ចៀសវាងពាក្យថា«គ្រាន់ជាឆាកល្ខោន»លើករណីបំផ្លាញឡានដឹកឈើបាកុង
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាត់បំផ្លាញចោលនូវរថយន្តបាកុងចំនួន១៣គ្រឿងបន្ថែមទៀត ដែលកម្លាំងបង្ក្រាបបាននាពេលថ្មីៗនេះ ស្ថិតនៅស្រុកកោះញែកខេត្តមណ្ឌលគិរី ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណកម្មការជាតិដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោកឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ លោកនាយឧត្តមសេនីយ៍ក៏បានឲ្យអ្នកពាក់ព័ន្ធ និងអាជ្ញាធរគិតគូរប្រមូលវត្ថុតាងរថយន្តដឹកឈើដែលបាន
កម្ទេចចោលទៅទុកនៅកន្លែងណាមួយ ក្នុងតំបន់ដែលអាចឲ្យអ្នកទេសចរណ៍ ក៏ដូចប្រជាពលរដ្ឋទូទៅអាចមើលឃើញ ដើម្បីបញ្ជាក់ពីសកម្មភាពរបស់គណៈកម្មធិការថ្នាក់ជាតិបានចុះធ្វើ ចៀសវាងពាក្យ
ចចាមអារ៉ាមថា នេះគ្រាន់តែជាឆាកល្ខោន ។

សូមរំលឹកថា ក្នុងអំឡុងពេលដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យលទ្ធផលបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ក្នុងស្រុកកោះញែក កាលពីថ្ងៃទី០៦ សីហា កន្លងទៅនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់ឲ្យកម្លាំងទាំងអស់ ត្រូវរឹតបន្តឹងគ្រប់សកម្មភាពកាប់ទន្ទ្រាន ដឹកជញ្ជូន ផលអនុផលព្រៃឈើ ដែលក្រុមទុច្ចរិកផ្សំគំនិតគ្នា បំផ្លាញធនធានធម្មជាតិរបស់កម្ពុជា ។

ខេត្តមណ្ឌលគិរីមានក្រុមហ៊ុនប្រមូលផល អនុផលព្រៃឈើ មានលិខិតអនុញ្ញាតចំនួន១០ក្រុមហ៊ុន និងមានរោងសន្និធិឈើ រោងសិប្បកម្មកែច្នៃឈើជិតព្រំដែនចំនួន២កន្លែង ហើយក្រុមហ៊ុនទាំង១០ មានក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ក្រុមហ៊ុនយ៉ានចាវ ក្រុមហ៊ុនថាច់វូដ ក្រុមហ៊ុនវិជ្ជរី ក្រុមហ៊ុនណេងណា ក្រុមហ៊ុនយូនីហ្គ្រីន ក្រុមហ៊ុនស្រ៊ុនម៉េងលាង ក្រុមហ៊ុនផេស៊ីហ្វិកហ្គ្រេន ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ និងក្រុមហ៊ុនទ្រីភាព ក្នុងចំណោមក្រុមហ៊ុនទាំងនេះ និងរោងសន្និធិឈើ មានតែក្រុមហ៊ុនលឹមរ៉ូយ៉ាល់ និងឈើដេញថ្លៃរបស់ក្រុមហ៊ុនទ្រីភាព ប៉ុណ្ណោះដែលធ្វើត្រឹមត្រូវតាមច្បាប់ ក្រៅពីនោះគឺសុទ្ធតែរកឃើញបទល្មើស ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។











ចែករំលែកព័តមាននេះ