ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍តូចតាចមួយបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ កុម្ភៈ ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងជើងស្ពានស្វាយទង ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយភាគីទាំងសងខាងដំឡើងអំណាចដាក់គ្នាស្ទើរផ្ទុះជាហិង្សា បើកុំតែបានសមត្ថកិច្ចជួយទប់ស្កាត់ទាន់ កុំអីមានអ្នករងរបួសដេកពេទ្យ និងចូលគុកជាពុំខាន។
តាមប្រភពបានឱ្យដឹងថា គេឃើញរថយន្តធុនធំ២គ្រឿង ដែលមួយគ្រឿងជារថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ៣A០២៩១ ពណ៌ទឹកប៊ិចចាស់ឆ្នូតក្រហម និងរថយន្តមួយគ្រឿងទៀតជារថយន្តកូរ៉េពណ៌ខៀវ មិនចាំស្លាកលេខ។ រថយន្តទាំង២គ្រឿងនេះបានបើកប្រដេញគ្នាតាំងពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចកើតហេតុ រថយន្តស្ទូចបានឡើងវ៉ា និងកៀររថយន្តកូរ៉េឱ្យឈប់ ហើយរថយន្តទាំង២ក៏បានឈប់ចំកណ្តាលផ្លូវ បន្ទាប់មកអ្នកបើកបរ ព្រមទាំងព្រូរថយន្តបាននាំគ្នាចុះពីរថយន្តរៀងៗខ្លួន ដោយដៃពួកគេម្នាក់ៗខ្លះកាន់កូនសោដោះខ្ចៅរថយន្ត និងខ្លះទៀតកាន់បំពង់ទីបចង្អុលមុខគ្នាទៅវិញទៅមកចង់ផ្ទុះជាកំហឹង ដោយអ្នកបើកបររថយន្តស្ទូចបានចោទភាគីរថយន្តកូរ៉េថា ជាអ្នកបើកខោករថយន្តគេ ។
ខណៈកំពុងរញ៉េរញ៉ៃ និងចង់ផ្ទុះកំហឹងផងនោះ សមត្ថកិច្ចចម្រុះដែលកំពុងមានភារកិច្ចតាមដងផ្លូវក៏បានជួយធ្វើអន្តរាគមន៍សម្រុះសម្រួលរថយន្តទាំង២គ្រឿងឱ្យបើកទៅចតអែបចិញ្ចើមផ្លូវ បន្ទាប់មកភាគីទាំង២ក៏បានឯកភាពគ្នា ដោយភាគីខាងរថយន្តកូរ៉េសុខចិត្តសងជំងឺចិត្តទៅឱ្យភាគីរថយន្តស្ទូចចំនួន៤ម៉ឺនរៀលដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ