រាជធានីភ្នំពេញ ៖ បន្ទប់ជាន់ទី១ ខុនដូលេខ១២៣ ផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឆ្មក់ចូលឆែកឆេរកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២០ កុម្ភៈ ដោយដកហូតបានកន្សែងពោះគោពណ៌ស ចំនួន៣៩ ដែលមានជ្រលក់សារធាតុញៀនប្រភេទកេតាមីន ។
នេះជាលើកទី១ហើយ ដែលជនសង្ស័យប្រើរូបភាពជ្រលក់សារធាតុញៀនលាក់ទុកនៅនឹងកន្សែងពោះគោ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ក្នុងការចរាចរណ៍គ្រឿងញៀន ។ ការចុះឆែកឆេរនេះ បន្ទាប់ពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម បានឃាត់ខ្លួនជនម្នាក់ឈ្មោះ វ៉ាន់ វ៉ាយ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៨ ផ្លូវលេខ១៩៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅពេលផ្ញើតុក្កតាចំនួន៥ ដែលមានផ្ទុកគ្រឿងញៀនទៅប្រទេសអូស្ត្រាលី តាមរយៈប្រៃសណីយ៍ ។ លោក ហៀង សុភ័ក្ត្រ ឱ្យដឹងថា ការឈានដល់ការឆែកឆេរបន្ទប់ខុនដូនេះ គឺបន្ទាប់ពីបែកធ្លាយពីជនឈ្មោះ វ៉ាន់ វ៉ាយ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដែលបានរត់ការជួលគេក្នុងតម្លៃ៣.០០០ដុល្លារ ដើម្បីឱ្យជួយយកកន្សែងចេញពីបន្ទប់ខុនដូនេះ ដែលពួកគេលាក់ទុកសារធាតុញៀន ។ ដោយមានការសង្ស័យ សមត្ថកិច្ចចម្រុះបានមកត្រួតពិនិត្យបន្ទប់ខុនដូនេះ កាលពីថ្ងៃសុក្រ ទី១៤ កុម្ភៈ រកឃើញកន្សែងពោះគោជាច្រើន ហើយដកហូតបានកន្សែង១ យកទៅពិសោធន៍ និងបានប្លុមបេបន្ទប់ ។ លុះនៅថ្ងៃទី២០ កុម្ភៈ ក៏នាំជនឈ្មោះ វ៉ាន់ វ៉ាយ មកឆែកឆេរបន្ទប់ ហើយដកហូតកន្សែងពោះគោចំនួន៣៨ទៀត រួមទាំងលើកមុន១ផង ទាំងអស់៣៩ ដែលជននេះជ្រលក់សារធាតុញៀនលាក់ទុក ។
លោកវរសេនីយ៍ឯក សាន សុទ្ធី នាយការិយាល័យសម្អាតប្រាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឱ្យដឹងថា នេះជាបច្ចេកទេសថ្មីរបស់ឧក្រិដ្ឋជន ដែលយកគ្រឿងញៀនជ្រលក់នៅនឹងកន្សែងពោះគោ ។ បើសិនជាសមត្ថកិច្ចគ្មានជំនាញទេ គឺមិនអាចរកឃើញកលល្បិចរបស់ក្រុមឧក្រិដ្ឋជននេះបានឡើយ ហើយបទល្មើសនេះ ជាបទល្មើសទី១ សម្រាប់រូបលោកដែលបម្រើការជំនាញប្រឆាំងគ្រឿងញៀននេះ ៕
ចែករំលែកព័តមាននេះ