រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងមនុស្សប្រុសស្រី ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹងនៅចំណុចផ្លូវកែង លុះពេលមានរថយន្ត ១គ្រឿង មកដល់បានបុក និងកិនតែម្តង រួចបើករត់គេចខ្លួនបាត់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ កុម្ភៈ ២០១៤ មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌ្រីមC125 ស៊េរី០៩ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1H-7686 ជិះដោយបុរស ៣នាក់ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ខណៈមកដល់កែងផ្លូវវិមានតុប មានម៉ូតូឌ្រីមC125 ស៊េរី០៨ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1T-7891 ជិះគ្នា ៣នាក់ (ស្រី២ ប្រុស១) បើកមកឆ្លងផ្លូវ ក៏បានបុកចំពេញទំហឹងតែម្តង។
ស្របពេលនោះ មានរថយន្តកូរ៉េដឹកទឹកកក ១គ្រឿង ដែលធ្វើដំណើរពីលិចទៅកើតមកដល់ បានបុក និងកិនមនុស្ស ២នាក់ (ប្រុស) ស្លាប់ៗ នៅនឹងកន្លែង និងបណ្តាលឲ្យមនុស្សប្រុសស្រី ៤នាក់ ទៀតរងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ឯសពសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក ម៉ូតូទាំង ២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ៕
ចែករំលែកព័តមាននេះ