ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​​បុរី​​កីឡា​​​​បួងសួង​​នៅ​ព្រះ​​អង្គ​​ដង​​កើ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​២០​ កុម្ភៈ​ ជា​ថ្ងៃ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​យុត្តិ​ធម៌​សង្គម​ ប្រជា​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ប្រមាណ​២០​នាក់​ បាន​នាំ​គ្នា​មក​អុជ​ធូប​នៅ​ព្រះ​អង្គ​ដង​កើ​ (មុខ​ព្រះ​បរម​រាជ​វាំង)​ វិថី​ព្រះ​សុីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ដើម្បី​បួង​សួង​ ក៏​ដូច​ជា​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ ឱ្យ​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ ដែល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ឋាន​ ។​

ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​សហ​គមន៍​បុរី​កីឡា​ និង​បាន​មក​ចូល​រួម​អុជ​ធូប​នៅ​ព្រះ​អង្គ​ដង​កើ​ និយាយ​ថា​ ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ ភូមិ​ទី​១២​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា​ បាន​រង​គ្រោះ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ មក​ឈូស​ឆាយ​ និង​កម្ទេច​ផ្ទះ​ប្រជា​ពល​រដ្ឋ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១២​ ទាំង​អយុត្តិ​ធម៌​ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​រង​ទុក្ខ​វេទនា​ ហើយ​បង្ខំ​ចិត្ត​រស់​នៅ​ក្បែរ​គំនរ​សំរាម​ និង​ក្រោម​ជណ្តើរ​រហូត​ដល់​បច្ចុប្បន្ន​ រង់​ចាំ​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ផ្តល់​ភាព​យុត្តិ​ធម៌​ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​ គឺ​សូន្យ​ដដែល​ ។​ នៅ​ពេល​ថ្មីៗ​នេះ​ទៀត​ ប្រជា​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​៧មករា​ បណ្តេញ​ចេញ​ពី​អគារ​ទី​៩​ និង​វាយ​ដំ​ប្រជា​ពល​រដ្ឋ​ប្រុស​ស្រី​ឱ្យ​រង​របួស​ ។​ ដោយ​អស់​សង្ឃឹម​ទៅ​លើ​អាជ្ញា​ធរ​ ក៏​ដូច​ជា​តុលា​ការ​ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២០​ កុម្ភៈ​ ដែល​ត្រូវ​នឹង​ទិវា​យុត្តិ​ធម៌​សង្គម​ពិភព​លោក​ ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ នាំ​គ្នា​ជិះ​រ៉ឺម៉ក​ម៉ូតូ​មក​កន្លែង​ព្រះ​អង្គ​ដង​កើ​ ដើម្បី​បន់​ស្រន់​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ ជួួយ​ផ្តល់​យុត្តិ​ធម៌​ជូន​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ ដែល​កំពុង​រង​ទុក្ខ​វេទនា​គ្មាន​ទីជម្រក​រស់​នៅ​មិន​ស្មើ​នឹង​សត្វ​ទៅ​ទៀត​ ។​

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ ដែល​ឃ្លាំ​មើល​សកម្ម​ភាព​ប្រជា​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ ឱ្យ​ដឹង​ថា​ ប្រជា​ពល​រដ្ឋ​សហ​គមន៍​បុរី​កីឡា​ដែល​មក​អុជ​ធូប​បួង​សួង​នៅ​ព្រះ​អង្គ​ដងកើ​ គឺ​មិន​មាន​ការ​បង្ក្រាប​ ឬ​បណ្តេញ​ចេញ​នោះ​ទេ​ បើ​ទោះ​បី​ជា​ពួក​គាត់​មក​ជួប​ជុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ក៏​ដោយ​ ម្យ៉ាង​វិញ​ទៀត​ មិន​ធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​ឡើយ​ ។​ មន្ត្រី​ដដែល​បញ្ជាក់​ថា​ ដោយ​ឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ កុម្ភៈ​ ក៏​មាន​ក្រុម​យុវ​ជន​៧​នាក់​ និង​ព្រះ​សង្ឃ​៣អង្គ​ នាំ​គ្នា​មក​កាន់​ទី​លាន​ប្រជា​ធិប​តេយ្យ​ ដើម្បី​សម្តែង​ការ​អប​អរ​សាទរ​ទិវា​យុត្តិ​ធម៌​សង្គម​ពិភព​លោក​ ២០​ កុម្ភៈ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ​ បណ្តេញ​ចេញ​ពី​ទីនោះ​ ព្រោះ​ការ​ជួប​ជុំ​នេះ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ៕​