រាជធានីភ្នំពេញ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំា ពិសិដ្ឋ បានឲ្យដឹងថា ស្ពានអាកាសស្ទឹងមានជ័យមកដល់ពេលនេះ ការស្ថាបនាសម្រេចបាន៧៥%ហើយ ហើយថាយ៉ាងយូរបំផុតនៅក្នុងខែតុលា ២០១៤ នឹងបញ្ចប់ការស្ថាបនាជាស្ថាពរ ។
លោកប្រធានមន្ទីរសាធារណការថ្លែងបា្រប់ក្រុមអ្នកកាសែតបែបនេះ ខណៈលោកអមដំណើរលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការស្ថាបនាស្ពានអាកាសស្ទឹងមានជ័យកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ២០១៤ ។
បើតាមលោក សំា ពិសិដ្ឋ តាមគម្រោងការស្ថាបនាស្ពានស្ទឹងមានជ័យនេះ នឹងត្រូវបញ្ចប់នៅខែមីនា ២០១៥ ប៉ុន្តែដោយសារក្រុមហ៊ុនបានសម្រុកការងារសាងសង់ទំាងយប់ទំាងថ្ងៃ ធ្វើឲ្យការស្ថាបនាអាចនឹងរួចរាល់មុនគម្រោង ហើយយ៉ាងយូរនៅខែតុលាខាងមុខប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ។
គួរបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃចន្ទទី២៦ វិច្ឆិកា ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ។
ស្ពានអាកាសស្ទឹងមានជ័យនេះដែរ ត្រូវចំណាយថវិកាសរុបប្រមាណ១៩លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកា បានមកពីការវិនិយោគដីជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) ។ គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន OCIC និងសាងសង់ស្ពានសរុបចំនួន ៥ ក្នុងនោះ ស្ពានមេ ចំនួន ១, ស្ពានតូច ចំនួន ៣ និងស្ពានក្រោមដី ចំនួន ១ ។
ស្ពានអាកាសស្ទឹងមានជ័យ គឺជាស្ពានអាកាសទី៣ នៅរាជធានីភ្នំពេញ បន្ទាប់ពី ស្ពានអាកាសក្បាលថ្នល់ ដែលសាងសង់រួចនិងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១០ និងស្ពានអាកាស៧មករា ដែលបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពី ថ្ងៃទី ៦ មករា ឆ្នាំ២០១១ កន្លងទៅ ៕
ចែករំលែកព័តមាននេះ