អំពើហិង្សានៅអ៊ុយក្រែននាថ្ងៃទី២០ កុម្ភៈ បានផ្ទុះខ្លាំងទៀតដែលតាមពួកប្រឆាំងថា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៦០នាក់ថែមទៀតនៅទីក្រុងគៀវ ខណៈការខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីអឺរ៉ុប៣រូប ដើម្បីឱ្យទទួលបានការសម្របសម្រួលគ្នាមួយត្រូវបរាជ័យ ។
ថ្ងៃទី២០ កុម្ភៈ ជាទិវាយ៉ាងបង្ហូរឈាមបំផុតតាំងពីចាប់ផ្តើមបាតុកម្មតវ៉ានៅអ៊ុយក្រែនកាលពី៣ខែមុននេះមក ។ មនុស្សយ៉ាងតិច៦០នាក់បានត្រូវស្លាប់នៅទីក្រុងគៀវ ។ តុល្យការផ្លូវការនៃអំពើហិង្សានៅអ៊ុយក្រែនចាប់ពីថ្ងៃទី១៨ កុម្ភៈ មក អះអាងពីមនុស្សស្លាប់សរុប៧៥នាក់ តែសេចក្តីរាយការណ៍មួយទៀតថា អ្នកស្លាប់ឡើងដល់១០០នាក់ រួចមនុស្សជាច្រើនរយនាក់ត្រូវរបួស ។
ដោយប្រើដុំថ្ម ដុំដែក ព្រមទាំងដបសាំងដុតពួកបាតុកររ៉ាឌីកាល់ជាច្រើនរយនាក់ដែលពាក់មួកកាស់ ហើយប្រដាប់ដោយខែលដែកដូចប៉ូលិសដែរ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងកុបកម្មដែលបានតបតវិញជាមួយការបាញ់គ្រាប់កៅស៊ូ គ្រាប់បែកបង្ហូរទឹកភ្នែក ព្រមទាំងកាំភ្លើង AK ផងដែរ ។ ពួកបាតុករត្រូវបានសម្លាប់បែបវិជ្ជាជីវៈបំផុតដោយខ្មាន់កាំភ្លើងដៃត្រង់ដែលបាញ់តម្រង់ចំទ្រូង ឬចំក្បាលតែម្តង ។
ទីលានឯករាជ្យ ឬហៅទីលានម៉ៃអីុដាន នៅតែកាន់កាប់ដោយពួកបាតុករប្រឆាំងរដ្ឋាភិបាល និងពួកអ្នកស្និទ្ធសហភាពអឺរុ៉ប ដោយកងកម្លាំងប៉ូលិសបុ៉នប៉ងមិនបានជោគជ័យសម្រាប់ពេលនេះកម្ចាត់ពួកគេចេញពីទីលាននោះ ។រដ្ឋមន្ត្រីមហាផ្ទៃអុ៊យក្រែនលោកវីតាលី ហ្សាខាឆេនកូ គូសបញ្ជាក់ថា ប៉ូលិសយ៉ាងតិច១៣នាក់បានត្រូវស្លាប់ ហើយ៥៧នាក់ទៀតត្រូវចាប់ខ្លួនដោយពួកបាតុកររ៉ាឌីកាល់ចាប់ពីថ្ងៃទី១៨ កុម្ភៈមក ។ លោកក៏បានបញ្ជាក់ដែរថា ចាប់ពីពេលនេះទៅ ប៉ូលិសទទួលអាវុធហើយនឹងប្រើប្រាស់អាវុធទាំងនោះយោងទៅតាមច្បាប់ដើម្បីការពារខ្លួន ។
ខាងផ្នែកការទូតវិញ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រីអេនហ្សឺឡាម័រកែល ចង់ឱ្យមានដំណោះស្រាយនយោបាយមួយចំពោះវិបត្តិអ៊ុយក្រែនឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ហើយឱ្យបញ្ឈប់ការបង្ហូរឈាម ។ នៅក្រុងប៊ែរឡាំង លោកស្រីម័រកែល កាលពីថ្ងៃទី២០ កុម្ភៈ បានទូរស័ព្ទទៅកាន់លោកពូទីន និងលោកអូបាម៉ា ។ លោកស្រីបានជម្រាបដល់ប្រធានាធិបតីទាំង២រូបពីបេសកកម្មរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំង និងប៉ូឡូញនៅទីក្រុងគៀវ ។
រហូតមកទល់ពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងនយោបាយណាមួយត្រូវបានរកឃើញនៅឡើយ ទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោកវិកទ័រ អុីយ៉ានូកូវីត ធ្វើសម្បទាននានាក្តី ហើយរដ្ឋមន្ត្រីអឺរុ៉បទាំង៣រូបក៏បានវិលត្រឡប់មកវិញ ។ បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរុ៉បដែលរួមប្រជុំគ្នាកាលពីថ្ងៃទី២០ កុម្ភៈ នៅក្រុងព្រុចសែល បានព្រមព្រៀងគ្នាអនុម័តទណ្ឌកម្មនានាប្រឆាំងអ៊ុយក្រែន ក្នុងនោះរួមមានការផ្អឹបទុកទ្រព្យសម្បត្តិ ការហាមមិនឱ្យផ្តល់ទិដ្ឋាការ និងការហាមឃាត់ការនាំចេញបណ្តាឧបករណ៍ប្រឆាំងការបះបោរ ៕
ចែករំលែកព័តមាននេះ