ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ ! ផ្លូវបេតុងថ្មី២ខ្សែ ក្នុងតំបន់អង្គរជួយបញ្ចៀសការកកស្ទះ និងចំណេញពេលវេលាធ្វើដំណើរ

17 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ថ្មី ២​ខ្សែ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​លើក​តម្លៃ​បេតិកភណ្ឌ ។ ក្រសួង​វប្បធម៌…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ថ្មី ២​ខ្សែ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​លើក​តម្លៃ​បេតិកភណ្ឌ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ ផ្លូវ​បេតុង​ថ្មី​ចំនួន​ពីរ​ខ្សែ នឹង​រួមចំណែក​លើក​តម្លៃ​បេតិកភណ្ឌ និង​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​តំបន់​អង្គរ ។

តាម​រយៈ​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូប​វ័​ន្ត​ជា​បន្តបន្ទាប់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ផ្លូវ​បេតុង​ថ្មី​ចំនួន​ពីរ​ខ្សែ ដែល​ទើបនឹង​ស្ថាបនា​ថ្មី​នេះ ក្រៅពី​ផ្តល់​នូវ​សុខ​សុវត្ថិភាព​បន្ថែម​ជូន​អ្នក​ធ្វើ​ដំណើរ ក៏​នឹង​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​តំបន់​អង្គរ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​កាន់តែ​ប្រសើរ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​ថា ផ្លូវ​ចាក់​បេតុង​ចំនួន ២​ខ្សែ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ប្រវែង​សរុប ៣០១០​ម៉ែត្រ បាន​បើក​ឱ្យ​ទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ អាច​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ តទៅ ។

ផ្លូវ​បេតុង​ដែល​មាន​ទទឹង​៦​ម៉ែត្រ និង​កម្រាស់​២០​សង់ទីម៉ែត្រ​នេះ គឺ​មួយ​ខ្សែ​ប្រវែង​២១៨០​ម៉ែត្រ ចេញពី​មុខ​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​អតីត​ក្រុង​អង្គរធំ កែង និង​ផ្លូវ​ទិស​ខាងជើង​ប្រាសាទព្រះខ័ន ស្ថិត​នៅ​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ឆ្ពោះទៅ​ដល់​ផ្លូវបំបែក​ទៅ​ឃុំ​ពាក់​ស្នែង​នៃ​ស្រុក​អង្គរធំ និង​មួយ​ខ្សែ​ទៀត​ប្រវែង​៨៣០​ម៉ែត្រ ចេញពី​ស្ពាន​ក្រាំងក្រូច ឆ្ពោះទៅ​ភូមិ​ថ្នល់​បណ្ដោយ​នៃ​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី ។

ឯកឧត្តម ជុំ សុភ​មក​រា អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ថា​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ទាំង​ពីរ​ខ្សែ​នេះ គឺ​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ការ​ជួយ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​មុខ​ប្រាសាទព្រះខ័ន​ខាងលិច ផ្តល់​ជម្រើស​បន្ថែម​ក្នុង​ការ​ធ្វើ​ដំណើរ ប្រកបដោយ​សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​របស់​ពលរដ្ឋ​។ ឯកឧត្តម​បញ្ជាក់​ទៀត​ថា លើស​ពី​ផលប្រយោជន៍​ខាងលើ​នេះ ផ្លូវ​បេតុង​ទាំង​ពីរ​ខ្សែ​នេះ​ក៏​នឹង​រួមចំណែក​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ដល់​ដំណើរ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ ឱ្យ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ។

ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ពាក់ព័ន្ធ ក្នុង​គោលដៅ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់ ដើម្បី​ទទួល​ទេសចរ​ក្នុង​បរិមាណ​ច្រើន​លាន​នាក់​អាច​នឹង​លើស​ជាង​មុន​សម័យ​កូ​វី​ដ​១៩ ជា​ពិសេស នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ប្រសើរ​ឡើង​នា​ពេល​ខាង​មុខ ។

លោក សុខ សូ​សិលា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បន្ទុក​ផ្លូវថ្នល់ ឱ្យ​ដឹង​ថា ការ​កសាង​ផ្លូវ​បេតុង​នៅ​មុខ​ខ្លោងទ្វារ​ដី​ឆ្នាំង​នេះ​ឡើង គឺ​ធ្វើ​នៅ​លើ​ផ្លូវ​ចាស់​ឱ្យ​ក្លាយទៅជា​ផ្លូវ​ថ្មី​ឡើង​វិញ ។ ក្នុង​ទស្សនៈ​ជួយ​សម្រួល​ដល់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ផង និង​ជួយ​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង​បុរាណ​ផង ។

លោក សុខ សូ​សិលា សង្កត់ធ្ងន់​ថា នៅ​រៀង​រាល់​រដូវ​បុណ្យ​ទាន អាជ្ញាធរ​ជាតិ​អប្សរា តែង​សម្គាល់​ឃើញ​ផ្លូវ​ចន្លោះ​ពីមុខ​ខ្លោងទ្វារ​ដី​ឆ្នាំង​រហូត​ផ្លូវ​ខាងលិច​ប្រាសាទព្រះខ័ន តែង​ស្ទះចរាចរណ៍ ។ ដោយសារ​តែ​មើលឃើញ​បញ្ហា​ទាំងនេះ​ហើយ ទើប​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​កែ​លម្អ​ជា​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ និង​ពលរដ្ឋ​ក្នុង​តំបន់​ត្រូវធ្វើ​ដំណើរ​ចាំបាច់​ទៅ​មន្ទីរពេទ្យ ក្នុង​ករណី​មាន​អ្នកជំងឺ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​សង្គ្រោះ​ទាន់​វេលា ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង និង​ស្ដារ​ផ្លូវថ្នល់​ឡើង​វិញ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​កាន់តែ​ប្រសើរ​ឡើង ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​កសាង និង​កែ​លម្អ​ផ្លូវថ្នល់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សរុប​ប្រវែង​ជាង​២១២​គីឡូម៉ែត្រ ក្នុង​ចំណោម​ផ្លូវ​ទាំងនោះ មាន​ប្រភេទ​ជា​ផ្លូវ​ដីក្រហម ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ជាដើម ៕ អត្ថបទៈ យី សុ​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ