ខេត្តស្ទឹងត្រែង ៖ កសិករនៅឃុំត្បូង និងខ្លាឃុំអូម្រះ ស្រុកសៀមបូកខេត្តហាក់ដូចមិនជោគជ័យលើរបរកសិកម្មចិញ្ចឹមសត្វកង្កែបរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលទាមទារការ សិក្សាស្វែងរកបច្ចេកទេសបន្ថែម ដើម្បីបង្កាត់ពូជទ្រទ្រុងផ្នែកសេដ្ឋកិច្ច ។
លោក ហោ សុភណ្ឌ អ្នកចិញ្ចឹមកង្កែបស្ថិតនៅឃុំអូរម្រះបានលើកឡើងថា រយៈពេល៤ឆ្នាំមកហើយការចិញ្ចឹមកង្កែបសហគមន៍នេះមិនទាន់បង្កាត់ពូជបានជោគជ័យនៅនិងកន្លែងផ្ទាល់ឡើយ ដែលជាបញ្ហាធ្វើឱ្យសហគមន៍ចំណាយថវិកា និងពេលវេលាទៅទិញកូនកង្កែប និងពូជ ពីខេត្តបន្ទាយមានជ័យមកចិញ្ចឹមបំប៉នសាច់ជារៀងរាល់ឆ្នាំ ។ លោកបន្តថា ការនាំពូជមកពីឆ្ងាយធ្វើឱ្យសមាជិកសហគមន៍ខាតបង់ប្រាក់ចំណាយក្នុងការទិញពូជកង្កែប និងកម្លាំងពលកម្មថែទាំ ហើយពេលបានផលសម្រេចលក់ទៅកាន់ទីផ្សារបានប្រាក់ចំណូលតិចតួចស្ទើរមិនរួចថ្លៃដើមគ្មានប្រាក់បង់ចូលសហគមន៍ ។
កសិកររូបនេះបន្ថែមថា កត្តានេះបានបង្កផលប៉ះពាល់ដល់អារម្មណ៍សមាជិកសហគមន៍ព្រោះបច្ចុប្បន្នការចិញ្ចឹមមាន់ ទា ជ្រូក បង្កើតសួនបន្លែ និងចិញ្ចឹមឃ្មុំ ត្រូវបានបរាជ័យរួចទៅហើយ នៅតែកង្កែបនេះមួយទេដែលសហគមន៍នៅបន្តការព្យាយាមរិះរកបច្ចេកទេសបន្ថែមទៀតដើម្បីជាបទពិសោធន៍ ។
ស្រី្តកសិកម្នាក់ទៀតមានឈ្មោះញាន ខាំប៉ ជាអ្នកថែទាំកង្កែបនេះដែរ បានបញ្ជាក់ថា សមាជិកក្នុងសហគមន៍មិនចង់បាត់បង់មុខរបរនេះទៀតទេ ដូចនេះពួកគាត់ស្នើដល់ផ្នែកអង្គការដៃគូ និងមន្ត្រីជំនាញផ្នែកបច្ចេកទេសខាងកសិកម្មជួយផ្តល់នូវបច្ចេកទេស ដើម្បីបង្ហាត់បង្ហាញឱ្យដំណើរការចិញ្ចឹមកង្កែបនេះទទួលបានផលច្រើន ព្រោះបច្ចុប្បន្នសូម្បីតែចំណីក៏ត្រូវបញ្ជាទិញពីខេត្តបន្ទាយមានជ័យមកដែរ ។
ស្រី្តដដែលនេះបន្តថា ការចិញ្ចឹមកង្កែបនេះសហគមន៍បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៦ ហើយមុខរបរនេះមានទីផ្សាងាយស្រួលលក់ជាងការចិញ្ចឹមត្រី ដោយក្នុងមួយគីឡូក្រាមស្រស់ មានតម្លៃ៨.០០០រៀល និងសម្អាតហើយតម្លៃ១២.០០០រៀល ។
គួរបញ្ចាក់ថា សហគមន៍កសិកម្មឃុំអូរម្រះមានសមាជិកចំនួន១៤៧នាក់ បានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមការគាំទ្រពីអង្គការមួយ ដើម្បីកែប្រែជីវភាពកសិករឱ្យរីកចម្រើនតាមរយៈការចិញ្ចឹមសត្វបង្កើតសួនបន្លែរៀបចំឱ្យមានប្រាក់កម្ចីសម្រាប់សមាជិកជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ