ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ព្រួត​វាយ​​​បុរស​វៀត​​ណាមស្លា.ប់ បុរស​​ជាប់ចោទ​​​ដែល​ត្រូវ​​ឃុំ​ខ្លួន ចាត់​​ទុក​ថា​​​ជា​​រឿង​​អយុត្តិ​​ធម៌

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុ​ការណ៍​ហិ.ង្សា​មួយ​ដែល​ឈាន​ដល់​ការ​វាយ​ស្លា.ប់​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ នៅ​មុខ​រោង​​ចក្រ​បារី​សេក​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​​លើ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១៥ កុម្ភៈ​ ឆ្នាំ​២០១៤ ហាក់​ដូច​ជា​បង្ក​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​មួយ​ និង​កំពុង​ក្លាយ​ជា​ការ​វិភាគ​ជា​ទូ​ទៅ​ផង​ដែរ​ថា​ តើ​ការ​សម្លា.ប់​នេះ​ជា​ការ​រើស​អើង​ពូជ​សាសន៍​ឬ​បែប​ណា?​

រាជធានី​ភ្នំពេញ ៖ ហេតុ​ការណ៍​ហិង្សា​មួយ​ដែល​ឈាន​ដល់​ការ​វាយ​ស្លាប់​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ នៅ​មុខ​រោង​​ចក្រ​បារី​សេក​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​​លើ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១៥ កុម្ភៈ​ ឆ្នាំ​២០១៤ ហាក់​ដូច​ជា​បង្ក​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​មួយ​ និង​កំពុង​ក្លាយ​ជា​ការ​វិភាគ​ជា​ទូ​ទៅ​ផង​ដែរ​ថា​ តើ​ការ​សម្លាប់​នេះ​ជា​ការ​រើស​អើង​ពូជ​សាសន៍​ឬ​បែប​ណា?​

ការ​វាយ​សម្លាប់​នោះ​ គឺ​ជា​ហិង្សា​ព្រួត​វាយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើ​ល​មួយ​ពី​សំណាក់​មនុស្ស​ជា​ច្រើន​នាក់​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដើម្បី​សួរ​នាំ​ ផ្ទុយ​ទៅ​វិញ​ស្រាប​់​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ដោយ​ចោទ​ពី​បទ​បង្ក​ឱ្យ​មាន​ហិង្សា​ និង​ជា​អ្នក​ស្រែក​ឱ្យ​មាន​ហិង្សា​កើត​ឡើង​ ។ មក​ដល់​រសៀល​ថ្ងៃ​ទី​១៩​ កុម្ភៈ តុលា​ការ​បាន​ចោទ​ប្រកាន់​បុរស​រូប​នេះ​ពី​បទ​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស រង់​ចាំ​ការ​សើុប​​អង្កេត​ដោយ​ចៅ​ក្រម​នៅ​ពេល​ក្រោយ​ ។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ជុំ​វិញ​រឿង​រា៉វ​ខាង​លើ​នេះ​ បុរស​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា អាយុ​៥០​ឆ្នាំ​ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​១១១៥​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ ដែល​ជា​ជន​ជាប់​ចោទ​ ដោយ​មិ​ន​ដឹង​ថា​ខ្លួន​មាន​ទោស​អ្វី​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ បាន​ស្រែក​ទ្រហោ​យំ​រក​យុត្តិ​ធម៌​ដោយ​អះ​អាង​ថា​​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា​ មិន​មែន​ជា​ឃាត​ករ​ពិត​ប្រាកដ​ ដែល​បាន​ប្រើ​ហិង្សា​លើ​ជន​ជាតិ​វៀត​ណាម​ឈ្មោះ​ ង្វៀង​ យាំង​ជាង​ អាយុ​២៨​ឆ្នាំ​ ដែល​ស្លាប់​ដោយ​សារ​ការ​ព្រួត​វាយ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​នោះ​ឡើយ​ ។

ការ​លើក​ឡើង​ដូច្នេះ​ដោយ​សារ​មាន​សាក្សី​ជា​ច្រើន​នាក់​និ​យាយ​ថា ពេល​កើត​ហេតុ​វាយ​តប់​គ្នា​បណ្តាល​ឱ្យ​ឈ្មោះ​ ង្វៀង​ យាំង​ជាង​ ស្លាប់​នោះ​ ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា បាន​រត់​ទៅ​កាន់​ស្នាក់​​ការ​ប៉ុស្តិ៍​នគរ​បាល​ចាក់​អង្រែ​លើ​ ដើម្បី​ប្តឹង​សមត្ថ​កិច្ច​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​វាយ​តប់​គ្នា​ជាមួយ​កូន​ប្រុស​គាត់​ ហើយ​បែរ​ជា​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​គាត់​ទៅ​វិញ​ ។ ដូច្នេះ​ហេតុ​ការណ៍​នេះ​ ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​បាន​សំណូម​ពរ​តាម​រយៈ​កោះ​សន្តិ​ភាព​សុំ​ទៅ​លោក​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ក៏​ដូច​ជា​លោក​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​រួម​ជាមួយ​មន្ត្រី​តុលា​ការ​ដទៃ​ទៀត​ ដែល​កំពុង​ប្រតិ​បត្តិ​ច្បាប់​​លើ​ករណី​ចោទ​ប្រកាន់​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា​ សូម​មេ​ត្តា​បើក​ការ​សើុប​អង្កេត​ឱ្យ​បាន​ម៉ត់​ចត់​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ជូន​ជន​ជាប់​ចោទ​ ចៀស​វាង​មាន​រឿង​អយុត្តិ​ធម៌កើត​ឡើង​ ហើយ​ឃាត​ករ​ពិត​ប្រាកដ​បែរ​ជា​រួច​ខ្លួន​ទៅ​វិញ​ ។ សូម​រំលឹក​ថា​ កាល​ពី​​យប់​ថ្ងៃ​ទី​១៥​ កុម្ភៈ កន្លង​មក​ ជន​រង​គ្រោះ​ដែល​​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ​ ង្វៀង​ យាំង​ជាង មាន​ទី​លំ​នៅ​ជិត​វត្ត​ចាក់​អង្រែ​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​រត់​មក​ប្រាប់​ថា ឱ្យ​ទៅ​ជួយ​ប​្អូន​ប្រុស​ឈ្មោះ​ ង្វៀង​ យាំង​តឹង​ ដែល​កំពុង​ត្រូវ​គេ​​ព្រួត​វាយ​ដោយ​សារ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​តួច​ នៅ​ចំណុច​ខាង​លើ​ ។ ពេល​នោះ​ឈ្មោះ​ ង្វៀង​ យាំង​ជាង ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​​ដើម្បី​ជួយ​មើល​ប្អូន​របស់​ខ្លួន​ ។

ដោយ​ឡែក​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា ក៏​ត្រូវ​បាន​កូន​ប្រុស​ឈ្មោះ​ ប៊ុន​ សិទ្ធិ​វណ្ណ​ ទូរ​ស័ព្ទ​មក​ប្រាប់​ថា ខ្លួន​ត្រូវ​ជន​ជាតិ​វៀត​ណាម​ព្រួត​វាយ ទើប​ខ្លួន​គាត់​ជា​ឪពុក​ជិះ​ម៉ូ​តូ​ទៅ​ជួយ​មើល​កូន​នៅ​កន្លែង​កើត​ហេតុ​ដូច​គ្នា​ដែរ​ ហើយ​ក៏​កើត​មាន​ការ​ប្រទូស​្ត​រា៉យ​គ្នា​មួយ​ប្រាវ រួច​បែក​គ្នា​រៀង​​ៗ​ខ្លួន​  ទៅ​ ។ ពេល​នោះ​ឈ្មោះ​​ ង្វៀង​ យាំង​ជាង​ បាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​លើក​ទី​១​ បំណង​ចូល​ទៅ​តំបន់​ផ្សារ​ដែក​ដែល​គេ​ច្រើន​ហៅ​ថា​ជា​ភូមិ​យួន​ដើម្បី​គេច​ខ្លួន​ និង​រក​មិត្ត​ភក្តិ​ជួយ​ទើប​បណ្តាល​ឱ្យ​មាន​មនុស្ស​មួយ​ក្រុម​ធំ​ព្រួត​វាយ​ម្តង​ទៀត​រហូត​ស្លាប់​នៅ​នឹង​កន្លែង​ ។ ខណៈ​ពេល​កើត​ហេតុ​លើក​ទី​២​នេះ​ ឈ្មោះ​ប៊ុន​ ចាន់​វុត្ថា​ កំពុង​ស្ថិត​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឯ​ណោះ​ ដូច្នេះ​ករណី​នេះ​ ទើប​​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ទាម​ទារ​រក​យុត្តិ​ធម៌​ពិត​ប្រាកដ​ពី​តុលា​ការ​ ។ បើ​ទោះ​ជា​បែប​ណា​ក៏​ដោយ​ក៏​មាន​ការ​លើក​ឡើង​ថា ប្រជា​ពល​រដ្ឋ​តាម​ផ្លូវ​សាធារ​ណៈ​មិន​គួរ​យក​​ច្បាប់​ព្រៃ​មក​អនុ​វត្តបណ្តាល​ឱ្យ​មាន​ការ​លាប​ពណ៌​ដាក់​គ្នា​ រហូត​ផ្ទុះ​ហិង្សា​វាយ​សម្លាប់​ដូច​ករណី​ខាង​លើ​នេះ​ឡើយ​ ព្រោះ​សង្គម​ជាតិ​យើង​មាន​ច្បាប់​គ្រប់​គ្រាន់​សម្រាប់​ការ​ពារ​ជន​គ្រប់​  រូប ។ ឯសមត្ថ​កិច្ច​ពាក់​ព័ន្ធ​ក៏​គួរ​ស្វែង​រក​យុត្តិ​ធម៌​ពិត​ប្រាកដ​ជូន​បុគ្គល​ម្នាក់​ និង​​មិន​គួរ​បណ្តែត​បណ្តោយ​ទុក​ឱ្យ​ជន​ឧក្រិដ្ឋ​រួច​ខ្លួន​ ហើយ​​ជាប់​ចោទ​បុរស​ម្នាក់​ដែល​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឡើយ​ ។

ជុំ​វិញ​ការ​ចាប់​ខ្លួន​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា គឺ​បាន​ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់​ទាំង​មូល​បាត់​បង់​នូវ​អ្វី​ៗ​សព្វ​បែប​យា៉ង​ទាំង​អស់​ ព្រោះ​រូប​គាត់​ជា​មេ​​គ្រួសារ​ហើយ​បញ្ហា​សំខាន់​មួយ​ទៀត​នោះ​ គឺ​សូម្បី​តែ​ផ្ទះ​ដែល​កំពុង​ជ្រក​កោន​សព្វ​ថ្ងៃ​ក៏​ជាប់​បំណុល​ធនា​គារ​ដែរ​ ។ លោក​ ប៊ុន​ ចាន់​វុត្ថា បាន​ហៅ​ការ​ចាប់​ខ្លួន​រូប​លោក​នា​ពេល​នេះ​ ថា​ជា​រឿង​អយុត្តិ​ធម៌​ ព្រោះ​លោក​មិន​បាន​ស្រែក​ញុះ​ញង់​​ឱ្យ​ស្អប់​ជាតិ​សាសន៍​នោះ​ទេ ខណៈ​ភរិយា​សព​ជន​រង​គ្រោះ​អ្នក​ស្រី​ ម៉ែន​ សីុ​ណាត​ បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​រក​យុត្តិ​ធម៌​ឱ្យ​ប្តី​របស់​ខ្លួន​ ហើយ​ថា​ បើ​គ្មាន​ការ​ញុះ​ញង់​ថា​ «យួន​វាយ​ខ្មែរ​» ទេ​នោះ​ ប្តី​អ្នក​ស្រី​ក៏​មិន​ត្រូវ​គេ​វាយ​ស្លាប់​អីុ​ចឹង​ដែរ​ ។ បុរស​ដែល​ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន​ឈ្មោះ​ ប៊ុន​ ចាន់​វុត្ថា​ អាយុ​៥០​ឆ្នាំ​ បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា ជា​អ្នក​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​នោះ​ ។ យោង​តាម​ប្រ​ភព​វិទ្យុ​​RFA ផ្សាយ​ថ្ងៃទី​១៩ កុម្ភៈ ថា​ ​ជាង​ជួស​​ជុល​​ម៉ូតូ​ម្នាក់​​ឈ្មោះ​យ៉ាវ ​​សុខ​ជា ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល​់​នឹង​​ភ្នែក​​នៅ​​ពេលនោះ​​​រៀបរាប់​​ឱ្យដឹង​​ក្រោយ​ពេល​កើតហេតុ​​ថា ​នៅម៉ោង​ប្រមាណ​ជា​​៨​យប់​មនុស្ស​២​នាក់​​ស្រវឹង​ស្រា ​បាន​ជិះ​​ម៉ូតូដួល​នៅ​ជិត​កន្លែង​ជួស​ជុល​​ម៉ូតូ​របស់​លោក ​។ ​​បន្ទាប់​មក​ពួក​គេក៏​​​ក្រោក​ឡើង​ ហើយ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ខាង​មុខ​ទៀត ។ ក្រោយ​​​មក​លោក​​ក៏បាន​ទៅ​​ជួយ​លើក​ម៉ូតូ​​ និង​ប្រគល់​​សោ​ឱ្យ​ពួកគេ ​ហើយ​ប្រាប់​ថាឱ្យ​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​​ពួកគេ​មិន​ព្រម​ទៅ ហើយ​​នៅទូរ​ស័ព្ទ​ហៅគ្នា ​។ ក្រោយ​​មក​គ្នី​គ្នា​ពួកគេ​បាន​មក​ហើយ​​ចតម៉ូតូ​​ព្រោង​ព្រាត​​នៅ​​​មុខ​ច្រក​​ចូល​ផ្លូវ​ចូល​ផ្ទះ​អ្នក​ស្រុក​ដែល​នៅ​ខាងក្នុង ។ ​

​លោក យ៉ាវ ​សុខ​ជា ​និយាយ​ថា «មាន​ក្មេង​ម្នាក់​​នៅ​ក្រោយ​​នេះ វាមក​​ វារក​ផ្លូវ​​ចូល​ផ្ទះ​អត់​ឃើញ​ វា​ថា​​ម៉ូតូ​​​នរណា​​គេ​ដាក់​​ច្រងេង​​ច្រងាង​ពេញ​ផ្លូវ ? ​​ពួក​វា​ហ្នឹង​ក៏​វាយ​អាមួ​យ​​ហ្នឹង ​​វាយ​អា​​មួយ​​ហ្នឹង​ អាកូន​​នោះ​​​​រត់​ទៅ​ប្រាប់​ឪវា ​ឪវា​ក៏​ចេញ​មក​​ឃាត់ ​ដើម្បី​​កុំ​ឱ្យ​ឈ្លោះ​គ្នា ដល់​ហើយ​​ឃើញ​​កូន​គាត់​​របួស​​ធ្ងន់​​អីុចឹង​ គាត់​ក៏​ទៅ​​​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សង្កាត់​​ចាក់​អង្រែយើង​នេះ។ ​ដល​់ពេល​ហើយ​​គាត់​​ហ្នឹង​ក៏​ត្រូវគេវាយ​ដែរ ពួក​យួន​ហ្នឹង​វាយ ​គាត់​ក៏​​​ឈរ​ជូត​ឈាម​មាត់​​កន្លែង​ខ្ញុំ​នេះ ​ដែល​កំពុង​​ប៉ះ​កង់​នេះ ​ហើយ​មនុស្ស​​គាត់​​ជា​មនុស្ស​​ល្អបំផុត​អត់​ដែល​រក​រឿង​​នរណា​​ទាំង​អស់ ​ហើយ​មូលហេតុ​​អី​្វបាន​​​​ជា​ប៉ូលិស​ប៉ុស្តិ៍​ដែលគាត់​​ទៅ​ដាក់​ពាក្យ​​បណ្តឹង​ហើយ ហេតុ​អី​​ក៏​ចាប់​គាត់​​វិញ ករណី​ហ្នឹង​វា​២​ វាម​ិន​មែន​តែមួយ​ទេ​» ។ ទាក់​ទិន​នឹង​ករណី​​វាយ​សម្លាប់​​នេះ អនុ​ប្រធាន​​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​​របស់​ស​មាគម​​អាដ​ហុក​ លោក ចាន់​ សុវ៉េត បាន​មាន​ប្រសា​សន៍​​ថា​ ក្រុម​ការ​ងារ​​របស់​លោក​ក៏​ចុះ​ទៅ​ពិនិត្យ​​មើល​អំពី​ករណីនេះ​ដែរ​ ។ ​លោក​ថា​ ការ​សម្លាប​់​​មនុស្ស​ដោយ​ហ្វូង​មនុស្ស​នេះ​ វា​ជា​កាតព្វ​កិច្ច​​របស់​អាជ្ញាធរ​​រដ្ឋា​ភិបាល​​ដែល​ត្រូវ​​បើក​ស៊ើប​អង្កេត​ ។

លោក​ ចាន់​ សុវ៉េត​ ថ្លែង​ថា​ «បើ​សិន​ជា​យើង​​ពិនិត្យ​​ទៅ​លើ​​គោល​ការណ៍​ច្បាប់​ជា​ធរ​មាន មិន​ចំពោះ​ពល​រដ្ឋ​​ខ្មែរ​ទេ ​ជន​ជាតិ​ណា​​ក៏​ដោយ​ ​ពី​ព្រោះ​ស្រុក​ខ្មែរ​​យើង​​វា​​មាន​ជន​​ជាតិ​យួន​ មាន​ជន​ជាតិ​​ចិ​ន ពួក​គេ​​កំពុង​តែ​រស់​នៅ​ប្រកប​របរ​​រក​ស៊ី​នៅ​ក្នុង​ប្រទេស​​ អុីចឹង​​ប្រសិន​​បើ​គេ​រស់​នៅ​ក្នុង​​ប្រទេស​ ​គេ​ត្រូវ​តែ​គោរព​​ច្បាប់​ប្រទេស​ ។ អីុចឹង​​ប្រសិន​បើ​ពួក​គេ​​ទទួល​រង​​នូវ​​អំពើ​ឧក្រិ​ដ្ឋ​​ក​ម្ម​ណា​​មួយ​ពាក់​ព័ន្ធ​ ដល់​រូប​រាង​​កាយ​ ឬ​ក៏​អាយុ​​ជីវិត​ អាហ្នឹង​​តាម​ច្បាប់​ប្រទេស​យើង​ត្រូវ​​តែ​ធ្វើ​ការ​​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​ ​ថា​តើ​ការ​​កើត​មាន​​​បណ្តាល​ឱ្យ​​មាន​មនុស្ស​ស្លាប់​​អុី​ចឹង​ កើត​មាន​មនុស្ស​​ស្លាប់​អីុចឹង​ វា​បណ្តាលមក​ពី​​មូល​ហេតុ​អ្វី​​ពិត​ប្រាក​ដ? យើង​​​មិន​អាច​​ឱ្យ​មាន​​អរិភាព​​ទៅ​លើ​បញ្ហា​​ការ​រើស​អើង​ជាតិ​សាសន៍ទេ​» ៕