ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសដៃស្តាំ និងត្រូវអំបែងកញ្ចក់ក្រោយរបស់ត្រាក់ទ័រខ្ទាតចំ របួសសុះពេញខ្នង ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូបញ្ជូនទៅលាងរបួសនៅមណ្ឌលសុខភាពភ្នំស្ពង់ តែដោយមានសភាពមិនស្រួល ត្រូវគ្រូពេទ្យដឹកបន្តតាមរថយន្តសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលជនរងគ្រោះកំពុងបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការឲ្យបុរសម្នាក់ ដោយភ្ជួរបានប្រហែលជាកន្លះម៉ោង ស្រាប់តែកន្ទុយផាលត្រាក់ទ័រមុតត្រូវមីនតោន ដែលសេសសល់កប់នៅក្នុងដីតាំងពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះលាន់កក្រើកដីរងរបួសតែម្តង។
ហេតុការណ៍ភ្ជួរដីចម្ការប៉ះចំមីនតោនផ្ទុះរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី២១ កុម្ភៈ ២០១៤ ស្ថិតនៅក្បែរជើងដំបូកក្នុងចម្ការរបស់ម្ចាស់ឈ្មោះ ម៉ី សៀន អាយុ ៥៧ឆ្នាំ នៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។ ជនរងគ្រោះឈ្មោះ ជុំ សុខលី ហៅចិន ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសដៃខាងស្តាំ របួសខ្នងស្ទើរតែសុះសាច់ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មានប្រពន្ធឈ្មោះ អ៊ូច ធូ អាយុ ៣៣ឆ្នាំ មានកូន ២នាក់ ស្រី១ ប្រុស១។
លោក កែវ ពៅ អាយុ ៤៧ឆ្នាំ ជានាយសម្របសម្រួលមីន ប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា នៅត្រង់កន្លែងមីនផ្ទុះ និងនៅត្រង់កន្លែងក្បែរៗនោះ ពុំទាន់មានអង្គការកំចាត់មីនណាមួយធ្លាប់ចុះទៅរាវដោះនៅឡើយទេ តែដីព្រៃរបោះទាំងនោះ ត្រូវបានប្រជាពលរដ្ឋរានកាប់ឆ្ការព្រៃដាំពោត និងដំឡូងមីអស់ទៅហើយ ដោយពុំធ្លាប់មានផ្ទុះមីន បណ្តាលឲ្យរងរបួសអ្នកណាម្នាក់ឡើយ។
លោក កែវ ពៅ បន្តថា ក្រោយពីគ្រាប់មីនផ្ទុះបង្កឲ្យមានមនុស្សរងរបួសខាងលើ ខាងអាជ្ញាធរស្រុកសាលាក្រៅ បានស្នើសុំខាងលោកឲ្យចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងរាវរកគ្រាប់មីន ទើបខាងលោកបានស្នើសុំបន្តទៅប្រធានប្រតិបត្តិការជាន់ខ្ពស់ខេត្តបាត់ដំបង ឲ្យមេក្រុមដឹកនាំកម្លាំងចំនួន ៥នាក់ ចុះទៅរាវរកមីនក្បែរកន្លែងផ្ទុះ ហើយក៏ប្រទះឃើញដងគ្រាប់បេ៤០ មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ហើយខាងលោកបានយកគ្រាប់ទាំងនោះ យកទៅកំទេចនៅកន្លែងបន្ទាយតែម្តង៕
ចែករំលែកព័តមាននេះ