ខេត្តតាកែវ ៖ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទីខេត្តតាកែវ ព្រឹកថ្ងៃទី២២ កុម្ភៈ មានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីសាលាបាត់ទាត់ជាតិ ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ការបង្កើតកម្មវិធីបាល់ទាត់ជាតិ គឺបង្កើនគុណភាពកាន់តែខ្លាំងក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែបង្កើនថាមពលពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានដឹងហើយថា វិស័យកីឡាបាល់ទាត់កម្ពុជាមានឈ្មោះល្បីល្បាញជាខ្លំាងនៅក្នុងតំបន់នាទសវត្សរ៍ទី៦០និង៧០ តែដោយសារសម័យសង្រ្គាមបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ធ្លាក់ចុះ ដល់កម្រិតសូន្យ ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យកីឡាជាច្រើនរួមទំាងកីឡាបាល់ទាត់ផង បានអភិវឌ្ឍន៍ឡើងវិញនិងមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងទៀតថា ការបង្កើតឡើងនូវសាលាបាល់ទាត់ជាតិនេះ គឺជាសមិទ្ធផលមួយដ៍ល្អដើម្បីរកឃើញនូវថ្នាលជំនាន់ក្រោយដ៏ល្អ សម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នំា២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
ចែករំលែកព័តមាននេះ