រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេតុងទីនប្រចាំនៅផ្សារស៊ិនជូរីផ្លាហ្សា(ពោធិ៍ចិនតុង) ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៩ កុម្ភៈ ២០១៤ ត្រូវកូនតុងទីនប្រមាណជាង១០នាក់ស្ទាក់ឃាត់ជាប់ ខណៈមេតុងទីនរូបនោះដើរចេញពីតុលាការ រហូតដល់ម៉ោងជាង៩យប់ ទើបបែកផ្លូវគ្នា។
បុរសជាមេតុងទីនរូបនោះឈ្មោះមុត កុសល អាយុ៥០ឆ្នាំ ជាអាជីវករលក់ដូរក្នុងផ្សារស៊ិនជូរីផ្លាហ្សា ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវលំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៤ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានកោះហៅឈ្មោះមុត កុសល ជាមេតុងទីនឱ្យចូលទៅបំភ្លឺលើដីកាសម្រេចរក្សាការពារដែលចៅក្រមហាមឃាត់ផ្ទះមិនឱ្យលក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ឬកម្មសិទ្ធិ អំណោយ បច្ច័យទាន មរតក ដាក់ធានា រុះរើ ឈូសឆាយ ចាក់ដីសង់ផ្ទះដែលកំពុងមានបញ្ហា។
ក្រោយពីតំណាងអយ្យការអមសាលាដំបូងធ្វើការសាកសួររួច ឈ្មោះមុត កុសល ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅពេលឈ្មោះមុត កុសល ចេញផុតពីរបងសាលាដំបូងស្រាប់តែផ្អើលឈុល ដោយមានមនុស្សប្រុស ស្រីប្រមាណជាង១០នាក់ដែលអះអាងថា ជាកូនតុងទីនបាននាំគ្នាឃាត់ឈ្មោះមុត កុសល ជាប់មិនឱ្យទៅណាទេ ដោយពួកគេបាននិយាយថា តាមរកមុខច្រើនខែហើយ។
ការភ្ញាក់ផ្អើលនេះបានធ្វើឱ្យនគរបាលខណ្ឌ៧មករាទៅដល់ភ្លាមៗដែរដោយការពារខ្លាចមានអំពើហិង្សាណាមួយកើតមានឡើង។ នៅចំពោះមុខនគរបាលខណ្ឌ៧មករា ស្ត្រី និងបុរសប្រមាណជាង១០នាក់ដែលជាកូនតុងទីនបានរៀបរាប់ថា ឈ្មោះមុត កុសល ធ្វើជាមេតុងទីននៅផ្សារស៊ិនជូរីផ្លាហ្សាជាង២ឆ្នាំហើយដែលមានអ្នកលេងជាង៣០០នាក់សុទ្ធតែជាអាជីវករនៅក្នុងផ្សារជាមួយគ្នា។
កូនតុងទីនទាំងនោះបានបន្តថា ទឹកប្រាក់ដែលមេប្រមូលពីកូនសរុបប្រមាណជិត២០ម៉ឺនដុល្លារ ដែលចុងក្រោយនេះបានវេចបង្វេចគេចខ្លួនបាត់។ បន្ទាប់ពីដឹងថា មេគេចខ្លួនហើយ កូនតុងទីនបាននាំគ្នាដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដើម្បីឱ្យហៅឈ្មោះមុត កុសល ចូលខ្លួនដោះស្រាយ តែគេមិនបានជួបគ្នាឡើយថែមទាំងគេចខ្លួនទៀត។
ដូច្នេះបានជានៅរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៤ ពួកគេបានទទួលដំណឹងថា មេតុងទីនរូបនេះចូលតុលាការពួកគេក៏បាននាំគ្នាទៅចាំឃាត់ដើម្បីទារយកប្រាក់វិញ៕
ចែករំលែកព័តមាននេះ