ខេត្តប៉ៃលិន ៖ លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៤ បានអញ្ចើញចុះទៅអធិការដ្ឋាននគរបាល និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ លុះនៅវេលាម៉ោង ២រសៀល ថ្ងៃដដែល បានចុះទៅអធិការដ្ឋាននគរបាលក្រុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីត្រួតពិនិត្យបញ្ជីបណ្តឹង បញ្ជីនៃការឃាត់ខ្លួន ចំណាត់ការផ្សេងៗ និងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់មន្រ្តីនគរបាលយុត្តិធម៌ តាមការណែនាំរបស់ ឯកឧត្តម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងធ្វើការប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងការងាររបស់មន្រ្តីនគរបាលទាំងអស់ឲ្យអនុវត្តតាមនីតិព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ខណៈចុះទៅដល់អធិការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ លោក ជុំ សែនសទ្ធា បានមានប្រសាសន៍ណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ឲ្យអនុវត្តតាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ព្រមទាំងបានធ្វើការណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ធ្វើការរាយការណ៍ជូនព្រះរាជអាជ្ញា រាល់ពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស ដូចជាការឆែកឆេរ ការចាប់ឃាត់ខ្លួនជាដើម គឺត្រូវតែរាយការណ៍ជូនលោកព្រះរាជអាជ្ញា ដើម្បីជៀសវាងកំហុសពីនីតិវិធី និងការមោឃភាព។
បន្ទាប់មកទៀត លោក ជុំ សែនសទ្ធា បានធ្វើការពិនិត្យបញ្ជីបណ្តឹង បញ្ជីឃាត់ខ្លួន និងបញ្ជីនានា ព្រមទាំងទីកន្លែងឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុក ក៏ដូចជានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ហើយលោកក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ឲ្យធ្វើការចុះបញ្ជីបណ្តឹង បញ្ជីឃាត់ខ្លួន និងសៀវភៅផ្សេងៗទៀត ដែលបាននិងកំពុងប្រើប្រាស់នៅអធិការដ្ឋាននគរបាលស្រុក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ឲ្យបានល្អប្រសើរ ដើម្បីជៀសវាងនូវការបាត់បង់ឯកសារ និងសំណុំរឿង ព្រមទាំងងាយស្រួលតាមដានសកម្មភាពការងារសំខាន់ៗ ដែលត្រូវប្រឈម។
នៅរសៀលនោះដែរ លោក ជុំ សែនសទ្ធា ក៏បានចុះទៅត្រួតពិនិត្យនៅក្នុងអធិការដ្ឋាននគរបាលក្រុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន ដើម្បីធ្វើការត្រួតពិនិត្យបញ្ជីផ្សេងៗ ទីកន្លែងឃាត់ខ្លួន និងធ្វើកិច្ចប្រជុំ ដើម្បីពង្រឹងការងារមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់នៅក្នុងក្រុងប៉ៃលិន៕
ចែករំលែកព័តមាននេះ