លូវ៤០០គ.ម រួចនាពេលល្ងាចទៅជួបជាមួយមហាជនដែលប្រមូលផ្តុំគ្នានៅទីលានឯករាជ្យ ។
ការដោះលែងអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនោះអាចធ្វើតាមរយៈការដកចេញរបស់សភានូវមាត្រាមួយនៃច្បាប់ព្រហ្មទណ្ឌ ដែលនាំទៅដល់ការកាត់ទោសលោកស្រី កាលពីឆ្នាំ២០១១ដាក់គុក៧ឆ្នាំ ពីបទរំលោភបំពានអំណាច ។
ក្នុងសភាពការណ៍ដែលនៅតែច្របូកច្របល់ កាលពីថ្ងៃទី២២ កុម្ភៈ លោក អីុយ៉ានូកូវីតឱ្យដឹងថា លោកបដិសេធគំនិតនៃការលាលែងចេញដោយចាត់ទុកព្រឹត្តិការណ៍ដែលកំពុងកើតមានថា ជារដ្ឋប្រហារមួយ ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ុយក្រែន UBR លោកថ្លែងថា ព្រឹត្តិការណ៍ដែលប្រទេសយើង និងពិភពលោកទាំងមូលបានឃើញជាគំរូនៃរដ្ឋប្រហារមួយ ។យើងឃើញពីការវិលត្រឡប់របស់ពួកណាហ្ស៊ី ក្រោយសម័យកាលដែលពួកនោះដណ្តើមអំណាច កាលពីទសវត្សឆ្នាំ១៩៣០ នៅអាល្លឺម៉ង់ និងនៅអូទ្រីស ។
ប្រធានាធិបតីត្រូវផ្តួលរំលំសម្រាប់ពេលនេះអាចពឹងលើការគាំទ្ររបស់បណ្តាតំបន់ខាងកើតរបស់ប្រទេសដែលមេដឹកនាំតំបន់ទាំងនោះបានបរិហារចំពោះភាពស្របច្បាប់របស់សភាជាតិ ហើយបានប្រកាសថា ពួកគេប៉ុនប៉ងរក្សាការត្រួតត្រាដែនដីពួកគេ ។
លោក អីុយ៉ានូ កូវីត ពិតណាស់អាចទទួលការទ្រទ្រង់របស់រុស្ស៊ី ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស័រហ្គេយ ឡាវរ៉ូវ ថ្លែងថា អ៊ុយក្រែនកំពុងធ្លាក់ក្នុងដៃពួកជ្រុលនិយមប្រដាប់អាវុធដែលបណ្តាសកម្មភាពរបស់ពួកគេគំរាមកំហែងដល់អធិបតេយ្យភាពជាតិ និងរដ្ឋធម្ម នុញ្ញ ៕
ចែករំលែកព័តមាននេះ