រាជធានីភ្នំពេញ ៖ បន្ទាប់ពីក្រុមបច្ចេកទេសគណបក្សសង្គ្រោះជាតិជួបចរចាគ្នាជាមួយក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមក នៅព្រឹកថ្ងៃទី១៩ កុម្ភៈ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញមុខបញ្ជាក់ពីគោលជំហរ និងគោលដៅរបស់គណបក្សសង្គ្រោះជាតិក្នុងការជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ។
ការបញ្ជាក់ជំហរនេះធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយមានខ្សែអាត់វីដេអូ រយៈពេល៥នាទីនិង៤៥វិនាទី ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែលដោយទាមទារឱ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ព្រមទាំងទាមទារឱ្យបោះឆ្នោតឡើងវិញ ។
លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិនៅតែគោរពតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ។ ជំហររបស់គណបក្សសង្គ្រោះជាតិដែលទាមទារឱ្យសើរើលទ្ធផលបោះឆ្នោត និងការបោះឆ្នោតឡើងវិញមុនអាណត្តិ គឺទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ។ លោកថ្លែងថា ការជួបពិភាក្សាគ្នារវាងក្រុមបច្ចេកទេសគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះ គឺជាការជួបគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រទេសជាតិ ។ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរក្នុងការស៊ើបអង្កេតការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមក និងទាមទារឱ្យបោះឆ្នោតឡើងវិញ ។ ការប្រកាន់ជំហរនេះ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ។
លោក សម រង្ស៊ី អះអាងថា ការចេញមកបញ្ជាក់គោលជំហរ និងគោលដៅរបស់គណបក្សសង្គ្រោះជាតិក្នុងការជួបជជែកជាមួយគណបក្សប្រជាជនកម្ពុជាពេលនេះ បន្ទាប់ពីមានសាធារណមតិ ជនរួមជាតិ និងកូនក្មួយ បានបញ្ចេញមតិយោបល់ នៅពេលដែលក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន ជួបចរចាគ្នា កាលពីថ្ងៃទី១៨ កុម្ភៈ ២០១៤ ។ លោក សម រង្ស៊ី គូសបញ្ជាក់ថា ការជួបចរចានាពេលនេះ គ្រាន់តែកំណត់របៀបធ្វើការទៅមុខ ដើម្បីកែទម្រង់ការបោះឆ្នោត ។ ការបោះឆ្នោតពេលណា គឺអាស្រ័យលើការចរចាដំណាក់កាលលើកក្រោយ ។ តែបើបោះឆ្នោតឆាប់ពេលណា កាន់តែល្អកាលនោះ ដោយមិនចាំបាច់ដល់៥ឆ្នាំ ឬក៏៤ឆ្នាំកន្លះនោះទេ ហើយការបោះឆ្នោតលើកក្រោយនេះ ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវ ។ លោក សម រង្ស៊ី បានបន្តថា ការបោះឆ្នោតពេលណាក៏ដោយនៅលើកក្រោយនេះ គឺ យើងត្រូវគិតគូរតាំងពីពេលឥឡូវនេះ គឺគិតមុនពេលកំណត់ថ្ងៃបោះឆ្នោត ដូច្នេះឥឡូវនេះ យើងត្រូវជជែកគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ។ ការបោះឆ្នោតនៅថ្ងៃមុខ យើងកំណត់កាន់តែឆាប់កាន់តែល្អ មិនរង់ចាំពេលដល់អាណត្តិទេ ។ លើកក្រោយគង់តែមានការកំណត់ថ្ងៃបោះឆ្នោតទេ មិនថា២ឆ្នាំ ឬ១ឆ្នាំ យើងមិនត្រូវអូសបន្លាយពេលវេលាទេ ព្រោះប្រសិនបើការអូសបន្លាយកាន់តែយូរនោះ ការបោះឆ្នោតតាមអាណត្តិនឹងមកដល់ ពេលនោះយើងគ្មានពេលវេលាទេ ។
លោក សម រង្ស៊ី បញ្ជាក់ថា ការជជែកគ្នាពេលនេះ ជាការចាប់ផ្តើមយន្តការកំណែទម្រង់ការបោះឆ្នោត ។ ការជជែកលើកក្រោយ ត្រូវបើកចំហ ទូលំទូលាយ ឱ្យមានសង្គមស៊ីវិល ប្រជាពលរដ្ឋចូលរួមជជែក បញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោត ។ នេះគ្រាន់តែជាជំហានទី១ ប៉ុន្តែនឹងមានដំណាក់កាលបន្តបន្ទាប់ទៀត ។
ចំពោះការប្រកាន់ជំហររបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលទាមទារឱ្យមានការបោះឆ្នោតមុនអាណត្តិ និងស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ត្រូវបានលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា លើកឡើងថា ជាការហួសពេលសម្រាប់គណបក្សសង្គ្រោះជាតិ ព្រោះថារដ្ឋធម្មនុញ្ញបានចែងច្បាស់ថា រដ្ឋសភាមានអាណត្តិ៥ឆ្នាំ ហើយរដ្ឋសភាមិនមាននរណាម្នាក់រំលាយសភាមុនអាណត្តិបានឡើយ សូម្បីតែព្រះមហាក្សត្រក្តី នាយករដ្ឋមន្ត្រីក្តី ឬសភាខ្លួនឯងក្តីក៏មិនអាចរំលាយបានដែរ ។ ការទាមទាររបស់មេបក្សសង្គ្រោះជាតិគឺជារំលោភរដ្ឋធម្មនុញ្ញ និងប្រជាពលរដ្ឋដែលបានគាំទ្របោះឆ្នោតឱ្យបក្សរបស់ខ្លួនរួចហើយ ។
លោក ជាម យៀប បន្តថា ករណីដែលរំលាយរដ្ឋសភាបាន លុះត្រាតែរដ្ឋាភិបាលត្រូវរំលាយពីរដងក្នុងរយៈពេល១២ខែ ហើយនៅពេលដែលរំលាយរួច ព្រះមហាក្សត្រសម្រេចឱ្យមានការរៀបចំការបោះឆ្នោតសាជាថ្មី តែក៏ត្រូវមានការយល់ព្រមពីប្រធានរដ្ឋសភាដែរ ។ ដូច្នេះ គ្មានច្បាប់ណាមួយដែលបង្ហាញពីការបោះឆ្នោតមុនអាណត្តិដូចអ្វីដែលគណបក្សសង្គ្រោះជាតិចង់បាននោះទេ ។ លោក ជាម យៀប បានស្នើសុំឱ្យសមាជិកសភាខាងគណបក្សសង្គ្រោះជាតិចំនួន៥៥រូបចូលទៅសច្ចាប្រណិធានចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងចំពោះព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ដើម្បីទទួលបានជាសមាជិកសភាពេញលក្ខណៈសិន ទើបចង់ធ្វើអ្វីក៏ធ្វើទៅ ព្រោះវេទិការបស់រដ្ឋសភាជាវេទិកាសាធារណៈដែលតំណាងរាស្ត្រទាំងអស់អាចបញ្ចេញមតិយោបល់បាន ។ ទោះជាយា៉ងណាក្តី លោក ជាម យៀប បានសាទរចំពោះជំនួបចរចាជាថ្មី ពិសេសនោះគាំទ្រកិច្ចពិភាក្សារបស់ក្រុមការងារ កាលពីថ្ងៃទី១៨ កុម្ភៈ រហូតដល់ទទួលបានការយល់ព្រមចំនួន៣ចំណុចនាពេលថ្មីៗនេះ ។
គួរបញ្ជាក់ថា កិច្ចប្រជុំបិទទ្វាររវាងក្រុមការងារគណបក្សសង្គ្រោះជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចំណាយពេលជាង២ម៉ោង កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រុំ សុខា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ បានព្រមព្រៀងបង្កើត៖ទី១-គណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នា មកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ។ ទី២-គណៈកម្មការចម្រុះនោះ នឹងត្រូវរៀបចំឱ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយឱ្យមានការចូលរួមយោបល់ និងអនុសាសន៍នានាពីគ្រប់មជ្ឈដ្ឋាន ។ ទន្ទឹមនឹងនេះ ក្រុមការងារគណបក្សទាំងពីរ ក៏បានព្រមព្រៀងថា ត្រូវបង្កលក្ខណៈឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់សម្រាប់ការកែទម្រង់ការបោះឆ្នោតជាអាទិ៍តាមរយៈវេទិកាសាធារណៈ ។
ទី៣-ក្នុងកិច្ចដំណើរការ នៃកំណែទម្រង់ការបោះឆ្នោតនេះ គណបក្សជាប់ឆ្នោតទាំងពីរក៏បានព្រមព្រៀងថា ត្រូវបង្កលក្ខណៈឱ្យមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិនានា ៕
ចែករំលែកព័តមាននេះ