ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​គូ​​ប្រកួត​ប្រដាល់​​នៅ​លើ​​រេញ TV3 ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​បុ៉ស្តិ៍​លេខ​៣​ ថ្ងៃ​អាទិត្យ​ ទី​២៣ កុម្ភៈ​សប្តាហ៍​នេះ​ប្រជុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ទាំង​ជើង​ចាស់​ និង​ជើង​ថ្មី​ចំនួន​៥​គូ​ដែល​ត្រូវ​ឡើង​សាក​កណ្តាប់​ដៃ​គ្នា​ជូន​ទស្សនិក​ជន​បាន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​បុ៉ស្តិ៍​លេខ​៣​ ថ្ងៃ​អាទិត្យ​ ទី​២៣ កុម្ភៈ​សប្តាហ៍​នេះ​ប្រជុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ទាំង​ជើង​ចាស់​ និង​ជើង​ថ្មី​ចំនួន​៥​គូ​ដែល​ត្រូវ​ឡើង​សាក​កណ្តាប់​ដៃ​គ្នា​ជូន​ទស្សនិក​ជន​បាន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ ។

ក្នុង​ចំណោម​កីឡាករ​ទាំង​៥​គូ​នេះ​ គេចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​លើ​ជំនួប​ប្រកួត​រវាង​អ្នក​ប្រដាល់​ជើង​ថ្មី​ ធី តុង​ហុី មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ដែល​ថ្លើម​ធំ​ចង់​សាក​កម្លាំង​ជា​មួយ​អ្នក​ប្រដាល់​ចាស់​វស្សា​ នួន ភិរក្ស​​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ ។​ រវាង ធី តុង​ហុី និង​នួន​ ភិរក្ស​ បើ​និយាយ​ពី​ប្រវត្តិ​ឡើង​សង្វៀន​ប្រកួតវិញ​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​​ណាស់​ ។ ធី តុង​ហុី​ ទើប​តែ​លេច​មុខ​នៅ​លើ​សង្វៀន​មិន​សូវ​ជា​យូរ​បុ៉ន្មាន​ទេ ឯ​ នួន ភិរក្ស​ វិញ​គេ​បាន​ឈាន​ជើង​ឡើងសង្វៀន​ជា​យូរ​មក​ហើយ។​​ ទោះ​បី​យ៉ាងណា​ ការ​មក​ប៉ះ​ ធី តុង​ហុី​ លើក​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ អាច​បង្ក្រាប​​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​នេះ​បាន​ឬ​អត់​នោះ​ទេ​ ។​

ធី តុង​ហុី មួយ​រយៈ​មក​នេះយីអ៊ុន​របស់​គេ​ឡើងខ្ពស់​គួរ​សម​ គឺ​ប្រកួត​មិន​សូវ​ដែល​ចាញ់​ឡើយ បុ៉ន្តែ​សម្រាប់​តែ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា​បុ៉ណ្ណោះ​ ចំពោះ​ការ​មក​ប៉ះ​កីឡា​ករ​ចាស់​វស្សា​ដូច​ជា​ នួន​ ភិរក្ស​ លើក​​នេះ​មិនដឹង​ថា​ គេ​អាច​ទៅ​រួច​ឬ​អត់​នោះ​ទេ ។​ នួន ភិរក្ស​ បើ​និយាយ​ពី កម្លាំង​គឺ​ខ្សោយ​ជាង​មុន​បន្តិច​ហើយ​ តែ​បើ​និយាយ​ពីល្បិចប្រយុទ្ធ​​ទាំង​ស្នៀត​កែង និង​ជង្គង់​គឺ​នៅ​ល្អ​ដដែល​ ។​ តាម​ពិត​ បើ​សិន​ជា នួន ភិរក្ស​ នៅ​មាន​កម្លាំង​ខ្លាំង​ដូច​មុន​នោះ​ ប្រហែល​ជា​ ធី តុង​ហុី មិន​ថ្លើម​ធំ​រហូត​ហ៊ាន​បបួល​គេ​ឡើង​រេញ​វាយ​គ្នា​បែប​នេះ​ដែរ ។​ ចាំ មើល​ នួន ភិរក្ស​ ប្រើ​ស្នៀត​អី​វាយ​ដើម្បី​បញ្ចប់​ភាព​ក្អេង​ក្អាង​របស់ ធី តុង​ហុី​ ឬ​ក៏​ត្រូវ​សិស្ស​ប្អូន​រូប​នេះ​បំបាក់​ឱ្យ​ខ្មាស​គេ។​
នៅ​លើ​សង្វៀន​ដដែល​ ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​នេះទៅ​នៅ​មាន​ការប្រកួត​រវាង​កីឡា​ករ​ផាន់​ សុវណ្ណ​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ និង​កីឡាករ​ភុន​ សោភ័ណ្ឌ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល។​ កីឡាករ​ផាន់​ ពិសិដ្ឋ​ មក​ពីក្លិប​គជ​សារ​កីឡា ជួប​ជា​មួយ​កីឡាករ​អាន​ សុផល​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ ។

កីឡា​ករ​ងួន គា មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជួប​ជា​មួយ​កីឡា​ករ​ស្រិល ទ្រី​ មក​ពី​ក្លិប​គជ​សារ​កីឡា​ និង​កីឡាករ​តូច​ ទូ មក​ពី​ក្លិប​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជួប​ជា​មួយ​កីឡាករ​សុខ​ ចំរើន​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា ៕​