រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ក្នុងសង្គមយើងបច្ចុប្បន្ន ពិតជាមិនមានសារព័ត៌មានបែបស៊ើបអង្កេតនោះទេ ។

លោកបណ្ឌិតបានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៦ ថា សារព័ត៌មានភាគច្រើនគ្រាន់តែសរសេររៀបរាប់សាច់រឿង ឬរត់តាមព្រឹត្តិការណ៍សើៗតែប៉ុណ្ណោះ ពោលគឺពុំទាន់មានស្ថាប័នណាដែលតាមដានសាច់រឿងឱ្យដល់ឫសគល់ ឬតាមដានដំណើរការយុត្តិធម៌ រហូតដល់ទីបញ្ចប់នៃសំណុំរឿងនោះឡើយ ។
ចំណែកឯសាធារណជនវិញ ក៏ហាក់មានចរិតឆាប់ឆេះ តែឆាប់រលត់ដូចភ្លើងចម្បើង ឈូរឆបានតែមួយឆាវ រំលងបានតែពីរបីសប្តាហ៍ ឬយ៉ាងយូរមួយខែ អ្វីៗក៏រសាត់បាត់តាមខ្យល់អស់ ។
លោកបណ្ឌិតបានបន្ថែមថា តួយ៉ាង ដូចជាករណីឧកញ៉ាដីខ្យល់ ផ្ទះខ្យល់នៅខេត្តកំពត និងរាជធានីភ្នំពេញ, ករណីហ៊ុនខ្យល់, ករណីចាក់ដីចូលទន្លេនៅស្រីសន្ធរ, ករណីដីឡូត៍នៅភ្នំតាម៉ៅ, ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។ល។… តើចំណាត់ការចុងក្រោយទៅជាយ៉ាងណា? តើការកាត់ទោសបានអនុវត្តដោយតម្លាភាពដែរឬទេ? តើជនល្មើសបានទទួលទោសនិងជាប់ពន្ធនាគារពិតប្រាកដឬទេ? តើសំណងខូចខាតបានទៅដល់ដៃជនរងគ្រោះពេញលេញ និងពិតប្រាកដដែរឬទេ? តើនរណាដឹង? ភាពស្រពេចស្រពិលនិងការឆាប់ភ្លេចរបស់សង្គមបែបនេះហើយ ដែលជួយសម្រួលផ្លូវឱ្យមនុស្សខូចនៅតែខូច, អ្នកបោកប្រាស់នៅតែបោកប្រាស់, អ្នករងគ្រោះនៅតែរងគ្រោះ ។ ជាលទ្ធផល សង្គមជាតិទាំងមូលត្រូវវិលវល់ក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់ដដែលៗ ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមថា បើក្រឡេកមកមើលអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចមួយចំនួនវិញ តាំងពីសម័យសម្តេចតេជោ រហូតដល់សម័យសម្តេចតេជោធិបតី ទម្លាប់អាក្រក់មួយនៅតែបន្តឫសគល់ គឺទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបស្ទុះស្ទារមានចំណាត់ការ ។
ចំណាត់ការទាំងនោះទៀតសោត ប្រៀបដូចជាការអង្គុយពន្លត់ភ្លើង ពោលគឺធ្វើឡើងដើម្បី
បង្ក្រាបកម្តៅមតិសាធារណៈបានតែមួយឆាវ រួចក៏ស្ងាត់បាត់ទៅវិញ ឬពេលខ្លះស្ថានភាពក្រោយចំណាត់ការកាន់តែអាក្រក់ជាងមុនទៅទៀត ។
ជាមួយគ្នានោះដែរ លោកបណ្ឌិតក៏លើកឡើងថា មន្ត្រីខ្លះ មាត់ថ្លែងថា គោរពស្រឡាញ់
សម្តេចទាំងទ្វេខ្លាំងណាស់ ប៉ុន្តែសកម្មភាពជាក់ស្តែង បែរជាបង្កបញ្ហាស្មុគស្មាញ និងបង្កើតបន្ទុកគ្រប់បែបយ៉ាងដល់ថ្នាក់ដឹកនាំ ។
ទីបំផុត ពួកគេប្រមូលផលប្រយោជន៍ដាក់ហោប៉ៅផ្ទាល់ខ្លួន ប៉ុន្តែនៅពេលសាធារណជនផ្ទុះកំហឹង គឺគេបាញ់ឆ្ពោះទៅរកស្ថាប័នរាជរដ្ឋាភិបាល និងបុគ្គលថ្នាក់ដឹកនាំ ជាពិសេស គឺសម្តេចទាំងទ្វេ ដែលជាអ្នករងគ្រោះដោយសារទង្វើអសមត្ថភាព ភាពអាត្មានិយម ឱកាសនិយម និងភាពអសកម្មរបស់មន្ត្រីគ្រាប់ល្ពៅស្ងោទាំងនោះទៅវិញ ។
លោកបណ្ឌិតសង្កត់ធ្ងន់ថា បើអស់លោកពិតជាមានមនសិការស្រឡាញ់ជាតិ និងគោរពស្រឡាញ់សម្តេចទាំងទ្វេ ដូចសម្ដីផ្អែមល្ហែម និងឥរិយាបថលូនក្រាបដែលអស់លោកបានបង្ហាញមែននោះ សូមមេត្តាធ្វើអំពើល្អចំពោះជាតិ និងប្រជាជនឱ្យបានពិតប្រាកដទៅ។
លោកបណ្ឌិតគូសបញ្ជាក់ថា «ការបំពេញតួនាទីដោយភាពស្មោះត្រង់ និងយុត្តិធម៌ នោះទើបជាការសងគុណជាតិ និងសងគុណសម្តេចទាំងទ្វេពិតប្រាកដ» ៕
ចែករំលែកព័តមាននេះ