រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯក K-cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀន CTN នាថ្ងៃអាទិត្យ ទី២៣ កុម្ភៈខាងមុខនេះឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ។ ជាមួយគ្នានេះ ក៏មានសំណួរកំពុងចោទសួរថា រវាង ទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ និងនេន វណ្ណា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ដែលត្រូវជួបគ្នាវគ្គផ្តាច់ព្រ័ត្រនេះ ជ័យជម្នះនឹងធ្លាក់ក្នុងកណ្តាប់ដៃអ្នកណា ?
កាលពីសប្តាហ៍មុន គឺជាការប្រកួតយកតំណែងលេខ៣ រវាងកីឡាករង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងកីឡាករផាន់ សារុន មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កាលណោះ ង៉ែត រដ្ឋា បានយកឈ្នះ ផាន់ សារុន ដោយពិន្ទុ ដូច្នេះគេទទួលបានចំណាត់ថ្នាក់លេខ៣ ។ ចំណែកនៅថ្ងៃអាទិត្យសប្តាហ៍នេះ គឺជាការប្រកួតយកតំណែងលេខ១ ហើយគេមិនទាន់ដឹងថា ជ័យជម្នះនឹងធ្លាក់ក្នុងកណ្តាប់ដៃកីឡាកររូបណាទេ ។ គេនៅចាំបានថា កាលពីវគ្គប្រកួតជម្រុះក្នុងពូល B នេន វណ្ណា ប្រកួតចាញ់ពិន្ទុ ទេស សំខាន់ ម្តងរួចមកហើយ តែពេលនេះគេបានប្តេជ្ញាថា នឹងសងសឹកវិញឱ្យបាន ព្រោះអីនេះគឺជាលើកទី១ ហើយដែលគេមានឱកាសបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រគួរឱ្យរំភើបបែបនេះ ។ នេន វណ្ណា ធ្លាប់ទទួលបានតំណែងលេខ៣ ម្តងកាលពីប្រកួតដណ្តើមជើងឯកខ្សែក្រវាត់ស្រាបៀរហ្គេនបឿក នៅលើសង្វៀនទូរទស្សន៍រាជធានីភ្នំពេញ បុ៉ស្តិ៍លេខ៣ ដែលទើបតែបញ្ចប់ទៅកាលពីប៉ុន្មានខែមុននេះ ។
លោកឡោ វុទ្ធី ដែលជាគ្រូបង្ហាត់ និងជាប្រធានក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារបានឱ្យដឹងថា លោកពិតជាមានជំនឿចិត្តច្រើនលើកូនសិស្សរបស់លោក នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ ព្រោះថាមួយរយៈមកនេះគេបានខិតខំហ្វឹកហាត់ខ្លាំងណាស់ មិនហ៊ានប្រហែសឡើយ ។ នេន វណ្ណា បើធ្វើការប្រៀបធៀបទៅលើផ្នែកកម្លាំងវិញនោះ គឺរឹងមាំជាង ទេស សំខាន់ ។ ស្នៀតជើង និងជង្គង់របស់គេល្អគួរសមអាចប្រើការបាន ចំណែកឯស្នៀតកណ្តាប់ដៃអាចធ្វើការវាយចេញបានរហ័ស និងចំគោលដៅល្អទៀតផង ។ បុ៉ន្តែចំណុចខ្សោយរបស់គេ គឺចាញ់ប្រៀបខាងកម្ពស់គូប្រកួត និងរាងឆេវឆាវបន្តិច ។ ឯ ទេស សំខាន់ ទោះជាទន់ជ្រាយល្វែងខាងក្រោមបន្តិចក្តី តែផ្លែកែងនិងជង្គង់របស់គេល្អ និងអាចប្រើជើងធាក់ចេញពីចម្ងាយមិនឱ្យគូប្រកួតចូលកៀកបានយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះ នេន វណ្ណា បើមិនអាចចូលកៀកគេបានទេនោះ គឺពិបាកបន្តិចហើយ ។ ទោះបីជាយ៉ាងណា គ្មានអ្នកណាហ៊ានវាយតម្លៃទុកមុនពីលទ្ធផលចុងក្រោយបានឡើយ ដោយសារម្នាក់ៗសុទ្ធតែជាកីឡាករជើងខ្លាំងដូចគ្នា ។
រីឯគូប្រកួតមិត្តភាពដែលឧបត្ថម្ភដោយក្រុមហ៊ុនស្រាសាច់ដុំពិសេសវិញនោះមាន វ៉ន សាវី មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបប្រកួតជាមួយ លួន សុខេង មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ហុន ឈុនហេង មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ជួបប្រកួតជាមួយ ឈិត ងុ៉យ មកពីក្លិបអប្សរាគុនខ្មែរ ។ ចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយ ហង្ស រស្មី មកពីក្លិបក្រុងប៉ោយប៉ែត ។ ជាម អាម៉ៅ មកពីក្លិបខេមរិន្ទមានរិទ្ធ ប្រកួតជាមួយ រឿង សារ័ត្ន មកពីក្លិបកងពលតូចឆត្រយោង៩១១ ។ លាភ ហេង មកពីក្លិបពន្លឺនេអុង ប្រកួតជាមួយ ម៉ោង សុខុន មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរី និង លី ដាវុធ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយ ធន់ សារ៉ាពេជ្រ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ