ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​​សិក្សា​សាមគ្គី​​អូឡាំ​ពិក​​ស្តី​ពីរដ្ឋ​​បាល​កីឡា​​នៅ​ NOCC

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ វគ្គ​សិក្សា​សាមគ្គី​អូឡាំ​ពិក​ស្តី​ពី​រដ្ឋ​បាល​កីឡា​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៨​ កុម្ភៈ​នោះ​ បាន​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២០ កុម្ភៈ​ ឆ្នាំ​២០១៤​ ហើយ​ពិធី​បិទ​វគ្គ​ត្រូវបាន​គេ​រៀបចំ​ធ្វើ​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ស្ថិត​ក្រោម​អធិប តីភាព​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថោង ខុន​

រាជ​ធានី​ភ្នំពេញ​ ៖ វគ្គ​សិក្សា​សាមគ្គី​អូឡាំ​ពិក​ស្តី​ពី​រដ្ឋ​បាល​កីឡា​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៨​ កុម្ភៈ​នោះ​ បាន​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២០ កុម្ភៈ​ ឆ្នាំ​២០១៤​ ហើយ​ពិធី​បិទ​វគ្គ​ត្រូវបាន​គេ​រៀបចំ​ធ្វើ​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ស្ថិត​ក្រោម​អធិប តីភាព​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថោង ខុន​ ដោយ​មាន​ការ​ចូ​លរួម​ពី​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិ​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ព្រម​ទាំង​គ្រូ​ឧទ្ទេស​នាម​ និង​មន្ត្រី​កីឡា​ជា​ច្រើន​រូប​ ។​

វគ្គ​សិក្សា​នេះ​មាន​អ្នក​យក​ព័ត៌​មាន​មក​ពី​៣​បណ្តាញ​ផ្សព្វ​ផ្សាយ​ចូលរួម​ គឺ​សារ​ព័ត៌​មាន​បោះ​ពុម្ព​ (កាសែត​ ទស្សនាវដ្តី​)​ សោត​ទស្សន៍​ (ទូរ​ទស្សន៍)​ និង​គេហទំព័រ​សរុប​២៤​អង្គ​ភាព​ ស្មើ​នឹង​៤៧​នាក់​ ។ មានប្រសាសន៍​នា​ឱកាស​នោះ​ លោក​រដ្ឋ​មន្ត្រី​ ថោង ខុន​ បាន​កោត​សរសើរ​ដល់​បណ្តា​អ្នកសារ​ព័ត៌​មាន​ជាតិ​ទាំង​អស់​ដែល​មាន​ឆន្ទៈ​ និង​ស្មារតី​ខិត​ខំ​ឈ្មុស​ឈ្មុល​ក្នុងការ​យក​ព័ត៌​មាន​ទៅ​ផ្សព្វ​ផ្សាយ​បាន​កាន់​តែ​ល្អប្រសើរ ។​ កីឡា​ជា​ផ្នែក​មួយ​នៃ​វប្ប​ធម៌​ ហើយ​ក៏​ជា​អត្ត​សញ្ញាណ​ជាតិ​មួយ​ដ៏​សំខាន់​ផង​ដែរ​ ដូច្នេះ​សម្រាប់​អ្នក​យក​ព័ត៌​មាន​យើងដែល​មាន​រាល់​ថ្ងៃ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ។​ ទោះ​បី​យ៉ាងណា​ ប្អូនៗ​ដែល​មាន​ក្នុង​ពេលបច្ចុប្បន្ន​ត្រូវ​ខិតខំ​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ ព្រោះ​នៅ​សល់​តែ​៩​ឆ្នាំ​ទៅ​មុខ​ទៀត​ យើង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ហើយ ។​ លោក​ថោង ខុន​ បាន​បន្ត​ថា​ យើង​ឃើញ​បណ្តាប្រទេស​មួយ​ចំនួន​គេបាន​ប្រើ​ប្រាស់​ជា​អក្សរ​ឡា​តាំង​អស់​ហើយ​ នៅ​ឡើយ​តែ​កម្ពុជា ។ ភាសា​និយាយ​គឺ​មានភាព​ងាយ​ស្រួល​ តែ​ចំពោះ​ភាសា​សរសេរ​វិញ​ គឺ​មិន​ធម្មតា​នោះ​ទេ​ ដោយ​យើងបាន​យក​អក្សរ​បាលី​មាន​សក់​ មាន​ជើង​ មានព្យាង្គ​តម្រួត​មកប្រើ​ តែ​នោះ​ជា​អត្ត​សញ្ញាណ​ជាតិ​របស់​យើង​ដែល​មិន​មាន​អ្នក​ណា​បំបាត់​បាន​តាម​រយៈ​​អក្សរ​នេះ ។​

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ថោង ខុន​ បាន​ថ្លែង​អំណរ​គុណ​ដល់​វាគ្មិន​ដែល​បាន​ចូល​រួម​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ដល់​បណ្តា​អ្នកសារ​ព័ត៌​មាន​ជាតិ​អំពី​បញ្ហា​គុណ​ភាព​អត្ថ​បទ​ជំនាញ​កីឡា​នេះ​ ដើម្បី​ជាស្ពាន​បន្ត​ទៅ​ថ្ងៃ​មុខ​ សំដៅ​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​យល់​កាន់តែ​ច្បាស់​អំពី​អក្សរ​សាស្ត្រ​ខ្មែរ។ ជា​មួយ​គ្នា​នេះ លោក​បាន​សំណូម​ពរ​ឱ្យ​អ្នក​អានសារ​ព័ត៌​មាន​តាម​ទូរ​ទស្សន៍​គួរតែ​អាន​ ឬ​មើល​ឱ្យបាន​មួយ​ចប់​មុន​នឹង​អាន​ជា​ផ្លូវ​ការ​នោះ​ដើម្បី​ចៀសវាង​នូវ​កំហុស​នានា​ដែល​កើត​មាន​ឡើង ។​

សូម​បញ្ជាក់​ថា វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល​៣ថ្ងៃ​នេះ​ វាគ្មិន​សំខាន់ៗ​ដែល​ជា​គ្រូ​ឧទ្ទេស​នាម​មាន​លោក​បណ្ឌិត​ច័ន្ទ សំណព្វ​ អនុប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ធ្វើបទ​បង្ហាញ​លើ​ប្រធាន​បទ​ ការ​រៀបចំ​រចនាសម្ព័ន្ធ​ប្រយោគ​ និង​អក្ខរា​វិរុទ្ធ​ក្នុងភាសាខ្មែរ​, លោក​ឌឹម​ សុវណ្ណា​រុំ​ ជំនួយ​ការ​អម​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជាប្រធាន​​ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរក្រហម​​ ធ្វើ​បទ​បង្ហាញ​លើ​ប្រធាន​បទ ​ខ្លឹមសារ​ព័ត៌​មាន​ របៀប​រៀបចំ​បទ​យក​ការណ៍​សោត​ទស្សន៍​, លោក​​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ធ្វើ​បទ​បង្ហាញ​លើ​ប្រធាន​បទ​ ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ បច្ចេក​ទេស​កីឡា​ ពាក្យ​ពេចន៍​កីឡា​ ក្រម​សីល​ធម៌​កីឡា (Fair Play) និង​លោក​កែវ​ សារ៉េត​ នាយក​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ ធ្វើ​បទ​បង្ហាញ​លើ​ប្រធាន​​បទ ប្រភេទ​កីឡាបាល់​ទាត់​ ពាក្យ​ពេចន៍​ និង​ច្បាប់​ប្រកួត​ផង​ដែរ ៕​