ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ក្រសួង​ការងារ ​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ លើ​ជំនាញ​យានយន្ត​អគ្គិសនី (EV)

17 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យៀ​ក…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យៀ​ក ឆឹង​ហ៊ុយ (Ye Chenghui) ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន BYD (Cambodia) Co., Ltd. និង​ជានា​យក​ផ្នែក​លក់​រថយន្ត​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុមហ៊ុន BYD នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​បង្កើត​ឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​យានយន្ត​អគ្គិសនី (EV) ក្នុង​ទិស​ដៅ​បំពេញតម្រូវការ​ទីផ្សារ និង​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​ពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​សកល ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​លោក យៀ​ក ឆឹង​ហ៊ុយ និង​សហការី​យ៉ាង​កក់ក្តៅ និង​បាន​ថ្លែងអំណរគុណ ​ចំពោះ​ក្រុមហ៊ុន BYD ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង អភិវឌ្ឍ​ធនធានមនុស្ស និង​ផ្តល់​ឱកាស​ការងារ​នៅ​កម្ពុជា តាម​រយៈ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​សម្រាប់​វិស័យ EV ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា វត្តមាន​ក្រុមហ៊ុន BYD គឺជា​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​កម្ពុជា និង​ផ្តល់​ជម្រើស​ថ្មី​នៃ​ការ​ប្រើប្រាស់ EV ដែល​មាន​តម្លៃ​សមរម្យ និង​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ ហើយ​កិច្ចប្រជុំ​នា​ពេល​នេះ ក៏​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ផង​ដែរ ​។

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រតិបត្តិការ​ក្រុមហ៊ុន BYD និង​បាន​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ផង និង​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ផង​តាម​រយៈ​ការ​ប្រើប្រាស់ EV ។ ជាក់ស្តែង នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​ពន្ធ​ទាំងស្រុង​លើ​ការ​នាំ​ចូល EV ជា​លក្ខណៈ​គ្រួសារ ដែល​នេះ​ជា​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ និង​ការ​ប្រើប្រាស់ EV កាន់តែ​ច្រើន​នៅ​កម្ពុជា ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ ពី​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន BYD តាម​រយៈ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។ កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន BYD នេះ​បង្ហាញ​ពី​តម្រូវការ​នៃ​ការ​បង្គុំ​រថយន្ត ការ​នាំ​ចូល និង​បន្ដ​កើនឡើង​។ ដូចនេះ វា​ជា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​ក្រុមហ៊ុន និង​ក្រសួង ត្រូវ​សហការ​គ្នា​ក្នុង​ការ​បណ្តុះបណ្តាល​យុវជន​ឱ្យ​ទទួល​បាន​ជំនាញ​កាន់តែ​ខ្ពស់​ ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​ភាព​ជា​ដៃគូ ដើម្បី​ការ​កសាង​កម្លាំង​ពលកម្ម​ជំនាញ ត្រៀមខ្លួន​សម្រាប់​អនាគត និង​មាន​ភាព​ធន់ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជាតិ និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប លោក យៀ​ក ឆឹង​ហ៊ុយ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន BYD ទទួល​បាន​ភាព​ជោគជ័យ​នា​ពេល​នេះ​។ លោក​បាន​ជម្រាប​ជូន​ពី​ប្រវត្តិ​ប្រតិបត្តិការ វឌ្ឍនភាព​ប្រកបដោយ​មោទកភាព និង​យុទ្ធសាស្ត្រ​បន្ត​របស់​ក្រុមហ៊ុន BYD នៅ​កម្ពុជា ដោយ​លោក​បាន​គូសបញ្ជាក់​ថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន BYD ក៏​ផ្តោត​សំខាន់​លើ​គាំពារ​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរ និង​ផ្តល់​ជម្រើស​ថ្មី​នៃ​ការ​ប្រើប្រាស់ EV ទំនើប​ក្នុង​តម្លៃ​សមរម្យ​ ។

ក្នុង​ជំនួប​ប្រកបដោយ​ផ្លែផ្កា និង​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​នេះ ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​រួម​គ្នា​យ៉ាង​មុតមាំ​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដ៏​យូរអង្វែង​ សម្រាប់​ប្រជាជាតិ​ទាំង​ពីរ ជា​ពិសេស តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​សិស្ស​, ការ​ចុះ​កម្មសិក្សា និង​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្ទាល់​ជាដើម​ ៕ អត្ថបទសហការ