ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ឈ្មោះ ឡេង ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកញ្រ្ចាញ់ ឃុំព្រៅ១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានលបចូលផ្ទះតៀមបំរុងរំលោភប្រពន្ធគេ តែត្រូវប្តីគេទាន់កាប់មួយកាំបិតផ្គាក់ចំក្បាលរងរបួសធ្ងន់ ។
ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ កុម្ភៈ ស្ថិតនៅភូមិស្បែកគឺ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវសមត្ថកិច្ចចុះទៅទាំងយប់។
លោកវរសេនីយ៏ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានប្រាប់ឲ្យដឹងថា ស្របពេលដែលបុរសឈ្មោះ ជុច កាន់ណា អាយុ៣៧ឆ្នាំ កំពុងតែដេកនៅក្នុងផ្ទះតៀមឈើ មួយកន្លែងក្នុងភូមិកើតហេតុ ស្រាប់តែជនសង្ស័យបានលបចូលមកក្នុងផ្ទះរបស់គាត់ ក្នុងចេតនារំលោភប្រពន្ធគាត់ ដោយនឹកស្មានតែប្តីមិននៅផ្ទះ ។
លោកបន្តថា ដោយសារតែបុរសជាប្តីដឹងថាមិនស្រួលក៏ត្រៀមជើងការជាស្រេច គ្រាន់តែជនកំហូចចូលទៅដល់ក្នុងផ្ទះភ្លាម មិនទាន់នឹងបានធ្វើអ្វីផងក៏កាប់១កាំបិតត្រូវក្បាល បណ្តាលឲ្យរងរបួសដេកក្នុងថ្លុកឈាម និងបង្កឲ្យមានការភ្ញាក់
ផ្អើលដល់អ្នកជិតខាង ហើយជនសង្ស័យត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងបន្តទៅសង្រ្គោះនៅរាជធានីភ្នំពេញទាំងយប់ ។
ប្រភពឱ្យដឹងទៀតថា បុរសជាប្តីក្រោយពីកាប់ជនសង្ស័យរួច បានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២០ កុម្ភៈ ក៏ត្រឡប់មកផ្ទះវិញ ហើយត្រូវកម្លាំងប៉ុស្ត៏រដ្ឋបាលឃុំកណ្តោលជ្រុំ ចុះឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក បទបង្ករបួសស្នាម ៕
ចែករំលែកព័តមាននេះ