នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ សីុណាវ៉ាត្រា ប្រកាសកាលពីថ្ងៃទី២០ កុម្ភៈ ថា លោកស្រីពុំបានធ្វើអ្វីខុស ក្រោយការប្រកាសរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ NACC ពីការចោទប្រកាន់លោកស្រីនាពេលខាងមុខនេះពីបទធ្វេសប្រហែសទាក់ទិនដល់កម្មវិធីជួយដល់កសិករ ។
តាម Facebook លោកស្រី យីងឡាក់ ដែលប្រឈមមុខចាប់តាំងពីជិត៤ខែមកហើយ នឹងបាតុកម្មទាមទារដេញលោកស្រី ហើយដែលតុលាការហាមឃាត់លោកស្រី កាលពីថ្ងៃទី១៩ កុម្ភៈ មិនឱ្យបំបែកពួកបាតុករដោយកម្លាំងនោះថ្លែងថា ខ្ញុំសូមអះអាងជាថ្មីថា ខ្ញុំគ្មានបានធ្វើអ្វីខុសទេ ។ ទោះបីជាខ្ញុំប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋទាំងឡាយ ហើយខ្ញុំត្រូវគំរាមកំហែងដកចេញពីតំណែងតាមបំណងរបស់ពួកមនុស្ស ដែលចង់ផ្តួលរំលំរដ្ឋាភិបាល ក៏ប៉ុន្តែខ្ញុំត្រៀមរួមសហការដើម្បីបង្ហាញការពិតទាំងឡាយ ។
លោកស្រីអះអាងបែបនេះជាការឆ្លើយតបចំពោះសំណួរថា ហេតុអីសំណុំរឿងនោះត្រូវបានគណៈកម្មាធិការនោះលើកយកមកពិនិត្យលឿនម៉្លេះ ។ NACC បានកោះហៅលោកស្រី យីងឡាក់ ឱ្យចូលខ្លួនមកស្តាប់ការចោទប្រកាន់នានានៅថ្ងៃទី២៧ កុម្ភៈ ។ នាយករដ្ឋមន្ត្រីថៃអំពាវនាវដល់គណៈកម្មាធិការនោះ កុំប្រញាប់ប្រញាល់ធ្វើការវិនិច្ឆ័យមួយដែលនឹងអាចរងការរិះគន់ដោយសង្គម ថាជាការជួយជ្រោមជ្រែងដល់ពួកអ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាល ដោយលោកស្រីធ្វើការកត់សម្គាល់ថា ពាក្យបណ្តឹងប្រហាក់ប្រហែលគ្នានោះ ប្រឆាំងរដ្ឋាភិបាលមុននៅមិនទាន់ទាំងចូលដល់ដំណាក់កាលសើុបអង្កេតផងនោះ ។
កម្មវិធីជួយដល់កសិករដែលបានសន្យាពេលឃោសនាបោះឆ្នោតនាំឱ្យលោកស្រី យីងឡាក់ ឈ្នះការបោះឆ្នោតឆ្នាំ២០១១នោះ នាំឱ្យរដ្ឋាភិបាលទិញស្រូវពីកសិករក្នុងតម្លៃ៥០%ខ្ពស់ជាងតម្លៃទីផ្សារ ។ ពួកប្រឆាំងចោទថា នយោបាយនេះនាំជាពិសេសឱ្យមានអំពើពុករលួយ និងប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈ ៕
ចែករំលែកព័តមាននេះ