ខេត្តកណ្តាល៖ មនុស្ស៣នាក់ដែលបាត់ខ្លួននៅបាតទន្លេ ខណៈផ្ទះ៣ខ្នង ដែលសង់លើច្រាំងទន្លេមេគង្គ បានបាក់ដីស្រុតចូលទៅក្នុងទឹកទន្លេនោះ សពបានផុសអណ្តែតម្នាក់ហើយ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ កុម្ភៈ ។
សពដែលផុសអណ្តែតនោះឈ្មោះ ចេក រស្មី ហៅឈួយ អាយុ១ឆ្នាំ ត្រូវជាចៅ ខណៈម្តាយកូន២នាក់ទៀតមិនទាន់រកឃើញនៅឡើយ។
សូមបញ្ជាក់ថា មនុស្សចំនួន៣នាក់ បានបាត់ខ្លួន ខណៈផ្ទះ៣ខ្នង ដែលសង់លើច្រាំងទន្លេមេគង្គ បានបាក់ដីស្រុតចូលទៅក្នុងទឹកទន្លេ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៨ កុម្ភៈ នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ដែលមូលហេតុបណ្តាលមកពីការបាក់ច្រាំងទន្លេ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល ឱ្យដឹងថា គ្រោះបាក់ច្រាំងទន្លេនេះ បណ្តាលឱ្យលំនៅឋានអ្នកភូមិចំនួន៣ខ្នង ក្នុងនោះមាន១ខ្នង បានស្រុតលិចបាត់ចូលទៅក្នុងទន្លេមេគង្គ និង២ខ្នងទៀត បានស្រុតបាក់ដាច់មួយកំណាត់ក្រោយចូលទៅក្នុងទឹកទន្លេ ។ ក្នុងឧប្បទ្ទវហេតុដ៏សោកសៅនេះ បានប៉ះពាល់ដល់មនុស្សចំនួន៥នាក់ ក្នុងនោះមាន២នាក់សង្គ្រោះទាន់ពេលវេលា ។ ចំណែក៣នាក់ទៀត មិនទាន់រកឃើញនៅឡើយ គឺបាត់ខ្លួនក្នុងទឹកទន្លេជាមួយលំនៅឋានលិចបាត់ ដែលសន្មត់ថាអាចនឹងស្លាប់ ។
មន្ត្រីនគរបាលស្រុក ឱ្យដឹងទៀតថា មនុស្ស៣នាក់ដែលបាត់ខ្លួននៅក្នុងទឹកទន្លេនោះមាន ១-ឈ្មោះ ប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ជាម្តាយ ២-ឈ្មោះ ចេក ព្រិល ភេទប្រុស អាយុ២ឆ្នាំ ជាកូន និង៣-ឈ្មោះ ចេក ឈួយ ភេទប្រុស អាយុ១ឆ្នាំ ត្រូវជាចៅ ។
ទាំង៣នាក់ដែលសន្មត់ថាស្លាប់ គឺជាគ្រួសាររស់នៅក្នុងផ្ទះដែលស្រុតបាក់លិចបាត់ចូលក្នុងបាត ទន្លេ ហើយផ្ទះ១ខ្នងនេះធ្វើពីឈើខាងលើ និងថ្មខាងក្រោម ដែលមានទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ លិចបាត់ក្នុងទឹក ។ ចំណែក២ខ្នងទៀត ដែលប្រេះបាក់ដាច់មួយកំណាត់នោះ គឺធ្វើពីថ្ម និងមានម៉ូតូសេ១២៥ ស៊េរីឆ្នាំ១៩៩៩ មួយគ្រឿង លិចបាត់ក្នុងទន្លេផងដែរ ព្រមទាំងខូចខាត និងបាត់បង់សម្ភារអស់ជាច្រើន ។
ចែករំលែកព័តមាននេះ