ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹក​នាំ​គណ​​បក្ស​​​សង្គ្រោះ​​ជាតិ​​​ព្រមាន​​​​ផ្អាក​​ការ​​ចរ​ចា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ទាំង​លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​ និង​ លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​ បាន​ព្រមាន​ថា​ នឹង​លុប​កិច្ច​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​តែ​បន្ត​ការ​រារាំង​ដល់​វេទិកា​សាធា​រណៈ​របស់​ខ្លួន​ ។

រាជធានីភ្នំពេញ​ ៖ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ទាំង​លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​ និង​ លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​ បាន​ព្រមាន​ថា​ នឹង​លុប​កិច្ច​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​តែ​បន្ត​ការ​រារាំង​ដល់​វេទិកា​សាធា​រណៈ​របស់​ខ្លួន​ ។​ ការ​ព្រមាន​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ កុម្ភៈ​ នៅ​ទីស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ ។​

លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​តែ​បញ្ជា​កម្លាំង​របស់​ខ្លួន​ឱ្យ​មក​រារាំង​វេទិកា​សាធារណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​តាម​បណ្តា​ខេត្ត​នានា​ ដែល​ថ្នាក់​ដឹក​នាំ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​-​សមា​ជិកា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​នោះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​បញ្ឈប់​ការ​ចរចា​ គឺ​រហូត​ដល់​មាន​ការ​ធានា​ឱ្យ​បាន​ច្បាស់​លាស់​ថា​ ឈប់​មក​រំខាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ទើប​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចាប់​ផ្តើម​ចរចា​ជា​ថ្មី​ ។​
លោក​ សម​​ រង្សុី​ ថ្លែង​ទៀត​ថា​ ការ​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​នេះ​ ជា​ការ​ស្រប​ច្បាប់​ និង​ជា​កន្លែង​ដែល​មាន​ការ​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ច្រើន​ ចុះ​ហេតុ​អ្វី​បាន​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​ការ​គាំទ្រ​តិច​សោះ​ មក​រំខាន​មិន​ឱ្យ​គេ​ជួប​ជុំ​គ្នា​ ។​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កំពុង​តែ​រំលោភ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​នា​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​ នៅ​វិមាន​រដ្ឋ​សភា​ថា​ ឈប់​ប្រើ​អំពើ​ហិង្សា​ តែ​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រើ​អំពើ​ហិង្សា​ជា​រៀង​រហូត​ ជាក់​ស្តែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។​

ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា​ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​តែ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ មិន​ចាំ​បាច់​ជួប​គ្នា​ចរចា​ទៀត​ទេ​ ឈប់​
ចរចា​ ។​ លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ទី​២០​ កុម្ភៈ​ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​តែ​រំខាន​ដល់​វេទិ​កា​សាធារណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ ។​ លោក​ កឹម​ សុខា​ ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ចុះ​ទៅ​មើល​ផ្ទាល់​ភ្នែក​ថា​ តើ​កម្លាំង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ធ្វើ​អ្វី​មក​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ធ្វើ​វេទិកា​សាធា​រណៈ​ គឺ​មាន​ការ​គំរាម​កំហែង​រំខាន​ទៀត​ ឬអត់​ «បើ​មិន​ជឿ​ សូម​ទៅ​ជាមួយ​ខ្ញុំ» ។​ លោក​ កឹម​ សុខា​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចង់​ឱ្យ​មាន​ការ​ចរចា​ដោះ​ស្រាយ​បញ្ហា​ ហេតុ​អ្វី​ចាំ​បាច់​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ការ​ប្រកាស​ថា​ បក្ស​ខ្លួន​បើក​ទ្វារ​ចំហ​ក្នុង​ការ​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រកាន់​ជំហរ​ចរចា​ជានិច្ច​ តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រើ​កាណុង​កាំភ្លើង​មក​ចរចា​ តើ​ឱ្យ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចរចា​ជាមួយ​កាណុង​កាំភ្លើង​យ៉ាង​ម៉េច​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ចង់​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ ។​

លោក​​ កឹម​ សុខា​ ថ្លែង​ទៀត​ថា​ ប្រសិន​បើ​ថ្ងៃ​នេះ​ គ្មាន​ការ​រំខាន​ពី​កង​កម្លាំង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នោះ​ការ​ចរចា​ជាមួយ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ នឹង​បន្ត​ទៀត​ ។​ ចំពោះ​វិធាន​ការ​ និង​អ្វី​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​ទៀត​ គឺ​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ប្រជា​ពល​រដ្ឋ​ ។ គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​ គឺ​ស្វែង​រក​ការ​គាំទ្រ​ពី​បណ្តា​អង្គ​ទូត​ និង​ប្រទេស​នានា​ និង​នៅ​ជាមួយ​ប្រជា​ពល​រដ្ឋ​ជានិច្ច​ ។​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចុះ​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​ ដោយ​សារ​តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដូច​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ទេ​ ។​ លោក​ សម​ រង្សុី​ បាន​ទម្លាក់​កំហុស​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា​ មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​ នៃ​ស្មារតី​ជំនួប​កំពូល​ ដែល​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​នោះ​គឺ​ ១-​ការ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ ២-​បន្ត​ការ​ជជែក​គ្នា​ទៀត​ និង​៣-​និយាយ​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​ ដូច្នេះ​ លក្ខខណ្ឌ​ទាំង​នោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​គោរព​ទាំង​អស់​ តែ​ផ្ទុយ​ទៅ​វិញ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​បាន​គោរព​ទេ​ គឺ​នៅ​តែ​ប្រើ​អំពើ​ហិង្សា​ ។​ លោក​​ កឹម​ សុខា​ បាន​សាទរ​ចំពោះ​ការ​ជួប​ជុំ​ជាមួយ​ប្រជា​ពល​រដ្ឋ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​សូម​កុំ​មាន​ការ​រំខាន​ដល់​វេទិកា​សាធារណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​លោក​ សម​ រង្សុី​ ថា​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​សាជាថ្មី​មុន​អាណត្តិ​នោះ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ឈ្នះ​ លោក​ ជាម​ យៀប​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​ ហិរញ្ញវត្ថុ​ ធនា​គារ​ សវន​កម្ម​ នៃ​រដ្ឋ​សភា​ មាន​ប្រសាសន៍​ថា​ វា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ចាញ់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​ខ្មាស​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​ខ្លួន​មិន​ខាន​ឡើយ​ ៕​