រាជធានីភ្នំពេញ ៖ អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនម្នាក់ និងប្រពន្ធត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ និងកាត់ទោសកាលពីព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៤ ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ ។
លោកសួស សំអាត ប្រធានចៅក្រមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យពីរនាក់ប្តី ប្រពន្ធខាងលើនេះឈ្មោះលុយ វុទ្ធី ហៅបាន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអតីតមន្ត្រីនគរបាលខណ្ឌចំការមន និងប្រពន្ធឈ្មោះអេង លីហៀង អាយុ៣១ឆ្នាំ។
ពួកគេត្រូវបានកាត់ទោសពីបទហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ពាក់ព័ន្ធនឹងករណីជម្លោះពាក្យសម្តីដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងខណ្ឌចំការមន កាលពីអំឡុងចុងខែកុម្ភៈ ២០១៣ និងបានបាញ់ស្ត្រីរងគ្រោះឈ្មោះហាំ ចន្ទ្រា ចំនួន៣គ្រាប់ចំប្រអប់ជើងបណ្តាលឱ្យរងរបួសធ្ងន់។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះលុយ វុទ្ធី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៣ កុម្ភៈ ២០១៣ ចំណែកប្រពន្ធរបស់ជនជាប់ចោទត្រូវចោទប្រកាន់ពីបទផ្សំគំនិត ក្នុងអំពើហិង្សាមានស្ថានទម្ងន់ទោស តែអនុញ្ញាតឱ្យនៅក្រៅឃុំ៕
ចែករំលែកព័តមាននេះ