ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងប្រុសស្រី២នាក់ត្រូវលង់ទឹកស្រះក្រោយផ្ទះស្លាប់ ខណៈពេលឪពុកម្តាយរវល់ធ្វើពិធីឡើងផ្ទះថ្មី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
សេចក្តីរាយការណ៍បន្តថា ក្មេងដែលលង់ទឹកស្លាប់ទាំង២នាក់ខាងលើ ១-ឈ្មោះ ជា ដាវរី ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ និង២-ឈ្មោះ ត្រាំ សាន់ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកណារិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បើតាមតាមសាច់ញាតិជនរងគ្រោះប្រាប់ឱ្យដឹងថា នៅខណៈពេលកូនលង់ទឹកស្លាប់នោះ គឺគាត់រវល់តែធ្វើពិធីឡើងផ្ទះថ្មី ហើយមិនបានមើលកូននោះទេ ក្រោយពេលដែលភ្ញៀវចេញអស់ដើរក៏រកកូនតែមិនឃើញ ក៏ទៅមើលស្រះក្រោយផ្ទះចម្ងាយប្រមាណជាង១០០ម៉ែត្រ ស្រាប់តែឃើញទ្រនាប់ជើង ក៏ចុះរាវរកឃើញក្មេងប្រុស-ស្រីលង់ទឹកស្រះទាំងពីរនាក់តែម្តង។
ក្រោយពេលស្រង់ក្មេងប្រុស-ស្រី២នាក់ឡើងគោក ហើយសាច់ញាតិបានផ្លុំខ្យល់ចូលមាត់ និងចាប់ជើងឡើងលើរលាក់ ដើម្បីសង្គ្រោះដែរ តែមិនដឹងខ្លួននោះទេ គឺក្មេងទាំង២នាក់បានដាច់ខ្យល់ស្លាប់ទៅហើយ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នោះ គឺត្រូវជាសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះដែរ ខណៈដែលឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះរស់នៅស្រុកឯកភ្នំ ខេត្តបាត់បង ដោយនាំកូនស្រីមកឡើងគេហដ្ឋានថ្មីបងប្អូនដូចនាំកូនស្រីលង់ទឹកស្លាប់ជាមួយសាច់ញតិ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ