មជ្ឈមណ្ឌលវប្បធម៌អីុរ៉ង់ប្រចាំក្រុងបៃរូត រដ្ឋធានីលីបង់ កាលពីថ្ងៃទី១៩ កុម្ភៈ រងការវាយប្រហារអត្តឃាត២ បណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួស១២៩នាក់ ។យោងតាមកងទ័ពលីបង់ថា នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ កុម្ភៈ រថយន្ត១គ្រឿងដឹកគ្រឿងផ្ទុះដល់ទៅ៩០គីឡូក្រាមត្រូវជនអត្តឃាតម្នាក់បើកបំបុកបារ៉ាស់មួយនៅក្បែរមជ្ឈមណ្ឌលវប្បធម៌អុីរ៉ង់នៅ BIR HASSAN ភាគខាងត្បូងក្រុងបៃរូត ។ ស្ទើរតែដំណាលគ្នា រថយន្ត១គ្រឿងទៀតជាមួយគ្រឿងផ្ទុះ៧៥គីឡូក្រាមបើកដោយជនអត្តឃាតម្នាក់ដែរបានផ្ទុះនៅចម្ងាយ៥០ម៉ែត្រពីកន្លែងផ្ទុះលើកដំបូង ។
នេះជាការវាយប្រហារភេរវកម្មលើកទី៩ហើយក្នុងតំបន់ទីតាំងរបស់ក្រុមហេសប៊ុលឡាហ៍ លីបង់ ចាប់តាំងពី ខែកក្កដាមក គឺក្រោយការប្រកាសរបស់ចលនាស៊ីអុីតនោះថា ខ្លួនចូលរួមប្រយុទ្ធជួយខាងកងទ័ពរដ្ឋាភិបាលស៊ីរីប្រឆាំងពួកឧទ្ទាមស៊ុននីត ។ទីភ្នាក់ងារព័ត៌មានអុីរ៉ង់ IRNA អះអាងថា ការវាយប្រហារកើតមាននៅក្បែរការិយាល័យនៃមជ្ឈមណ្ឌលវប្បធម៌អីុរ៉ង់ និងស្ថានីយទូរទស្សន៍អុីរ៉ង់ IRIB ក្រុងបៃរូត ។
រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក WAEL ABOU FAOUR នាល្ងាចថ្ងៃទី១៩ កុម្ភៈ រាយការណ៍ពី មនុស្សស្លាប់៦នាក់ និងរបួស១២៩នាក់ ។ ការវាយប្រហារទាំង២នេះប្រកាសទទួលខុសត្រូវដោយក្រុមជីហាដមួយ គឺក្រុមកងពល ABDALLAH AZZAM ៕
ចែករំលែកព័តមាននេះ