ខេត្តកណ្តាល ៖ មនុស្ស០២នាក់ក្នុងចំណោម០៣នាក់ ដែលបាត់ខ្លួននៅបាតទន្លេ ដោយការបាក់ស្រុតច្រាំងទន្លេមេគង្គនោះ បានផុសអណ្តែតហើយ ក្នុងពេលវេលាខុសគ្នា នៅថ្ងៃទី២០ កុម្ភៈ ២០១៤ ។
លោកវរសេនីយ៍ត្រី ម៉ែន សុឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា សព២នាក់ដែលផុសអណ្តែតនោះ មានទី១-ឈ្មោះចេក រស្មី ហៅឈួយ ភេទប្រុស អាយុ១ឆ្នាំ ត្រូវជាចៅ បានផុសអណ្តែតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ កុម្ភៈ និងទី២-ឈ្មោះប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ជាម្តាយ និងជាជីដូន បានផុសអណ្តែតនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ កុម្ភៈ ។ លោកអធិការបានបញ្ជាក់ទៀតថា ចំណែកក្មេងប្រុសម្នាក់ទៀត រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល នៅមិនទាន់ផុសអណ្តែតនៅឡើយទេ ហើយសមត្ថកិច្ច កំពុងរង់ចាំមើលបន្តទៀត។
គួររំលឹកផងដែរថា មនុស្ស០៣នាក់បានបាត់ខ្លួន និងផ្ទះប្រជាពលរដ្ឋ០៣ខ្នងបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេមេគង្គ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ កុម្ភៈ នៅត្រង់ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ដែលមូលហេតុបណ្តាលមកពីការបាក់ច្រាំងទន្លេ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា គ្រោះបាក់ច្រាំងទន្លេនេះ បណ្តាលឱ្យលំនៅឋានអ្នកភូមិចំនួន៣ខ្នង ក្នុងនោះមានមួយខ្នងបានស្រុតលិចបាត់ចូលទៅក្នុងទន្លេមេគង្គនិង០២ខ្នងទៀតបានស្រុតបាក់ដាច់មួយកំណាត់ចូលទៅក្នុងទឹកទន្លេ ៕
ចែករំលែកព័តមាននេះ