ខេត្តកំពង់ស្ពឺ ៖ ពេលនេះ មហាជនទូទៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ កំពុងមានការភ្ញាក់ផ្អើល ដែលមានគ្នារាប់រយនាក់ បាននាំគ្នាទៅមើលឥសីដែលដុះជាប់នឹងប្រហោងដើមអម្ពិល ខណៈដែលចៅអធិការវត្តបង់បត់ បានឱ្យអារដើមអម្ពិលហូបផ្លែដ៏ធំមួយដើម នៅក្នុងទីវត្ត ក៏ប្រទះឃើញតាឥសីដុះពកនៅក្នុងប្រហោងដើមអម្ពិលនោះ មានវិជ្ឈមាត្រជាង៤០សង្ទីម៉ែត្រ (៤តឹក) ។
ការប្រទះឃើញនេះ បានធ្វើឱ្យមហាជនមកពីទីជិត ទីឆ្ងាយយ៉ាងច្រើនកុះករ មកមើល ហើយនាំគ្នាសុំទឹកមន្តដែលពួកគាត់មានជំនឿថា ស័ក្តិសិទ្ធិ ធ្វើឱ្យត្រជាក់ត្រជំ និងសេចក្តីសុខ ព្រមទាំងនាំគ្នាចូលជាបច្ច័យផងដែរ ។ ចៅអធិការវត្តបង់បត់ ភិក្ខុ ចិត ម៉ៅ ដែលគង់គ្រប់គ្រងវត្តនេះជាង១៧វស្សាមកហើយ មានថេរដីកាថា ពុំមែនជារឿងបន្លំយករូបឥសីទៅដាក់ក្នុងប្រហោងដើមអម្ពិល ក្នុងចេតនាធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះទេ ប៉ុន្តែប្រមាណជាង១ខែមុន ព្រះអង្គបានឃើញដើមអម្ពិលដ៏ធំដែលដុះក្នុងទីវត្តប៉ែកខាងលិចកុដិ ដុះបែកជាពីរទំហំមិនតិចជាងមួយឱបទេ ហើយដុះទេរទៅម្ខាងទៀត ។ ហេតុនេះហើយ ទើបព្រះអង្គ បានចាត់ព្រះសង្ឃក្នុងវត្ត ឱ្យអារកាប់ដើមអម្ពិលនេះចេញ ខ្លាចបាក់រលំប៉ះកុដិផង និងមានគម្រោងធ្វើកុដិថ្មីបន្ថែមផង ។
ការកាប់អារដើមអម្ពិលនេះ ក៏មានពុទ្ធបរិស័ទចំណុះជើងវត្ត ជួយជាកម្លាំងផងដែរ ។ ចៅអធិការវត្ត មានថេរដីកាបន្តថា ព្រះអង្គបានពឹងឱ្យឈ្មោះ សឿង សុខឡេង ហៅឆាវ អាយុ២៩ឆ្នាំ ជាអ្នកកាន់ម៉ាស៊ីនត្រង់សឺន័រ មកជួយអារដើមអម្ពិលនេះ ។ ខណៈពេលអាររលំហើយ ក៏កាត់មែកអស់ រួចអារជាកំណាត់ៗបានតែចំនួន២កង់ ម៉ាស៊ីនក៏គាំងបាក់រណារ អារពុំដាច់សោះ ទោះបីប្តូររណារថ្មីក៏ដោយ ។ ដោយសារតែបាក់ផ្លែរណារច្រើនលើក ច្រើនសាពេក ទើបព្រះអង្គ និងប្រជាពលរដ្ឋ នាំគ្នាអុជធូបបន់ស្រន់ ព្រោះចម្លែកពេក ទើបអារបន្តបន្តិច ក៏ដាច់រណារទៀត ។ លុះពិនិត្យក្នុងប្រហោងដើមអម្ពិលឃើញអ្វីម្យ៉ាងធំជាងកដៃមនុស្សចាស់ ក៏ផ្តើមបួងសួងម្តងទៀត និងអារតិចៗដើម្បីយកកង់ឈើដែលមានវត្ថុចម្លែកនេះ ស្រាប់តែប្រទះឃើញពកឈើមានរាងដូចតាឥសីកាន់ឈើច្រត់ ក៏នាំគ្នាភ្ញាក់ផ្អើលយកទឹកមកលាងសម្អាតក្នុងប្រហោងដើមអម្ពិលនោះ ហើយនាំគ្នាលើកទៅទុកក្នុងកុដិរបស់ព្រះអង្គជាចៅអធិការ ។ ប៉ុន្តែដោយខ្លាចមានអ្វីមកប៉ះពាល់ ឬគេមកប្លន់នោះ ទើបព្រះអង្គលាក់ទុកក្នុងកុដិអុជធូបរាល់ថ្ងៃ ។ យ៉ាងណាក៏ដោយ រឿងរ៉ាវនេះ លាក់ពុំជិតពីស្រទាប់មហាជនដែលបានឃើញកាលពីថ្ងៃកាប់ដើមអម្ពិលនោះទេ ហើយក៏លេចឮដំណឹងតៗគ្នា ទើបមានការភ្ញាក់ផ្អើលនាំគ្នាមកមើល ។ តាំងពីថ្ងៃទី១៧ កុម្ភៈ មក ប្រជាពលរដ្ឋចេញចូលមិនដាច់នៅក្នុងវត្តបង់បត់នេះ ដោយមកសុំទឹកមន្តយកទៅលាបមុខមាត់ សុំភាពត្រជាក់ត្រជំ ទៅតាមជំនឿពីបុរាណមក លើវត្ថុចម្លែកបែបនេះ ។
រូបពកដុះក្នុងដើមអម្ពិលនេះ គឺដុះភ្ជាប់នឹងដើមក្នុងរន្ធប្រហោងដើមអម្ពិល ដែលមានវិជ្ឈមាត្រ៤០សង្ទីម៉ែត្រ (៤តឹក) មានរូបរាងដូចជាតាឥសីកាន់ឈើច្រត់ ទំហំប៉ុនកដៃមនុស្ស កម្ពស់ជិតកន្លះម៉ែត្រ មានសណ្ឋានដុះពុកមាត់ និងឈើច្រត់ក្នុងដៃផងដែរ ។ ព្រះចៅអធិការមានថេរដីកាថា ពុទ្ធបរិស័ទដែលមានវ័យចំណាស់ក្នុងស្រុកបានប្រាប់ពីដើមអម្ពិលនេះថា មានអាយុមិនតិចជាង១សតវត្សទេ ។ ព្រះអង្គមានលំនៅឋានក្នុងស្រុកនេះតាំងពីនៅក្មេងពុំទាន់បួស ហើយជំនាន់ លន់ នល់ ឆ្នាំ១៩៧០ ឃើញដើមអម្ពិលនេះនៅជ្រងោធំទៅហើយ ។ ផ្ទះព្រះអង្គនៅក្នុងភូមិអូរក្រោម ឃុំព្នាយ ពុំឆ្ងាយពីវត្តទេ ។ សម័យទម្លាក់គ្រាប់បែកជំនាន់ លន់ នល់ ក៏មានការទម្លាក់ត្រូវវិហារ និងកុដិ ត្រូវបំណែកគ្រាប់តូចៗឡើងសុស ប៉ុន្តែដើមអម្ពិលនេះពុំមានគ្រាប់ណាប៉ះឱ្យបាក់មែក ឬបាក់ដីក្បែរគល់ទេ ។ នេះប្រហែលជាបារមីវត្តតាំងពីសម័យបង្កើតវត្តមក ។ គេនិយាយថា វត្តបង់បត់មានបារមីខ្លាំងពូកែ សូម្បីតែសត្វតូចធំ ក៏ពុំហ៊ានហើរកាត់វត្តដែរ ។
ក្នុងសម័យបច្ចុប្បន្ន ប្រមាណជា៤ឆ្នាំ ទៅ៥ឆ្នាំមុន មានអ្នកយកត្រាក់ទ័រមកកាយរកកំណប់មាសនៅទីនេះដែរ ដែលការកាយក្នុងវត្ត គឺអ្នកមានអំណាចប្រដាប់ដោយអាវុធ ប៉ុន្តែពុំដឹងថា គេរកឃើញអ្វីខ្លះនោះទេ ៕
ចែករំលែកព័តមាននេះ