ក្រុងប៉ោយប៉ែត ៖ ស្រ្តីចំណាស់ម្នាក់វ័យជាង ៥០ឆ្នាំ ដែលជាជនក្រីក្រមានជំងឺរ៉ាំរ៉ៃ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២១ កុម្ភៈ ២០១៤ បានមករកក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយសង្គ្រោះ តែជាអកុសលរូបគាត់ជាជនក្រីក្រមិនត្រូវបានក្រុមគ្រូពេទ្យទាំងនោះ ទទួលឲ្យស្នាក់នៅ និងព្យាបាលជំងឺនោះទេ ដោយពួកគេទុកឲ្យអ្នកជំងឺដេកលើឥដ្ឋគួរអាណិតអាសូរ។
ស្រ្តីវ័យចំណាស់ជាអ្នកជំងឺឈ្មោះ សួន ថា អាយុ ៥៩ឆ្នាំ បានឲ្យដឹងថា គាត់រស់នៅភូមិទំនប់.ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយសារតែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខាងលើមិនទទួលមើល និងព្យាបាលជំងឺដល់រូបគាត់ គឺដោយសារតែគាត់ជាជនក្រីក្រគ្មានប្រាក់សម្រាប់បង់ថ្លៃគ្រែ ចំនួន ៧ម៉ឺនរៀល ឲ្យទៅក្រុមគ្រូពេទ្យនោះ ជាមុន ទើបពួកគេទុកគាត់ចោលតែម្តង។
ទង្វើនេះ គឺផ្ទុយនឹងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងប្រាប់ដល់ក្រុមគ្រូពេទ្យជាមន្រ្តីសុខាភិបាលទូទាំងប្រទេស ឲ្យជួយយកចិត្តទុកដាក់ក្នុងការព្យាបាល និងសង្គ្រោះជាបន្ទាន់ដល់អ្នកជំងឺជាពលរដ្ឋគ្រប់រូបឲ្យបានល្អប្រសើរជាមុន រួចទើបយកថ្លៃសេវាតាមក្រោយ។ ដោយឡែក នៅមន្ទីរពេទ្យបង្អែកខាងលើ ដែលគ្រប់គ្រងដោយ លោក ស៊ុត គឹមសាន ជាប្រធាន បានកំពុងតែផ្គើនទៅនឹងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញទំហឹង។
លោក ស៊ុត គឹមសាន ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ លោកបានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ កុម្ភៈ នេះឲ្យដឹងថា ជុំវិញបញ្ហាខាងលើលោកអត់បានដឹងទេ ដោយលោកជាប់រវល់ មិនបានចូលកន្លែងទេនៅព្រឹកមិញនេះ ចាំសួរនាំកូនចៅសិន។ លោក កែវ សុភត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោយពេលអ្នកសារព័ត៌មានសម្ភាសតាមទូរស័ព្ទជុំវិញបញ្ហាទាំងអស់នេះ លោកបានស្តាប់រួច តែលោកឆ្លើយបដិសេធថា ជាប់រវល់ប្រជុំមិនអាចបកស្រាយបានទេ៕
ចែករំលែកព័តមាននេះ