រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ Hun Sen-Cup ឆ្នាំ២០១៤ មកទល់ពេលនេះពូល A និងពូល B ដែលលេងលើ២ទីលាននោះ បានបញ្ចប់វគ្គជម្រុះក្នុងពូលហើយ ហើយគេក៏បានដឹងថា ក្រុមណាខ្លះហាលអាវ ក្រុមណាខ្លះបានឡើងលេងបន្តនៅវគ្គ៨ ក្រុមចុងក្រោយដែរ។
ការប្រកួតនៅក្នុងពូល A កាលពីថ្ងៃទី១៩ កុម្ភៈ ក្រុមចម្ការកៅស៊ូបឹងកេត លេងឈ្នះក្រុមជើងឯកឆ្នាំចាស់ Naga Corp ក្នុងលទ្ធផល៣ទល់២ ។ ក្រុមទាំង២នេះបានឡើងលេងនៅវគ្គបន្តដូចគ្នា គ្រាន់តែក្រុមចម្ការកៅស៊ូបឹងកេតលេងបាន៣ប្រកួត ឈ្នះទាំង៣ប្រកួត បានលេខ១ក្នុងពូល ឯក្រុម Naga Corp លេងបាន៣ប្រកួតដូចគ្នា ឈ្នះ២ប្រកួត ចាញ់១ប្រកួត បានលេខ២ ក្នុងពូលបុ៉ណ្ណោះ ។ មួយប្រកួតទៀត នៅក្នុងពូល A ក្រុមខេត្តព្រះសីហនុ លេងឈ្នះក្រុមខេត្តក្រចេះ ៥ទល់១ ។ ទោះបីយ៉ាងណា ក្រុមទាំង២នេះត្រូវហាលអាវដូចគ្នា គ្រាន់តែក្រុមខេត្តព្រះសីហនុ លេងបាន៣ប្រកួត ឈ្នះ១ប្រកួត ចាញ់២ប្រកួតបុ៉ណ្ណោះ ឯក្រុមខេត្តក្រចេះ លេងបាន៣ប្រកួត ចាញ់ទាំង៣ប្រកួត ។
ចំណែកការប្រកួតនៅក្នុងពេល B វិញ ក្រុមខេត្តស្វាយរៀង លេងចាញ់ក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល១ទល់២ តែបានឡើងលេងបន្តនៅវគ្គ៨ ក្រុមចុងក្រោយដូចគ្នា ។ ក្រុមគិរីវង់សុខសែនជ័យ លេងបាន៣ប្រកួត ឈ្នះទាំង៣ប្រកួត បានលេខ១ ក្នុងពូល ឯក្រុមខេត្តស្វាយរៀងលេងបាន៣ប្រកួតដូចគ្នា ឈ្នះ២ប្រកួត ចាញ់១ប្រកួត បានលេខ២ ក្នុងពូល ។ មួយប្រកួតទៀត នៅក្នុងពូល B ក្រុមសាកលវិទ្យាល័យអាស៊ីអឺរុ៉ប លេងឈ្នះក្រុមខណ្ឌចំការមន ក្នុងលទ្ធផល៥ទល់១ ។ ក្រុមទាំង២នេះត្រូវហាលអាវដូចគ្នា ដោយសារក្រុមសាកលវិទ្យាល័យអាស៊ីអឺរុ៉ប លេងបាន៣ប្រកួត ឈ្នះ១ប្រកួត ចាញ់២ប្រកួត ឯក្រុមខណ្ឌចំការមនលេងបាន៣ប្រកួត ចាញ់ទាំង៣ប្រកួត ។ សល់តែពីរពូលទៀតបុ៉ណ្ណោះ គឺពូល C និងពូល D នឹងឈានដល់ការប្រកួតវគ្គខ្វែងហើយ ដែលការប្រកួតនៅក្នុងពូលទាំង២នេះនឹងត្រូវធ្វើនៅថ្ងៃទី២៦ កុម្ភៈ នៅលើ២ទីលាន ។ សម្រាប់ទីលានស្តាតចាស់ ចាប់ផ្តើមនៅវេលាម៉ោង១៣និង៣០នាទីតទៅ គឺក្រុមខេត្តកំពង់ឆ្នាំង ប្រកួតជាមួយក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) និងមួយប្រកួតទៀតក្រុម Western UniFC ប្រកួតជាមួយក្រុមខេត្តឧត្តរមានជ័យ ។
ចំណែកនៅពហុកីឡដ្ឋានជាតិវិញ ចាប់ផ្តើមនៅវេលាម៉ោង១៥និង៣០នាទីរវាងក្រុមបៀលប្រាយយូណាយធីត ប្រកួតជាមួយក្រុមក្រសួងការពារជាតិ និងមួយប្រកួតទៀតក្រុមភ្នំពេញក្រោន ប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
ចែករំលែកព័តមាននេះ