ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារ CMAC (បោសសំអាតមីន)របស់អង្គភាពទី១កំចាត់មីនបន្ទាយមានជ័យនាព្រឹក ថ្ងៃទី២៣ កុម្ភៈ ២០១៤ នេះបានកម្ទេចមីនតោនចំនួន៣គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមនៅលើភូមិសាស្ត្រដែលទើបរាវរកឃើញស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយមានវត្តមាននគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ ប៉ុស្តិ៍ព្រៃគប់ ព្រមទាំងអាជ្ញាធរភូមិផងដែរ។
លោកប៊ុន ណារិទ្ធ ប្រធានក្រុមការងារបោសសំអាតមីន CMAC នៃអង្គភាពកំចាត់មីនទី១បន្ទាយមានជ័យបានប្រាប់កោះសន្តិភាពថា ក្រោយពីអាជ្ញាធរបានស្នើសុំទៅអង្គភាពកំចាត់មីនរបស់លោកឱ្យចុះមកជួយសំអាតមីននោះ លោកនិងក្រុមការងារបានចុះមកបោសសំអាតមីនលើផ្ទៃដី៣២.០៨៦ម៉ែត្រការ៉េនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាលនេះ។
លោកប៊ុន ណារិទ្ធ បានបន្តថា ជាលទ្ធផល ចាប់ពីថ្ងៃទី៨ មករា ២០១៤មកទល់នឹងថ្ងៃទី២៣ កុម្ភៈ ២០១៤ នេះ ក្រុមការងារ CMAC បានកម្ទេចមីនតោន និងគ្រាប់មីនតូចធំមិនទាន់ផ្ទុះបានសរុបជាង២០គ្រាប់ហើយនៅលើផ្ទៃដី១៦.០៥៦ម៉ែត្រការ៉េ ដែលគ្រាប់ទាំងនោះជាគ្រាប់ផលិតនៅសហរដ្ឋអាមេរិក និងវៀតណាម។
ចែករំលែកព័តមាននេះ