រាជធានីភ្នំពេញ ៖ អនុវត្តតាមផែនការរបស់លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងការណែនាំផ្ទាល់ពីលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការរាជធានីភ្នំពេញ អង្គភាពជំនាញរបស់មន្ទីរសាធារណការនេះបានបំបែកជា៣ក្រុមបើកយុទ្ធនាការជួសជុល និងកែលំអផ្លូវដែលមានការខូចខាតនាពេលកន្លងមកឱ្យបានប្រសើរឡើងវិញក្នុងរដូវប្រាំងនេះ បន្ទាប់ពីផ្លូវមួយចំនួននោះបានទទួលរងនូវការខូចខាតកាលពីរដូវវស្សាកន្លងមក និងជាផ្នែកមួយនៃការថែទាំផ្លូវជាប្រចាំរបស់សាលារាជធានីភ្នំពេញផងដែរ ។
លោកពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកហេង ងួន ប្រធានអង្គភាពស្ពានថ្នល់បាននិយាយប្រហាក់ប្រហែលគ្នាថា ក្នុងដំណើរការកែលំអផ្លូវនេះ មន្ទីរបានបែងចែកកម្លាំងជា៣ក្រុមធំៗ ចុះអនុវត្តក្នុងភូមិសាស្ត្រខណ្ឌចំនួន៥នៅកណ្តាលរាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើការលុបសំបុកមាន់ ចាក់អ៊ុតបេទីម និងកន្លែងខ្លះកាយធ្វើគ្រឹះជាថ្មី ។
គួររំលឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៣ កន្លងទៅក្នុងភូមិសាស្ត្ររបស់រាជធានីភ្នំពេញជាច្រើនកន្លែងបានទទួលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងរដូវវស្សាដែលបណ្តាលមកពីកត្តាជាច្រើនដូចជាការស្ទះប្រព័ន្ទលូ ទំហំលូតូចៗហូរមិនទាន់ គួបផ្សំនឹងការចាក់ដីរំលោភលើបឹង ប្រឡាយដោយខុសច្បាប់ដែលធ្វើឱ្យទឹកដក់លើផ្លូវបណ្តាលឱ្យខូចផ្លូវតែម្តង ។
ការជួសជុល និងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តរូបមន្ត៣២១ គឺផ្គុំ៣ ផ្តាច់២ និងផ្តើម១ រួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ ពិសេសកែលំអសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង ។
លោកពៅ ម៉េងហៃ បានបញ្ជាក់ថា យុទ្ធនាការជួសជុលផ្លូវនេះបានអនុវត្តប៉ុន្មានខែកន្លងមកហើយ បើគិតរហូតមកដល់ពេលនេះដំណើរការនៃការជួសជុលផ្លូវក្នុងរាជធានីភ្នំពេញសម្រេចបានប្រមាណ៧០%ហើយ និងជម្រុញឱ្យបានរួចរាល់នៅមុនរដូវវស្សាមកដល់៕
ចែករំលែកព័តមាននេះ