ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២២ កុម្ភៈ កន្លងមកនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់បាត់ជាតិ ទន្លេបាទី ខេត្តតាកែវ មានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីសាលាកីឡាបាល់ទាត់ជាតិ» ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រីពាក់ព័ន្ធជាតិ-អន្តរជាតិ និងមាតាបិតាសិស្សជាច្រើនរូបទៀត ។
យោងតាមរបាយការណ៍ដែលអានដោយលោកកែវ សារ៉េត នាយកមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ជាតិ ទន្លេបាទី ខេត្តតាកែវ ត្រូវបានដំណើរការសាងសង់អស់រយៈពេលជាង៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១០ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៣ កន្លងមក ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ជាតិ ទន្លេបាទី និងកម្មវិធីសាលាបាល់ទាត់ជាតិ គឺជាហេដ្ឋារចនាសម្ព័ន្ធមួយដ៏សំខាន់បម្រើឱ្យផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឱ្យបោះជំហានទៅមុខដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងក្នុងពិភពលោក ។
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចខ្វះបាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំកម្មវិធីសាលាកីឡាបាល់ទាត់ជាតិ ដោយទទួលបានការគាំទ្រផ្នែកថវិកាពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការគាំទ្រពីសហព័ន្ធផ្នែកបច្ចេកទេសពីសហព័ន្ធបាល់ទាត់ជប៉ុន JFA និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជបុ៉ន (JICA) ផងដែរ ។
ក្នុងនោះដែរ កម្មវិធីសាលាកីឡាបាល់ទាត់ជាតិជាការជ្រើសរើសសម្រិតសម្រាំងនូវកីឡាករយុវជនអាយុក្រោម១៣ឆ្នាំ ដែលមានទេពកោសល្យមកពីទូទាំងប្រទេសចូលរួមប្រកួតរៀបចំដោយសហព័ន្ធមកប្រមូលផ្តុំស្នាក់នៅ ហ្វឹកហាត់ជំនាញបាល់ទាត់តាមលក្ខណៈវិទ្យាសាស្ត្របាល់ទាត់ជឿនលឿន ព្រមទាំងទទួលបានការបណ្តុះបណ្តាលផ្នែកចំណេះដឹងទូទៅ និងជំនាញកុំព្យូទ័រផងដែរ។
កីឡាករដែលសហព័ន្ធបានបណ្តុះបណ្តាលនេះនឹងក្លាយជាកីឡាករមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនាពេលអនាគត ជាពិសេសត្រៀមខ្លួនសម្រាប់ប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការបង្កើតនូវកម្មវិធីបាល់ទាត់ជាតិ គឺបានបង្កើននូវគុណភាពកាន់តែខ្លាំងក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើន ព្រមទាំងបង្កើនថាមពលពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកបានបញ្ជាក់ថា វិស័យកីឡាបាល់ទាត់កម្ពុជាធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងតំបន់នាទសវត្សឆ្នាំ១៩៦០ និង១៩៧០ បុ៉ន្តែដោយសារសង្គ្រាមបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ធ្លាក់ចុះដល់កម្រិតសូន្យដូចវិស័យដទៃទៀតដែរ ។ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ វិស័យកីឡាបាល់ទាត់ត្រូវបានស្តារមុខមាត់អភិវឌ្ឍឡើងវិញ រួមជាមួយនឹងវិស័យកីឡាផ្សេងៗទៀត ។ ក្នុងនោះដែរ កីឡាបាល់ទាត់ត្រូវបានរៀបចំឡើងវិញដោយមានកីឡាករចាស់ៗក្នុងសម័យមុនសង្គ្រាមដែលនៅសេសសល់មកប្រមូលផ្តុំសាមគ្គីគ្នាខិតខំប្រឹងប្រែងចាប់តាំងពីបាតដៃទទេ កសាង និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យមានសកម្មភាពឡើងវិញមកដល់បច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយឈានមុខដែលបានដាក់ចេញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាករវ័យក្មេងឆ្ពោះទៅកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា ។ កម្មវិធីសាលាកីឡាបាល់ទាត់ជាតិគឺបានបង្ហាញនូវរបត់ថ្មីនៃការវិវឌ្ឍរីកចម្រើនរបស់វិស័យកីឡាបាល់ទាត់កម្ពុជា និងជាក្តីសង្ឃឹមទៅថ្ងៃអនាគតថា កីឡាបាល់ទាត់កម្ពុជានឹងអាចដណ្តើមបាននូវសក្តានុពល និងឧត្តមភាពលើឆាកជាតិ និងអន្តរជាតិ៕
ចែករំលែកព័តមាននេះ