ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផង់ សុភាព​ បំបាក់​​អំនួត ចៅ ផលឌឿ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​២១ កុម្ភៈ​ អ្នក​ប្រដាល់​មក​ពី​ក្លិប​ខេត្ត​រតន​គិរី​ ផង់​ សុភាព​ បាន​បំបាក់​អំនួត​កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់​ដំបង​ ចៅ ផលឌឿ​ មិន​គួរ​ឱ្យ​ជឿ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ កាល​ពី​ថ្ងៃ​សុក្រ​ទី​២១ កុម្ភៈ​ អ្នក​ប្រដាល់​មក​ពី​ក្លិប​ខេត្ត​រតន​គិរី​ ផង់​ សុភាព​ បាន​បំបាក់​អំនួត​កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់​ដំបង​ ចៅ ផលឌឿ​ មិន​គួរ​ឱ្យ​ជឿ ។​

រវាង​កីឡាករ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេពី​មុន​មក​ ហើយ​ក៏​មានសមត្ថភាព​ និងបទ​ពិសោធន៍​ប្រកួត​ខុស​គ្នា​ឆ្ងាយ​ណាស់​ដែរ ​ដោយ​កីឡាករ​ចៅ ផលឌឿ គឺ​ជា​កីឡា​ករ​ស៊េរី​មុខ​ដែល​ត្រូវ​គេ​កត់​សម្គាល់​ថា មាន​ក្បាច់​គុន​ខ្លាំង​ជាង​ ទើបគេ​គិត​ថា​ ផង់ សុភាព ដែល​ថ្លើម​ធំ​ហ៊ាន​ប្រកួត​ជា​មួយ​ ចៅ ផល​ឌឿ នោះ​មិន​ខុស​អី​នឹង​យក​ពង​មាន់​ទៅ​ជល់​នឹង​ថ្ម​ឡើយ ។​ ទោះ​បី​យ៉ាង​ណា​ ផង់ សុភាព​ មុ​ននឹង​មក​ជួប ចៅ ផលឌឿ​ លើក​​នេះ​ ក៏គេបាន​ដំឡើង​ក្រេឌីត​របស់​ខ្លួន​ជាបន្ត​​បន្ទាប់​តាម​រយៈ​ការ​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​មួយ​ចំនួន​នាពេល​កន្លង​មក​ដូចជា​ នន់ ជំនិត មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​,​ ឡេះ​ តើក​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ​និង​ឈិន ក្វាន់​ង៉ុយ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ជា​ដើម ។​

យ៉ាងណា​ក៏​ដោយ​ ការប្រកួត​រវាង​គូ​នេះ​មាន​មនុស្ស​ច្រើន​ជាង​៨០%​ បាន​ដាក់​ចិត្ត​ជឿ​ថា​ ផង់ សុភាព​ នឹង​មិន​អាច​ទៅ​រួច​ឡើយ​ដោយសារតែ​ ចៅ ផល​ឌឿ​ ត្រូវគេ​មើល​ឃើញ​នៅ​ខ្លាំង​ មាន​ស្នៀត​រហ័ស និង​នៅ​កម្លាំង​ពេញ​ពិបាក​មើល​ស្រាល ។​ អីុចឹង​ហើយ​ ទើប​ការ​ប្រកួត​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ ចៅ ផលឌឿ​ តស៊ូ​មិន​រួច​នោះ អ្នក​ណា​ក៏​ភ្ញាក់​ផ្អើល​ដែរ ។ ក្នុងរង្វង់​៣​ទឹក​ដំបូង​ កីឡាករ​ទាំង​ពីរ​ស្ថិត​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​គ្នា​នៅ​ឡើយ​ទេ​ ទោះ​បី​បង្គោល​ខៀវ ចៅ ផលឌឿ​ ត្រូវគេ​មើល​ឃើញ​ថា​ ធ្វើ​អីដៃគូ​មិន​កើត ហើយ​បណ្តោយ​ឱ្យ​បង្គោល​ក្រហម​ ផង់ សុភាព​ វាយ​ចូល​ច្រើន​ក៏​ដោយ​ ។ ប៉ុន្តែ​នៅ​ទឹកបន្ត​បន្ទាប់​ ​កីឡាកបង្គោល​ខៀវ​កាន់តែ​យ៉ាប់​តែ​ម្តង បន្ទាប់​ពី​បង្គោល​ក្រហម ផង់ សុភាព​ វាយ​ចូល​ផ្ទួនៗ​ទៅ​លើ​ផ្ទៃ​មុខ​របស់​គេ​​បណ្តាល​ឱ្យ​បែក​រហូត​ដល់​៥​ថ្នេរ​នៅ​លើ​បរិវេណ​ចិញ្ចើម ។​ ដ្បិត​ថា​ ចៅ ផលឌឿ​ អាច​ឆ្លង​ផុត​ដល់​៥​ទឹក ប៉ុន្តែ​សភាព​ដែល​គេ​ទទួល​បាន​ គឺ​មើល​ទៅ​វេទនា​​ខ្លាំងណាស់​ ដោយ​ក្រៅពីបែក​ឈាម​ហូរស្រោច​ទ្រូង​ គេ​ក៏​សឹង​តែ​ហត់​ដង្ហក់​ដែល​ឈរ​មិន​នឹង​ជើង​នៅ​វគ្គ​ចុង​ក្រោយ​ ។ កីឡាករ​គូ​នេះ​ ចៅ ផលឌឿ​ បង្គោល​ខៀវ​បានចាញ់​ដោយ​ពិន្ទុ ខណៈ​ដែល​លទ្ធភាព​ដែល​គេ​ទទួល​បាន​ត្រូវ​ក្រុម​អ្នក​គាំទ្រ​យ៉ាង​ហោច ពាក់​កណ្តាល​ខក​ចិត្ត ។​ ប៉ុន្តែ​វា​ក៏​ជា​លទ្ធ​ផល​ដែល​ធ្វើ​ឱ្យ​កីឡាករ​ផង់​ សុភាព​ ឡើង​សន្ទុះ​ក្រេឌីត​បាន​ច្រើន​កម្រិត​ផង​ដែរ បន្ទាប់​ពី​អាច​ផ្តួល​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បាន។

នៅ​លើ​សង្វៀន​ដដែល​នោះ​ កីឡាករ​សែន ហ៊ាន​ មក​ពី​ក្លិប​ទីបញ្ជា​ការ​កង​ទ័ព​ជើង​គោក ត្រូវ​សន្លប់​​ក្នុងទឹក​ទី​១ ក្រោម​ដៃ​កីឡាករ​ព្រឿង​ សុជាតិ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​ខេមរ​ភូមិន្ទ​ ។ កីឡាករ​ឯម​ ម៉ូលី​ មក​ពី​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ ត្រូវ​សន្លប់​ក្នុង​ទឹក​ទី​៣​ ក្រោម​ដៃ​កីឡាករ​វីវ៉ា​ សាមីត​ មក​ពី​ក្លិប​មហិទ្ធិ​ឫទ្ធិ​តា​ដំបង​ដែក ។ កីឡាករ​ហ៊ឹម​ បូរិន មក​ពី​ក្លិប​អរុណ​រះ​កីឡា​ ឈ្នះ​កីឡាករ​ស្រ៊ុន​ ពិសី មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​ខេមរ​ភូមិន្ទ​ដោយ​ពិន្ទុ​ និង​កីឡាករ​ឯម សារឿន មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ ដែល​មក​ប្រកួត​ជំនួស​កីឡាករ​ចាន់​ ស៊ីណាត មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ បាន​យក​ឈ្នះ​កីឡាករ​អ៊ុង​ ស៊ីណា មក​ពីក្លិប​​ទីបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ដោយ​ពិន្ទុ​ ៕​