ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីបន្ទាត់ព្រំដែនស្រុកថ្មពួក បានឲ្យដឹងថា លោកអភិបាលរងស្រុកថ្មពួកម្នាក់ និងមន្ត្រីបរិស្ថានមួយចំនួន ត្រូវបានប្រជាពលរដ្ឋខឹងសម្បារឈានដល់ការប្រើអំពើហិង្សាវាយទាត់ធាក់របួស កាលពីវេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី២០ កុម្ភៈ ២០១៤ នៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ក្នុងពេលចុះទៅបំពេញការងារនៅទីនោះ។ លោកអភិបាលដែលរងរបួសត្រូវបានប្រភពប្រាប់ថា ឈ្មោះ ជី សំណាង ភេទប្រុស ចំណែកមន្ត្រីបរិស្ថានមួយចំនួនទៀតពុំត្រូវបានគេបង្ហើបឲ្យស្គាល់អត្តសញ្ញាណនៅឡើយទេ។
ជុំវិញបញ្ហាខាងលើនេះ លោក ជី សំណាង អភិបាលរងស្រុកថ្មពួក បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា រូបលោក និងមន្ត្រីបរិស្ថានមួយចំនួន ត្រូវបានក្រុមប្រជាពលរដ្ឋវាយទាត់ធាក់របួសយ៉ាងធ្ងន់ធ្ងរមែន ហើយលោកប្រាប់ថា ពេលនេះ លោកបានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ ដើម្បីឲ្យជួយរកយុត្តិធម៌ ព្រោះលោកមិនបានធ្វើអ្វីខុស គឺចុះទៅបំពេញការងារតាមបញ្ជាសាលាស្រុក និងសាលាខេត្ត ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ និងអត្តសញ្ញាណកម្មដីជូនប្រជាពលរដ្ឋ ដែលមានទំនាស់ជាមួយក្រុមហ៊ុនមួយឈ្មោះ លៀងប៊ូ ដែលប្រជាពលរដ្ឋចំនួន ៤២៨គ្រួសារ បានប្ដឹងតវ៉ាទៅសាលាខេត្តចោទថា រំលោភយកដីពួកគាត់។
លោកអភិបាលរូបនោះបន្តថា ធាតុពិតលោក និងក្រុមការងារចុះទៅទីនោះ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ បែរជាក្រុមប្រជាពលរដ្ឋប្រើអំពើហិង្សាទៅលើពួកគាត់ជាមន្ត្រីទៅវិញ។ នៅមិនទាន់ដឹងថា តើបញ្ហាមួយនេះ កើតចេញពីរឿងអ្វីពិតប្រាកដនៅឡើយទេ ព្រោះថា កន្លែងកើតហេតុនៅឆ្ងាយ ម្យ៉ាងមិនស្គាល់លេខទូរស័ព្ទប្រជាពលរដ្ឋកន្លែងកើតហេតុណាម្នាក់ ដើម្បីសុំការបំភ្លឺឡើយ ហើយក្រុមហ៊ុនដែលពាក់ព័ន្ធ ក៏ពុំមានលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺដែរ។
តាមប្រភពបញ្ជាក់ថា សូម្បីតែរោងដែលក្រុមមន្ត្រីសាងសង់សុំដីគេក្នុងគោលបំណង ដើម្បីធ្វើការងារ ក៏ត្រូវបានគេរុះរើដុតកម្ទេចចោលផងដែរ ព្រោះប្រជាពលរដ្ឋគិតថា ជារបស់ក្រុមហ៊ុនខាងលើ ខណៈប្រភពពីប្រជាពលរដ្ឋលើកឡើងថា ជាការទប់ស្កាត់មិនឲ្យខាងក្រុមហ៊ុនបោះទីតាំងលើដីទំនាស់។ កោះសន្តិភាពនឹងចុះទៅដល់កន្លែងកើតហេតុ ដើម្បីសិក្សារឿងនេះ ឲ្យបានល្អិតល្អន់នៅថ្ងៃស្អែក៕
ចែករំលែកព័តមាននេះ