ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំចង់​ សន្លប់​ធំ​ក្រោម​កណ្តាប់​ដៃ​ Yodsanklai (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ព្រឹត្តិ​ការណ៍​ប្រដាល់ Thai Fight ដែល​ធ្វើ​ឡើង​រៀងរាល់​មួយ​ខែ​ម្តង​ទទួល​បាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​​សំណាក់​ទស្សនិក​ជន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដោយសារ​នៅ​លើ​សង្វៀន​មួយ​នេះ​ប្រជុំដោយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​នានា​ ដែល​ខ្លះ​ស្ថិត​ក្នុង​លំដាប់​ពិភព​លោក​ទៀត​ផង ។​

ប្រទេស​ថៃ​ ៖ ព្រឹត្តិ​ការណ៍​ប្រដាល់ Thai Fight ដែល​ធ្វើ​ឡើង​រៀងរាល់​មួយ​ខែ​ម្តង​ទទួល​បាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​​សំណាក់​ទស្សនិក​ជន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដោយសារ​នៅ​លើ​សង្វៀន​មួយ​នេះ​ប្រជុំដោយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​នានា​ ដែល​ខ្លះ​ស្ថិត​ក្នុង​លំដាប់​ពិភព​លោក​ទៀត​ផង ។​

ជាមួយ​គ្នា​នេះ​ ក៏​មាន​ការ​កត់​សម្គាល់​ផង​ដែរ​ថា​ ការប្រកួត​ភាគ​ច្រើន​ជ័យ​ជម្នះ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃកីឡាករ​ថៃ ដោយសារ​អ្នក​រៀបចំ​ការ​ប្រកួត​ដាក់​កីឡាករ​របស់​គេ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​កីឡាករ​បរទេស ។​ ជាក់​ស្តែង​ កីឡាករ​ជើង​ខ្លាំងប្រចាំ​ប្រទេស​កម្ពុជា​ កែវ រំចង់​ តស៊ូ​បាន​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ ពេល​គេ​ផ្គូ​ផ្គង​ឱ្យ​ជួប​កីឡា​ករ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​របស់​ថៃ Yodsanklai កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​២២​ កុម្ភៈ​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ខាង​លើ​នេះ ។​

នៅ​ទឹក​ទី​១​ កែវ​ រំចង់​ ត្រូវ​គេ​មើល​ឃើញ​វាយ​ត្រូវ​គូ​​ប្រកួត​ខ្លះ​ ប៉ុន្តែ​នៅ​ចុង​ទឹក​ គេ​ត្រូវ​កីឡា​ករ​ម្ចាស់​ផ្ទះ​វាយ​កែង​ចំ​មុខ​ដួល​បណ្តាល​ឱ្យ​អាជ្ញា​កណ្តាល​រាប់​៨ ។​ ទឹក​ទី​២​ ដោ​យសារ​មើល​ឃើញ កែវ​ រំចង់​ រាង​ធ្លាក់ដៃ​បន្តិច​ Yodsanklai បាន​បញ្ចេញ​ស្នៀត​កណ្តាប់ដៃ​វាយ​ផ្ទួនៗ​ទៅ​លើ​ផ្ទៃ​មុខ​ កែវ រំចង់​ បណ្តាល​ឱ្យ​ដួល​សន្លប់​ធំ​តែ​ម្តង។​

ព្រឹត្តិ​ការណ៍​នេះគេ​ឃើញ​មាន​ការ​ទស្សនា​តាម​ដាន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ថៃ​ដោយ​ផ្ទាល់​ និង​តាម​កញ្ចក់​ទូរ​ទស្សន៍​រាប់​ម៉ឺន​នាក់​ ខណៈដែល​នៅ​ឯ​កម្ពុជា​ឯ​ណេះ​វិញ​ ក៏​មាន​ការ​តាម​ដាន​ព្រឹត្តិ​ការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​បុ៉ស្តិ៍​លេខ​៣ ថៃ​ ច្រើន​​គួរសម​ដែរ ។ ជាក់​ស្តែង​ គ្រាន់​តែ ​កែវ រំចង់​ ឡើង​បង្ហាញ​ខ្លួន​នៅ​លើ​រេញ​តាម​កញ្ចក់​ទូរ​ទស្សន៍​ថៃ​នេះ​ភ្លាម​ គេ​ឃើញ​ក្រុម​អ្នក​លេង​ Facebook ថត​បង្ហាញ​គគ្រឹក​គគ្រេង​តែ​ម្តង​ ដើម្បី​បង្ហាញ​ថា ពួកគេ​គាំទ្រ​ចំពោះ​វត្ត​មាន​របស់​ កែវ រំចង់​ នៅ​ក្នុង​ប្រទេស​ថៃ ។​ ការ​បរា​ជ័យ​របស់​ កែវ រំចង់​ ត្រូវ​គេចោទ​ថា​ ជា​ចេតនា​បំបាក់​មុខ​របស់​ថៃ​ ដែល​បាន​ផ្គូ​ផ្គង​ឱ្យ​ប៉ះ​ជា​មួយ​កីឡាករ​លំដាប់​ពិភព​លោក​របស់​ខ្លួន ។​ ក្រោយ​ការ​ប្រកាស​ថា កែវ រំចង់​ ត្រូវ​​សន្លប់​ក្នុង​ទឹក​ទី​២​ នៅ​លើ​បណ្តាញ​សង្គម Facebook ទាំង​មូល​ត្រូវ​គេ​ឃើញ​សរសេរ​ពាក្យ​ថា​ ឈប់​យក​កីឡាករ​កម្ពុជា​ទៅ​ឱ្យ​គេបំបាក់​ទៀត​ទៅ​ ។ បើ​ទោះ​ជា​ កែវ រំចង់ បាន​​អះ​អាង​ថា​ ការបរា​ជ័យ​ក្រោម​ដៃ​កីឡាករ​ Yodsanklai ក៏​នឹង​ធ្វើ​ឱ្យ​គេ​ល្បី​ឈ្មោះ​ និងទទួលបាន​ការ​ចាប់​អារម្មណ៍​ បុ៉ន្តែ​ក៏​ត្រូវ​អ្នក​គាំទ្រ​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ផង​ដែរ​ នៅ​ពេលដែល​ជើង​ខ្លាំង​លំដាប់​កំពូល​របស់​កម្ពុជា​ ត្រូវ​គេដាក់​ឱ្យ​ប្រកួត​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​របស់​ថៃ​ ហើយ​ជា​លទ្ធ​ផល​កីឡាករ​កម្ពុជា​បាន​ត្រូវតែ​ស្ពាយ​របួស​ និង​ការ​បរា​ជ័យ​យ៉ាង​អាម៉ាស់​ត្រឡប់​មក​វិញ​​ប៉ុណ្ណោះ ។​ កែវ រំចង់​ បាន​ក្លាយ​ជា​កីឡាករ​ជើង​ខ្លាំង​ទី​២ របស់​កម្ពុជា​ដែល​ទទួល​បរា​ជ័យ​នៅ​លើ​ទឹក​ដី​ថៃ​ ក្នុងព្រឹត្តិ​ការណ៍​ប្រដាល់ Thai Fight បន្ទាប់​ពី​កីឡាករ​វង្ស ណយ​ ដែល​បាន​ចាញ់​កីឡាករ​ថៃ​ ក្នុង​ទឹក​ទី​៣​ កាលពីចុងឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ។​

សូម​បញ្ជាក់​ថា​ កីឡាករ​ថៃ Yodsanklai បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ក្នុងឆ្នាំ​១៩៩៣​ និងបាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​លំដាប់​ថ្នាក់​អន្តរ​ជាតិ​របស់​ប្រទេស​ថៃ​តែម្តង​​ក្នុង​បុ៉ន្មាន​ឆ្នាំ​ចុង​ក្រោយ ។​ ក្នុង​វ័យ​២៩​ឆ្នាំ​ កម្ពស់​១,៧១​ម៉ែត្រ​ គេ ធ្លាប់​ប្រកួតបាន​២៦២​ដង​ ឈ្នះ​១៨៧​ដង និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ប្រមាណ​៧២​ដង ។ ក្រៅ​ពី​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក World Boxing Council ក្នុង​ប្រភេទ​ទម្ងន់​១៥៤​ផោន និង​ជា​ជើង​ឯក​៣​ជំនាន់ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ថៃ ប្រចាំ​កីឡដ្ឋាន Lumpinee Stadium ក្នុង​ប្រភេទ​ទម្ងន់​១១២​ ដល់​១៤៧​ផោន គេ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​ជន​ជាតិ​ថៃ​ផ្តល់​រហស្ស​នាម​ថា អ្នក​ប្រដាល់ Computer ព្រោះ​តែ​ភាព​រហ័ស​របស់​គេ ។ ចុង​ក្រោយ​នេះ​ គេ​គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ The Contender Asia ផង​ដែរ​ ជា​មួយ​នឹង​ការ​ទទួលបាន​ប្រាក់​រង្វាន់​រហូត​ដល់​១៥​ម៉ឺន​ដុល្លារ​អាមេរិក​ពីការ​យក​ឈ្នះ​កីឡាករ​លំដាប់​ពិភព​លោក​ដូចគ្នា​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំនៅ​​លើ​សង្វៀន​អន្តរ​ជាតិ​នា​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ​ ៕