រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការនៃមន្ទីរយុត្តិធម៌ហុងកុង បានដឹកនាំគណៈប្រតិភូជំនាញខាងផ្នែកច្បាប់ និងមជ្ឈត្តកម្មធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កុម្ភៈ ២០១៤ ដើម្បីពង្រឹងជំហររបស់ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលអន្តរជាតិនៃសេវាកម្មផ្នែកច្បាប់ និងសេវាកម្មដោះស្រាយវិវាទនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ នៅព្រឹកថ្ងៃទី២១ កុម្ភៈ ២០១៤ នេះ មជ្ឈមណ្ឌលបានរៀបចំសិក្ខាសាលាមួយនៅកម្ពុជាយើង គឺនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមលោកជំទាវ ចាន់ សុធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងឱកាសនោះលោក Raymond Yip ជំនួយការអគ្គនាយកប្រតិបត្តិនៃសភាអភិវឌ្ឍន៍ពាណិជ្ជកម្ម ហុងកុង បានមានប្រសាសន៍ថា ហុងកុង និងកម្ពុជា មានទំនាក់ទំនងរវាងគ្នានឹងគ្នាកាន់តែជិតស្និទ្ធ ហើយការធ្វើជំនួយរវាងសេដ្ឋកិច្ចនៃប្រទេសទាំង២កំពុងតែមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង១៩% ។ នៅក្នុងឆ្នាំ២០១៣ កន្លងមកនេះ កម្ពុជាបាននាំចេញទៅកាន់ហុងកុងមានទំហំទឹកប្រាក់១០៨លានដុល្លារអាមេរិក ដែលកើនឡើងប្រហែលជា៦០% ។ ហើយជាការពិតកម្ពុជា បាននាំចេញសរុបទៅកាន់ប្រទេសនានា មានទំហំទឹកប្រាក់ជិត៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ ដែលកើនឡោះងប្រមាណជា២៦% ។ ហើយចំពោះការវិនិយោគដោយផ្ទាល់របស់បរទេសនៅកម្ពុជា គឺកំពុងតែមានដំណើរការល្អ ជាក់ស្តែងនៅក្នុងឆ្នាំ២០១២ មានទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ដែលកើនឡើង៧៣% ហើយចំពោះការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា បានហក់ឡើងដល់៦២% ក្នុងឆ្នាំ២០១៣ ដែលមានទឹកប្រាក់៤២៧លានដុល្លារអាមេរិក ។
ចែករំលែកព័តមាននេះ