ខេត្តបន្ទាយមានជ័យ ៖ សន្តិសុខកាស៊ីណូម្នាក់ត្រូវជនសង្ស័យកាប់នឹងកាំបិតប៉័ងតោឱ្យរបួស កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ កុម្ភៈ ២០១៤ ខណៈសួរនាំរឿងជិះម៉ូតូកៀរគ្នានៅចំណុចបរិវេណកាស៊ីណូផ្កាយ៥ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះអៀម វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខកាស៊ីណូផ្កាយ៥ (Star Vegas) មានទីលំនៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូមកពីទិសខាងជើងស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមជិះគ្នា២នាក់ មិនដឹងយ៉ាងម៉េចស្រាប់តែកៀរម៉ូតូរបស់គេ តែមិនដួលទេ ពេលនោះគេក៏ជិះតាមសួរចង់ដឹងហេតុផលក៏ត្រូវជនសង្ស័យដកកាំបិតប៉័ងតោកាប់ឱ្យរបួស រួចជិះគេចខ្លួនបាត់ស្រមោល។
លោកព្រហ្ម ពិសិដ្ឋ នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទថា បញ្ហានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ