ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានយំសោកផ្អើលគេឯងពេញមន្ទីរពេទ្យបង្អែកខេត្តកាលពីព្រឹកថ្ងៃទី២០ កុម្ភៈ២០១៤ ព្រោះតែភ័យខ្លាចគេចាប់ប្អូនប្រុសរបស់នាងដែលកំពុងសម្រាកព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់ ស្រាលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១០ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥៣A ក្រាលក្រួសក្រហម ស្ថិតក្នុងភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌។
ស្ត្រីដែលយំសោកនេះឈ្មោះអ៊ុល ធីតា អាយុ២៩ឆ្នាំ ត្រូវជាបងស្រីរបស់អ្នកបើកម៉ូតូបង្កដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្ត្រីរូបនេះបានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបងប្អូនប្រុសរបស់នាង២នាក់ ម្នាក់ឈ្មោះអ៊ុល គឹមអាត ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះអ៊ុល គឹមអាង បានរងរបួសធ្ងន់ទាំង២នាក់មិនទាន់ធូរស្រាលនៅឡើយទេ។
នាងទើបដឹងថាថ្មីៗនេះឪពុកខាងភាគីជនរងគ្រោះឈ្មោះអឿ សុជាតិ ដែលស្លាប់ បានប្តឹងទាមទារសំណងជាប្រាក់ចំនួន១.៥០០ដុល្លារពីប្អូនរបស់នាង បើគ្មានប្រាក់សងទេ គេថានឹងប្តឹងដាក់គុក។ នាងបន្តថា នាងមានបងប្អូន៧នាក់កំព្រាឪពុក ម្តាយ ដោយសារតែភាពក្រីក្រ ពួកនាងបានសង់ខ្ទមរស់នៅលើដីរបស់គេពុំមានប្រាក់កាសអាចសងគេបានទេ សូម្បីតែពេលនេះលុយកាក់មើលរបួសប្អូនក៏គ្មានដែរ។ នាងសំណូមពរឱ្យសមត្ថកិច្ច និងតុលាការមេត្តាអនុគ្រោះដល់ប្អូននាងផង ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍នេះជាគ្រោះថ្នាក់ដោយអចេតនា និងចៃដន្យប៉ុណ្ណោះ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះគឺម៉ូតូបង្កជិះគ្នា៣នាក់បានបើកជែងរថយន្ត១គ្រឿងមកបុកម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់ ស្រាល។ ករណីនេះលោកបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីរួចហើយ មិនដឹងថា តុលាការនឹងសម្រេចបែបណានោះទេ៕
ចែករំលែកព័តមាននេះ