ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២០ កុម្ភៈ ២០១៤ បានចុះបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ នៅចំណុចផ្លូវលំជិតសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀនឈ្មោះខូញ ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ចំណែកអ្នកប្រើប្រាស់៣នាក់ទៀត ១-ឈ្មោះម៉េន វណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងជួសជុលរថយន្ត មានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ, ២-ឈ្មោះជា ដារ៉ា ភេប្រុស អាយុ២៣ឆ្នាំ ជាអ្នកដាំបន្លែលក់ មានទីលំនៅភូមិពង្រ និង៣-ឈ្មោះផាត់ ផុស ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិពង្រដែរ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កូនថង់ប្លាស្ទិកពណ៌សទម្ងន់០,៧ក្រាម និងទូរស័ព្ទដៃ១គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ