រាជធានីភ្នំពេញ ៖ អនុរក្សពន្ធនាគារបាននាំជនជាប់ចោទវៀតណាមម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៤ នេះ ដើម្បីឱ្យចៅក្រមស៊ើបសួរបន្ថែមទៀតក្នុងរឿង «សារធាតុផ្សំគ្រឿងញៀនទម្ងន់ជាង១២គីឡូក្រាមយកទៅប្រទេសអូស្ត្រាលី» តាមរយៈសាខាប៉ុស្តិ៍ប្រៃសណីយ៍ច្បារអំពៅ ។
ក្រោយការសាកសួររួចហើយ អនុរក្សពន្ធនាគារ រួមជាមួយនឹងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បាននាំជនជាប់ចោទចុះទៅឆែកឆេរបន្ទប់ខុនដូរមួយកន្លែងនៅចំណុចផ្ទះលេខ១២៣ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលដឹកនាំដោយតំណាងអយ្យការ ដើម្បីរកភស្តុតាងបន្ថែមទៀត។
ជាលទ្ធផលសមត្ថកិច្ចបានដកហូតកន្សែងពោះគោមានជ្រលក់សារធាតុញៀនប្រភេទកេតាមីនចំនួន៣៩កន្សែង ដែលជនជាប់ចោទបានជួលគេតម្លៃ៣០០០ដុល្លារអាមេរិក ដើម្បីឱ្យយកកន្សែងពោះគោមានផ្ទុកសារធាតុញៀនចេញពីខុនដូ ។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះវ៉ាន់ វាយ អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ត្រូវក្រុមសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនកាលពីថ្ងៃទី២០ មករា ២០១៤ ស្ថិតនៅចំណុចខាងក្រោយផ្សារអូរឡាំពិក ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ដោយរឹបអូសបានគ្រឿងញៀនប្រភេទព្យួដូរ អេហ្វេទ្រីន និងល្បាយមេតំហ្វេតាមីនទម្ងន់១២,១២គីឡូក្រាម ហើយបរិមាណនេះ អាចចំរាញ់ជាផលិតផលមេតំហ្វេតាមីនសម្រេចទម្ងន់ប្រមាណ ៨,៤គីឡូក្រាម។
ចែករំលែកព័តមាននេះ