រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ហៀង សុភក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះឆែកឆេរបន្ទប់ខុនដូរមួយកន្លែង នៅចំណុចផ្ទះលេខ១២៣ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៤ ដោយដកហូតបានកន្សែងពោះគោមានជ្រលក់សារធាតុញៀន ប្រភេទកេតាមីនចំនួន៣៩កន្សែង ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការចុះឆែកឆេរធ្វើឡើង ក្រោយពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វ៉ាយ ភេទប្រុស អាយុ៤៦ឆ្នាំ នៅផ្ទះលេខ៣៦៨ ផ្លូវ១៩៣ សង្កាត់អូឡាំពិក កាលពីថ្ងៃទី២០ មករា ពីបទនាំតុក្កតាចំនួន០៥ មានផ្ទុកសារធាតុញៀនផ្ញើតាមប្រៃសណីយ៍ ទៅប្រទេសអូស្ត្រាលី ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក ហៀង សុភក្រ បានឱ្យដឹងថា មូលហេតុដែលឈានទៅឆែកឆែរបន្ទប់ខុនដូរខាងលើ គឺបន្ទាប់ពីជនសង្ស័យឈ្មោះ វ៉ាន់ វ៉ាយ ដែលឃុំខ្លួនក្នុងពន្ធនាគារព្រៃស បានជួលគេតម្លៃ៣០០០ដុល្លារ ដើម្បីយកកន្សែងពោះគោមានផ្ទុកសារធាតុញៀននោះ ចេញពីខុនដូរ ទើបកម្លាំងជំនាញចុះឆែកឆេរតែម្តង ។ នេះជាករណីទី១ដែលកើតមាននៅកម្ពុជា ៕
ចែករំលែកព័តមាននេះ