រាជធានីភ្នំពេញ ៖ សួនកម្សាន្ដឌ្រីមលែនឌ៍ជាកន្លែងកម្សាន្ដធំជាងគេ និងនាំមុខគេនៅព្រះរាជាណាចក្រកម្ពុជា ហើយមានទីតាំងស្ថិតនៅដីឡូត៍លេខ០៨(ទល់មុខសួនច្បារសម្ដេច ហ៊ុន សែន) តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំលើកទី៣ សម្រាប់ឆ្នាំ២០១៣ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីបម្រើសេវាកម្មជូនដល់អតិថិជនរបស់ខ្លួនតាំងពីឆ្នាំ២០១១ ។
កម្មវិធីនេះរៀបចំឡើងដើម្បីបូកសរុបការងារប្រចាំឆ្នាំ ដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយក៏ជាការលើកទឹកចិត្ដដល់បុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបានខិតខំប្រឹងប្រឹងបម្រើការងារទាំងកម្លាំងកាយ និងកម្លាំងចិត្ដជូនក្រុមហ៊ុន ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ គឺជាចំណងមិត្ដភាពដ៏ល្អក្នុងការបង្កើនទំនាក់ទំនងរវាងក្រុមការងារនិងគណៈគ្រប់គ្រងជាន់ថ្នាក់ទាំងអស់ឱ្យកាន់តែមានភាពស្និទ្ធស្នាល ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយកសួនកម្សាន្ដឌ្រីមលែនឌ៍ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានបំពេញភារកិច្ចយ៉ាងល្អជូនក្រុមហ៊ុន ។ លោកអគ្គនាយកមានប្រសាសន៍ថា លោកសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គណៈគ្រប់គ្រងនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នឹងបន្ដការងារដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីជានាវាដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពរីកចម្រើនឱ្យកាន់តែប្រសើរឡើងក្នុងឆ្នាំថ្មី ។ លើសពីនេះ លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់អតិថិជន និងអាជីវករក្នុងសួនកម្សាន្ដឌ្រីមលែនឌ៍ទាំងអស់ដែលតែងតែគាំទ្រ និងចូលមកលេងកម្សាន្ដក្នុងសួនជារៀងរាល់ថ្ងៃ ហើយសួនកម្សាន្ដឌ្រីមលែនឌ៍នឹងក្លាយជាទីកន្លែងកម្សាន្ដដែលមិនចេះជិនណាយសម្រាប់លោកអ្នក ។
បន្ទាប់ពីកិច្ចសំណេះសំណាលរួចមក លោកអគ្គនាយកសួនកម្សាន្ដឌ្រីមលែនឌ៍បានផ្ដល់ប័ណ្ណសរសើរជូនដល់បុគ្គលិកឆ្នើមប្រចាំខែ ព្រមទាំងមានរៀបចំកម្មវិធីលៀងសាយភោជនជុំគ្នាជាមួយក្រុមការងារ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ អមទៅដោយការរាំលេងកម្សាន្ដ និងមានការចាប់រង្វាន់នៅចុងកម្មវិធីផងដែរ ។
គួរបញ្ជាក់ថា នៅរៀងរាល់ថ្ងៃសៅរ៍ លោកអ្នកគ្រាន់តែចំណាយ១ដុល្លារ អាចជិះឧបករណ៍កម្សាន្ដដោយសេរី និងគ្មានដែនកំណត់ បន្ថែមពីនោះទៀតនៅរៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ លោកអ្នកគ្រាន់តែចំណាយ២.០០០រៀល អាចជិះឧបករណ៍កម្សាន្ដឥតដែនកំណត់ផងដែរ ៕
ចែករំលែកព័តមាននេះ